ស្ថានភាព​នៅ​កម្ពុជា ក្នុងការ​សម្លឹងមើល​ដែល​ផ្ទុយគ្នា​

693
ចែករម្លែក

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា នៅ​ទីស្នាក់ការ ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី​ម៉ោង ៨:៣០ នាទី យប់ ដល់​ម៉ោង ១២ កណ្តាលអធ្រាត្រ ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ​២០១៩ ម៉ោង​នៅ​រាជធានី​ភ្នំពេញ​។

​ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាក​ចេញពី ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ចេញទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស កម្ពុជា នៅ​អ​.​ស​.​ប ទីក្រុង​ហ្សឺ​ណែវ ។
​ ​
អ​.​ស​.​ប បានប្រកាសថា កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កម្ពុជា នឹងត្រូវ​ពិនិត្យ​ដោយ​ក្រុមការងារ ពិនិត្យ​របាយការណ៍​ជាស​កល តាម​កាលកំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ​.​ស​.​ប ជា​លើក​ទី​បី នៅ​ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​កិច្ចប្រជុំ​មួយ ដែល​នឹង​ចាក់ផ្សាយ​ផ្ទាល់ តាម​ប្រព័ន្ធ​វេ​ប​ខាស់​។​

​សេចក្តីប្រកាស​របស់​អ​.​ស​.​ប បន្តថា កម្ពុជា គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ចំនួន​១៤ ត្រូវបាន ពិនិត្យ​ដោយ​ក្រុមការងារ UPR របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅក្នុង​សម័យប្រជុំ​មួយ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២១ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ការពិនិត្យ​របាយ ការណ៍ UPR លើក​ទី​១ និង​លើក​ទី​២ របស់​កម្ពុជា ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​គ្នា ក្នុង​ខែធ្នូ ឆ្នាំ​២០០៩ និង​ខែមករា ឆ្នាំ​២០១៤​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ការពិនិត្យ​នេះ ផ្អែកលើ​ឯកសារ ១. របាយការណ៍​ជាតិ ព័ត៌មាន​ដែល​ផ្តល់ឱ្យ​ដោយ​រដ្ឋ​ស្ថិតក្រោម​ការពិនិត្យ ២. ព័ត៌មាន​ដែលមាន​នៅក្នុង​របាយការណ៍ របស់​អ្នកជំនាញ និង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ ដែល​គេ​ស្គាល់​ថា ជា​នីតិវិធី​ពិសេស ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិមនុស្ស និង​អង្គភាព​ដទៃទៀត​របស់​អង្គការសហប្រជាជាតិ ៣. ព័ត៌មាន ដែល​ផ្តល់​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ រួមទាំង​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស អង្គការ​តំបន់ និង​ក្រុម​សង្គម​ស៊ីវិល​។
​ ​
សេចក្តីប្រកាស​ដដែល ក៏បាន​លើកឡើងថា UPR គឺជា​ដំណើរការ​តែមួយគត់ ដែល​ពាក់ព័ន្ធ​នឹង ការពិនិត្យ​តាម​កាលកំណត់​នូវ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ទាំង ១៩៣​រដ្ឋ​។ ចាប់តាំងពី​កិច្ចប្រជុំ លើក​ទី​១ របស់ខ្លួន ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ខែមេសា ឆ្នាំ​២០០៨ មក រដ្ឋ​ទាំង ១៩៣ របស់​អង្គការ សហប្រជាជាតិ ត្រូវបាន​ពិនិត្យ​ពីរដង​រួចមកហើយ នៅក្នុង​ជុំ​ទី​១ និង​ជុំ​ទី​ពីរ​នៃ​UPR​។ នៅក្នុង​អំឡុងពេល​ជុំ​ទី​៣ នៃ UPR នេះ រដ្ឋ​ទាំងឡាយ ត្រូវបាន​គេ​រំពឹង ម្តង​ទៀតថា នឹង​បង្ហាញ​ប្រាប់​ពី​វិធានការ​ផ្សេងៗ ដែល​រដ្ឋ​ខ្លួន​បាន​ចាត់​ឡើង​ដើម្បី​អនុវត្ត​អនុសាសន៍ ទាំងឡាយ​ដែល​បានលើកឡើង នៅក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​លើក​មុន​ដែល​រដ្ឋ​ខ្លួន​បាន​ប្តេជ្ញា អនុវត្តតាម ហើយក៏​ដូចជា ដើម្បី​គូសបញ្ជាក់​ពី​វឌ្ឍនភាព​សិទ្ធិមនុស្ស​ថ្មីៗ​នៅក្នុង​ប្រទេស របស់ខ្លួន​។​
​ ​
សេចក្តីប្រកាស បន្តថា ក្រុមការងារ UPR គ្រោង​នឹង​អនុម័ត​អនុសាសន៍​នានា ដែល​បាន​ធ្វើឡើង សម្រាប់​កម្ពុជា នៅ​ម៉ោង ១៧:៣០ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ រដ្ឋ​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ កម្ពុជា អាច​នឹង​បង្ហាញ​ពី​ជំហរ​របស់ខ្លួន លើ​អនុសាសន៍ ដែល​ត្រូវបានធ្វើ​ចំពោះ​ខ្លួន​នៅក្នុង​អំឡុង ការពិនិត្យ​ឡើងវិញ​នេះ​។ អនុសាសន៍​ទាំងនេះ នឹងត្រូវ​ធ្វើការ​ចែករំលែក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅថ្ងៃនេះ​ជាមុន​។​
​ ​
ជាការ​កត់សម្គាល់ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​មើលឃើញ​ក្នុង​រូបភាព​ផ្សេងគ្នា រវាង​រាជរដ្ឋាភិបាល អ្នករាយការណ៍​ពិសេស សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​។ ក្នុងនោះ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួមទាំង​ការចាប់ខ្លួន​លោក​កឹម​សុខា ក៏ដូចជា ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ជាដើម ត្រូវបាន​អ្នករាយការណ៍​ពិសេស សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចាត់ទុកថា ជាការ​រំលោភ​សិទ្ធិមនុស្ស​។​
​ ​
រីឯ​បញ្ហាដីធ្លី​មួយចំនួន ក៏​ដូចគ្នា គឺ​អ្នករាយការណ៍​ពិសេស សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម ស៊ីវិល​មួយចំនួន ចាត់ទុកថា រាជរដ្ឋាភិបាល រំលោភសិទ្ធិ​ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្ត សាលដីកា​របស់​តុលាការ ដោយ​រុះរើ​ផ្ទះ​ខ្ទម​របស់​ប្រជាពលរដ្ឋ​មួយចំនួន នាំ​ឲ្យ​មានការ​រារាំង​ការ អនុវត្ត​សាលដីកា​របស់​តុលាការ រហូតដល់​មាន​អំពើហិង្សា និង​ការចាប់ខ្លួន​ក្រុម​អ្នកប្រឆាំង​តវ៉ា ជាដើម​។​
​ ​
ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានលើកឡើង​ផ្ទុយ​ពី​អ្នករាយការណ៍​ពិសេស​សហគមន៍ អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ខាងលើនេះ​។ រាជរដ្ឋាភិបាល​បានចាត់ទុក​ការដែល តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ រួមទាំង​ចាប់ឃុំខ្លួន​លោក​កឹម​សុខា គឺជា​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​សំណុំរឿង ក្បត់ជាតិ​។

​ម្យ៉ាងទៀត ករណី​អតីត​បក្សប្រឆាំង និង​មេដឹកនាំ​បក្សប្រឆាំង​នេះ គឺជា​ការថែរក្សា​នូវ សុខសន្តិភាព ដែល​កម្ពុជា តាមរយៈ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន រួមទាំង​ឥស្សរជន​ដទៃទៀត ស្វែងរក​មក​ជូន​ប្រជាជន​កម្ពុជា ដោយ​លំបាក និង​យក​ជីវិត​ទៅ​ប្តូរ​។ ដូច្នេះ​ក្នុងតម្លៃ​ណាក៏ដោយ គឺ​ត្រូវ​ថែរក្សា​សន្តិភាព ហើយ​វាយបំបាក់​ក្រុម​អ្នក​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​រី​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ គឺ​កម្ពុជា​បាន​អនុវត្តតាម​លទ្ធិប្រជាធិប តេយ្យសេរី​ពហុបក្ស ដែលជា​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ ហើយ​គណបក្សនយោបាយ ទាំង ២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ក៏បាន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ដោយមាន​ទាំង​សហគមន៍​អន្តរជាតិ​ជាច្រើន បានទទួល​ស្គាល់ និង​បញ្ជូន​អ្នកសង្កេតការណ៍ រាប់រយ​នាក់ ចូលរួម​ជាមួយ​អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ​តាមដាន​ដំណើរការ​បោះឆ្នោត​នេះ ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហាដីធ្លី ដែល​កន្លងមក និង​ថ្មីៗ​នេះ មានការ​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ ដោយមាន​ការតវ៉ា និង​ចាប់ខ្លួន​អ្នកប្រឆាំង​ជំទាស់​នោះ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល លើកឡើងថា ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​រស់នៅ និង​កាន់កាប់​ដី​រដ្ឋ ដី​កម្មសិទ្ធិឯកជន ដែល​គេ​មាន​ប្លង់រឹង បញ្ជាក់​ពី​កម្មសិទ្ធិ ត្រឹមត្រូវ​តាមច្បាប់​។ រីឯ​ប្រជាពលរដ្ឋ​មួយចំនួន​ណា​នោះ មាន​មេក្លោង បំផុស​ឲ្យ​ចូលកាន់​កាប់​ដី ដោយ​ខុសច្បាប់ ហើយក៏​កើតជា​ការតវ៉ា​មួយ​ពីរ បង្ក​ការរារាំង​ដល់​ការអនុវត្ត​ច្បាប់​រហូត​មាន​អំពើហិង្សា និង​ការចាប់ខ្លួន ពិសេស​ករណី​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ ថ្មីៗ​នេះ​។​

​សរុបមក រាជរដ្ឋាភិបាល មាន​អំណះអំណាង​របស់ខ្លួន​ជាច្រើន ដើម្បី​ដល់​អង្គការ សហប្រជាជាតិ ក្នុងអំឡុងពេល​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ពោលគឺ​ប្រជាជន កម្ពុជា​ភាគច្រើន នៅក្នុង​ស្រុក កំពុង​រស់នៅ​ដោយ​សុខសាន្ត និង​រីករាយ​នឹង​សន្តិភាព ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ កម្ពុជា​ក៏​បន្ត​ការរីកចម្រើន​លើ គ្រប់​វិស័យ​។ ជីវភាព​ប្រជាជន​កម្ពុជា ក៏​កាន់តែ​ធូរធារ​។​

​ជាមួយនឹង​ការប្រឹងប្រែង និង​ការ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្នុង​រយៈ កាល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អនុវត្ត​នូវ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ ក្នុង​បំណង​លើកកម្ពស់​សិទ្ធិសេរីភាព និង​ស្ថានភាព​សិទ្ធិមនុស្ស ដូចជា ការបង្កើត​វេទិកា​ជួបជុំ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល ដែល​ក្រសួងមហាផ្ទៃ បានរៀបចំ ២​ដង ក្នុង​១​ឆ្នាំ ដែល​លើក​ទី​២ បានធ្វើ​ឡើង នៅ​ខែមករា​ថ្មី​នេះ រួមទាំង​ការបង្កើត​ឲ្យ​មាន​ក្រុមការងារ អន្តរក្រសួង ដើម្បី​ពិនិត្យ​ស្ថានភាព​តាម​ពន្ធនាគារ ដើម្បី​ជំរុញ​ឲ្យ​មានការ​កាត់ទោស​អ្នក​ជាប់ឃុំ កុំ​ឲ្យ​លើស​នីតិវិធី ជាដើម​។​

​សរុបមក រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានប្រកាស​រួចហើយ​ថា កម្ពុជា​បន្ត​ប្រកាន់​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ព្រមទាំង​ការលើកកម្ពស់​សិទ្ធិមនុស្ស​។ ប៉ុន្តែ​កម្ពុជា ក៏ត្រូវ​រក្សា​ការពារ​នូវ​សន្តិភាព ហើយ​មិន​លក់ អធិបតេយ្យ​ជាតិ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​ជាដាច់ខាត​។ កម្ពុជា​ក៏បាន​ប្រកាស​រួចហើយ​ប្រឆាំង ដាច់ខាត​នឹង​ក្រុម​ជន​ទាំងឡាយណា ដែល​មានបំណង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​តាមរយៈ បដិវត្ត​ពណ៌ ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នាពេល​បច្ចុប្បន្ន​៕ ដោយ​: ម៉េង​ឆៃ​