ស្ថានទូត​អាម៉េរិក​ព្រមាន​អំពី​ការវាយប្រហារ​បន្ថែម​នៅ​ស្រីលង្កា ខណៈ​ចំនួន​មនុស្ស​ស្លាប់​ត្រូវ​កែ​ពី​ជាង​៣០០​មក​ជាង​២០០

182
ចែករម្លែក

​ស្ថានទូត​អាម៉េរិក​បាន​អំពាវនាវ​ឲ្យប្រជាជន​នៅ​ឆ្ងាយ​ពី​ហ្វូង​មនុស្ស​និង​ទីសក្ការៈ​នានា​។​មុន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​ចុង​សប្តាហ៍ បណ្តា​សេវា​ស៊ើប​ការណ៍​​បាន​ព្រមាន​អាជ្ញាធរ​ស្រីលង្កាអំពី​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​អាច​កើតមាន តែ​ផ្នែក​ចារកម្ម​នៃ​ប្រទេស​នេះ​ខកខាន​មិន​បាន​ចាត់​វិធា​ការទប់ស្កាត់​ទៅ​តាម​ការ​ព្រមាន​។​

​ឥឡូវ​ជាថ្មីទៀត ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា ស្ថានទូត​អាម៉េរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ព្រមាន​អំពី​លទ្ធភាព​វាយប្រហារ​ភេរវកម្ម​បន្ថែម​ទៀត​នៅ​ចុង​សប្តាហ៍​​នេះ ដោយ​សំអាង​លើ​ប្រភព​ព័ត៌មាន​ស្រីលង្កា។​

​ស្ថានទូត​បាន​និយាយថា​« អាជ្ញាធរ​ស្រីលង្កាបាន​រាយការណ៍​ថា ការវាយប្រហារ​បន្ថែម​អាច​កើតមាន ដោយ​ផ្តោត​លើ​ទីកន្លែង​សក្ការៈ​បូជា​។​ចូរ​ជៀសវាង​កន្លែង​ទាំងនេះ​នៅ​ចុង​​សប្តាហ៍​នេះ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​ទី​២៦​មេសា​ទៅ​ដល់​ថ្ងៃអាទិត្យ​ទី​២៨​មេសា​។​ចូរ​បន្ត​ប្រយ័ត្នប្រយែង​និង​ជៀសវាង​ហ្វូង​មនុស្ស​ធំៗ​»​។​

​ការព្រមាន​នេះ​បាន​កើត​ឡើង​ក្រោយ​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដំណាលគ្នា​លើ​ព្រះវិហារ​គ្រិស្ត​និង​សណ្ឋាគារ​ប្រណីតៗ​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​។​អាជ្ញា​​ធរ​ពីដំបូង​បាន​រាយការណ៍​ថា មនុស្ស​៣៥៩​នាក់​បាន​ស្លាប់​ពី​ការវាយប្រហារ តែ​បាន​បញ្ចុះ​ប្រមាណ​១០០​នាក់​វិញ​ដោយ​លើក​ហេតុផល​ថា ពិបាក​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដោ​​យ​សារ​សាកសព​បែកខ្ញែក​ដោយ​សារ​កម្លាំង​ផ្ទុះ​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន មន្ត្រី​ចារកម្ម​ឥណ្ឌា​បាន​ព្រមាន​អាជ្ញាធរ​ស្រីលង្កាអំពី​ការវាយប្រហារ​តាំងពី​ថ្ងៃ​៤​មេសា ហើយ​នៅ​ថ្ងៃ​១១​មេសា មន្ត្រីប៉ូលិស​ស្រីលង្កាម្នាក់​បាន​​បញ្ជូន​កំណត់ហេតុ​មួយ​ទៅ​កាន់​បណ្តា​ទីភ្នាក់ងារ​សន្តិសុខ​របស់​ប្រទេស ដោយ​បង្ហាញ​អំពី​ការ​គំរាម​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​លម្អិត ដោយ​មាន​ទាំង​ឈ្មោះ អាស​យដ្ឋា​ន​និង​លេខ​​ទូរស័ព្ទ​ជនសង្ស័យ​។​ទោះជា​យ៉ាងណា មន្ត្រី​សន្តិសុខ​ជាច្រើន​មិន​បាន​ឃើញ​កំណត់​ហេតុ​នេះ​ទេ​។​

​ប្រធានាធិបតី​ស្រីលង្កា បាន​បន្ទោស​រដ្ឋមន្ត្រី​ការពារជាតិ​និង​មេ​ប៉ូលិស​អំពី​ការ​មិន​បាន​ចាត់វិធានការ​ស្របតាម​ការព្រមាន និង​បាន​អំពាវនាវឲ្យ​ពួកគេ​ចុះចេញ​ពី​តំណែង​។​​បើ​តាម​របាយការណ៍​សារព័ត៌មាន​The New York Times រដ្ឋមន្ត្រី​ការពារជាតិ ហេ​ម៉ា​ស៊ី​រី ហ្វែរ​ណង់​ដូ បាន​លាឈប់​ហើយ​។​

​ការវាយប្រហារ​នេះ​ត្រូវ​បាន​បន្ទោស​លើ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ក្នុងស្រុក​ដែល​គេ​មិនសូវ​ស្គាល់​មួយ​ឈ្មោះថា​National Thowheeth Jama’ath (“National Monotheism Organization”)​ដែល​សច្ចា​ស្មោះត្រង់​ចំពោះ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម ដែល​ក៏បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​៕​ដោយ​៖​វាសនា​/Ha

នាយករដ្ឋមន្ត្រី​ស្រីលង្កាព្រមាន​ថា​នៅ​មាន​គ្រឿង​ផ្ទុះ​និង​ភេរវជន​ច្រើន​ទៀត​នៅ​មិនទាន់​រឹបអូស​និង​ចាប់ខ្លួន​នៅឡើយ​ក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​មុន​