ស្ថានភាព​ជំនន់​ទឹកទន្លេ​មេគង្គ​រក​ថ្ងៃ​ធូរស្រាល​មិនទាន់​ឃើញ​

1027
ចែករម្លែក
  • 85
    Shares

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​បាន​ធូរស្រាល​បន្តិច​តែ​ធ្ងន់ធ្ងរ​នៅ​តំបន់​អាង​ទន្លេមេគង្គ ដែល​នាំ​ឲ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​ដោយ​សង្កត់ធ្ងន់​ទៅលើ ជំនន់​ទឹកទន្លេ​មេគង្គ​ដ៏​រ៉ាំរ៉ៃ​ជិត​មួយខែ​កន្លងទៅនេះ​។​

ទិដ្ឋភាពភ្លៀងនៅខេត្តឧត្តរមានជ័យ(រូបក្រសួងធនធានទឹក)

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​ថា​ជំនន់​ទឹកភ្លៀង​នៅ​ស្ទឹង​ព្រែក​ត្នោត​និង​ស្ទឹង​សង្កែ​បាន​ស្រក​ផុតពី​ការព្រួយ​បារម្ភ​ហើយ​។​ឯ​ស្ថានភាព​អាកាសធាតុ​ក៏បាន​វិល​មករក​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​៤​ទៅ​៥​ថ្ងៃនេះ​។​

​ទោះជា​យ៉ាងណា​មន្ត្រី​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ភ្លៀង​នៅ​កម្ពុជា​បាន​ធូរស្រាល​តែ​សម្រាប់​តំបន់​អាង​ទន្លេមេគង្គ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​នឹង​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជាថ្មី​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​បន្ទាប់ពី​បាន​ស្រក​ចុះ​បន្តិច​នៅពេលនេះ​។​

បាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាវេលាយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨

​ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហា​អាកាសធាតុ​នៅ​តំបន់​អាង​ទន្លេមេគង្គ នៅ​ថ្ងៃទី​២៤​ខែសីហា​នេះ ក្រសួង បាន​ជូនដំណឹង​ថា​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បានកើត​ឡើង​នៅលើ​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ។ ទន្ទឹមនេះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាននិងកំពុង​ទទួលរ​ង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ ។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​យោងតាម​ការព្យាករណ៍​ថា តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​បណ្ដា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​អាច​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​បណ្ដា​រាជធានី​-​ខេត្ត​ដទៃទៀត ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។
​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ចាប់ពី​តំបន់​ស្ថានីយ​តម្រងទឹក​ភ្លៀង​-​ជលសា​ស្ត្រ នគរ​ភ្នំ (​ខ្សែវ័ណ្ឌ​ទី​១៧​នៃ​រយៈទទឹង​ខាងជើង )​ទៅ​ទិស​ខាងជើង អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ។ ការធ្លាក់​ភ្លៀង​នេះ អាច​នឹង​បង្ក​ឱ្យ​ទឹកទន្លេ​មេគង្គ ហក់​ឡើង​ជាថ្មី​ម្តងទៀត ។​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​លើ​បាតុភូតធម្មជាតិ​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយនឹង​ជម្រាបជូន​នូវ​ព័ត៌មាន​ជា​បន្តបន្ទាប់​បន្ថែមទៀត ។​
​យោងតាម​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រាប់​ថ្ងៃទី​២៤​ខែសីហា​បានបង្ហាញ​ឲ្យ​ឃើញថា នៅ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​១០,៥២​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៣​ខែសីហា​០,២៦​ម៉ែត្រ​(​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​១០,៧០​ម៉ែត្រ​) នៅ​ក្រចេះ​ទឹក​មាន​កម្ពស់​២២,១៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៣​ខែសីហា​០,០៨​ម៉ែត្រ​(​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​២២,០០​ម៉ែត្រ​) នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១៥,៥១​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែសីហា​០,០៣​ម៉ែត្រ (​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​១៥,២០​ម៉ែត្រ​) នៅ​ចតុមុខ​ទឹក​មាន​កម្ពស់​៩,៧៩​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៣​ខែសីហា​០,០៤​ម៉ែត្រ (​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​១០,៥០​ម៉ែត្រ​) ទឹក​បឹង​ទន្លេសាប​នៅ​ក្រគរ​កំពង់​លួង​មាន​កម្ពស់​៦,៩៦​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែសីហា​០,១៣​ម៉ែត្រ​។​
​តាម​ការ​ព្យាករ​ដដែល​សម្រាប់​ថ្ងៃទី​២៥​ខែសីហា​ទឹក​នៅ​ខេត្តស្ទឹងត្រែង​អាច​ស្រក​មក​នៅ​កម្ពស់​១០,៤២​ម៉ែត្រ ខេត្តក្រចេះ​ទឹក​អាច​ស្រ​កម​កនៅ​កម្ពស់​២១,៩៦​ម៉ែត្រ​នៅ​ខេត្តកំពង់ចាម​ទឹក​អាច​ស្រក​មក​កម្ពស់​១៥,៤៨​ម៉ែត្រ​នៅ​ចតុមុខ​ទឹក​អាច​ឡើងដល់​កម្ពស់​៩,៨២​ម៉ែត្រ​។​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍ កាលពី​ក្នុង​ដើមរដូវ​វស្សា​ថា​ឆ្នាំ​២០១៨​នេះ​ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​អាច​នឹង​ឡើងដល់​កម្ពស់​១០,០៥​ម៉ែត្រ​តែ​ឡើង​មិន​ដល់​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​នោះទេ តែ​ពេលនេះ​ទឹកបាន​ឡើងជា​លំដាប់​ខណៈពេល​បឹងបួរ​និង​ព្រែក​នៅតាម​សងខាង​នៃ​ដង​ទន្លេ​ទាំង​បួន (​មេគង្គ​លើក មេគង្គ​ក្រោម បាសាក់ និង ទន្លេសាប​)​មានទឹក​ពេញប្រៀប​។​បើ​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ជន​ឡើង​ដូច​រាល់ថ្ងៃ​នៅ​ចតុមុខ​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ (១០,៥០​ម៉ែត្រ​) តែ​វា​អាច​នឹង​ឡើង​មិន​កម្ពស់​១១,២០​ម៉ែត្រ ដូច នៅ​ចុងខែ​កញ្ញា​ឆ្នាំ​២០០០​នោះឡើយ​។ កាល​ក្នុង​រដូវវស្សា​ឆ្នាំ​២០០០ ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ បាន​ឡើងដល់​កម្ពស់​១១,២០​ម៉ែត្រ​និង​បាន​គំរាមកំហែង​ដល់​រាជធានី​ភ្នំពេញ​យ៉ាងធ្ងន់ធ្ងរ​តែ​បាន​ធូរស្រាល​ទៅវិញ​បន្ទាប់ពី​ទឹកជំនន់​នោះបាន​ផ្តាច់​ផ្លូវជាតិ​លេខ​១​រួចមក​៕​សរន​