ស្ថានភាព​គ្រោះថ្នាក់​ដោយសា​រ​មីន​និង​យុទ្ធ​ភ​ណ្ឌ​នៅ​ខេត្តបន្ទាយមានជ័យ​មិន​ថយចុះ​ទេ​

538
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ : ស្ថានភាព​គ្រោះថ្នាក់​ដោយសា​រ​មីន​និង​យុទ្ធ​ភ័​ណ្ឌ​នៅ​ខេត្ត បន្ទាយមានជ័យ​មិន​ថយចុះ​ទេ ។ នេះ​បើតាម​មន្ត្រី​ពាក់ព័ន្ធ​លើកឡើង ​ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុ​ទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​២០១៨- ២០២៥ នៅ​ថ្នាក់ក្រោម​ជាតិ ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ។​

លោក ​វី រ៉ានី​ន អនុប្រធាន​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត​ឬ​ម៉ា​ពូ​ខេត្តបន្ទាយមានជ័យឲ្យដឹងថា​ តាម​ទិន្នន័យ​អង្គភាព​គ្រប់​គ្រង់​ទិន្នន័យ​ជនរងគ្រោះ​ដោយសារ​មីន​និង​យុទ្ធ​ភ័​ណ្ធ​(CMVIS )​ប្រចាំខេត្ត​បន្ទាយមានជ័យ​​បាន​ឲ្យ​ដឹងថា​ ក្នុង​៨​ខែ​ឆ្នាំ​២០១៨​នេះ នៅ​ខេត្តបន្ទាយមានជ័យ មានការ​គ្រោះថ្នាក់​ដោយ​មីន​និង​យុទ្ធ​ភ​ណ្ឌ​ចំនួន៤​ករណី​ក្នុងនោះ​មាន​២​ករណី ដែល​បាន​បង្ក​ឲ្យ​ជនរងគ្រោះ​ស្លាប់​០១​នាក់ និង​របួសធ្ងន់​ស្រាល ០២​នាក់​និង​០២​ករណី​ទៀត បណ្ដាល​ឲ្យ​ស្លាប់​គោ​០២​ក្បាល និង​ខូច​ខាត់​ដាច់​ច្រា​វ៉ា​ក​គ្រឿងចក្រ​កំទេច​មីន ១​គ្រឿង​។

លោក​បន្តថា ​តួលេខ​នេះ​បង្ហាញថា ចំនួន​គ្រោះថ្នាក់​នៅ​បន្ត​កើតមាន​ប្រហែល​ឆ្នាំកន្លងមក ហើយ​ជាស​ញ្ញ​ថា បញ្ហា​ប្រឈម​និង​គ្រោះថ្នាក់​ដោយសារ​មីន​និង​យុទ្ធ​ភ័ណ្ឌ​នៅតែមាន ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​អនុប្រធាន​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត​ឬ​ម៉ា​ពូ​ខេត្ត​បាន​លើកឡើងថា  រយៈពេល​០៨​ខែ​កន្លងមកនេះ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បោស​ស​ម្អា​ត​មីន​បាន​ចំនួន​ជាង៩០០​ហិកតា ដែល​បាន​រកឃើញ និង​កំទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន១៦៥១គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ចំនួន​១៨៦៥ គ្រាប់ ។​

លោក​បន្តថា  ចំពោះមុខមន្ត្រី​និង​អ្នកពាក់ព័ន្ធ​ត្រូវ​ពិ​និ​ត្យ សិក្សា​និង​ពិភាក្សា​អោយ​ច្បាស់លាស់ ស៊ី​ជម្រៅចំ​បញ្ហា​​លើ​ការកសាង​ផែនការ​សកម្មភាព​បោសសម្អាត​មីន​។ ក្នុងនោះ ក៏បា​ន​ទៅ​ជ្រើសរើស​ភូមិ​គ្មាន​មីន (Free Mine Village ) អោយបាន​នៅ​ឆ្នាំនេះ ។​

លោក ចៅ ឡាយ អគ្គលេខាធិការរង​អា​ជ្ញ​ធរ​មីន​មានប្រសាសន៍ថា  អាជ្ញាធរ​មីន​មាន​តួនាទី និង​ភារកិច្ច​ធ្វើ​និយ័តកម្ម សម្របសម្រួល​និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​នៅក្នុង​វិស័យ​សកម្មភាព​មីន​នៅ​ទូទាំងប្រទេស​កម្ពុជា ។ វិស័យនេះ​មាន​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​ចំនួន​២ គឺ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) និង​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​គ្រប់​គ្រង់​កម្លាំង​រក្សា​សន្តិសុខ បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​ប្រតិបត្តិ​ករ​អន្តជាតិ​រួមមាន  អង្គការ​MAG , អង្គការ​HALO Trust ,​អង្គការ JMAS ,​អង្គការ​NPA , អង្គការ APOPO ព្រមទាំង​មាន​អង្គការ​ដោះមីន CSHD ដែល​ផ្តល់​ការអបរំ​អំពី​ហា​នី​ភ័យ​ដោយសារ​មីន និង​ជំនួយ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​មីន ៕B