ស្ថានភាព​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​វឹកវរ ខណៈ​មេដឹកនាំ​ប្រឆាំង​អំពាវនាវ​ឱ្យ​ទាហាន​ចូលរួម​ជាមួយ​បាតុករ​ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​

418
ចែករម្លែក

មេដឹកនាំ​គណបក្សប្រឆាំង​និង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ប្រកាស​ដោយ​ខ្លួនឯង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ្វ័​ន ក្វា​យ​ដូ ​បាន​បង្ហោះ​វី​ឌី​អូ​មួយ ដែល​ក្នុងនោះ​លោក​បាន​ជំរុញ​ឱ្យ​ទាហាន​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដើម្បី​បណ្តេញ​លោក​។​

​វីដេអូ​នេះ​បានបង្ហាញ​លោក​ក្វា​យ​ដូ ដែល​អម​ជុំវិញ​ដោយ​មនុស្ស​ក្នុង​ឯកសណ្ឋាន​យោធា អះអាងថា គាត់​បានទទួល​ការគាំទ្រ​ពី​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បាន​អំពាវនាវ​ឱ្យមាន “​ដំណាក់កាល​ចុងក្រោយ​” នៃ​ការតវ៉ា​។ អ្នកនយោបាយ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ប្រយុទ្ធ “​ក្នុង​ការតស៊ូ​អហិង្សា​” ដើម្បី “​បន្ត​ការគ្រប់គ្រង​រដ្ឋាភិបាល​”​។​

​យោងតាម​អ្នកនយោបាយ​រូបនេះ​បានឱ្យដឹងថា លោក​បាន​ថត​វីដេអូ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ឡា​ខា​ឡូ​តា (La Carlota) ខណៈ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា​ថា គាត់​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​នៅ​ទីក្រុង​កា​រ៉ា​កាស ​នៅក្បែរ​មូលដ្ឋាន​យោធា​មួយកន្លែង​។​

​លើកចុងក្រោយ​បំផុត​ដែល​លោក​ក្វា​យ​ដូ​ អំពាវនាវ​ដល់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺ​មុនពេល​ការ​ដាច់​ភ្លើង​ដ៏​ធំ​នៅក្នុង​ប្រទេស ដែល​យោងតាម​រដ្ឋាភិបាល គឺ​មកពី​ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​នៅ​រោងចក្រ​ថាមពល​ដ៏​ធំ​មួយ​៕ ដោយ៖ កញ្ញាដាលីស/Ha