ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគជាំ​បាន​ត្រឡប់​មកវិញហើយ​

609

(​ភ្នំពេញ​)៖​ភ្លៀង​រដូវវស្សា​បាន​វិល​ត្រឡប់មក​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​វិញ​ហើយ បន្ទាប់ពី​បាន​ថយចុះ​មួយរយៈ​និង​ចាប់ពី​ពាក់​​កណ្តាល​ខែសីហា​នេះ​ទៅ​ភ្លៀង​ធ្លាក់​មាន​កម្រិត​ចាប់ពី​បង្គួរ​ទៅ​ច្រើន​។​
​ ​
​លោក​ចាន់​ ​យុ​ត្ថា​ ​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែសីហា​ថា​​ជ្រលង​សម្ពាធ​ទាប​ដែល​បាន​នឹង​កំពុងមាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​កូន​រដូវប្រាំង​ដែល​កើតមាន​រយៈពេល​ខ្លី​នៅលើ​ខេត្ត​​មួយចំនួន​នៅ​ប៉ែក​ខាងក្រោយ​ជួរ​ភ្នំក្រវាញ​បានបញ្ចប់​និង​ចាប់ពី​ថ្ងៃទី​១៣​ខែសីហា​ប្រព​ន្ធ័​សម្ពាធ​ទាប​មួយ​ដែល​កើត​នៅលើ​តំបន់​អាង​​ទន្លេមេគង្គ​លើ​ក៏បាន​រំ​កឹ​ល​ចុះមក​ខាងត្បូង​ធ្វើ​ឲ្យ​នៅ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់ពី​ថ្ងៃទី​១៥​ខែសីហា​ទៅ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ល្អ​ឡើងវិញ​ហើយ​ជាពិសេស​នៅ​ទំនាប​កណ្តាល​ប៉ែក​ខាងកើត​និង​ភាគ​ពាយព្យ​ដោយមាន​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​និង​ចាប់ពី​សប្តាហ៍​ទី​៤​នៃ​ខែសីហា​នេះ​ទៅ​ភ្លៀង​ធ្លា​ក់រាយ​មាន​បរិមាណ​ច្រើន​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​វិញ​ហើយ​។​

​តាម​ការព្យាករណ៍​ដែល​ផ្សាយ​នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧​បានបង្ហាញ​ឲ្យ​ឃើញថា​ជ្រលង​សម្ពាធ​ទាប​បាននិងកំពុង​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ចាប់ពី​ថ្ងៃទី​១៣​ឬ​ថ្ងៃទី​១៤​ខែសីហា​នឹងមាន​ប្រព​ន្ធ័​សម្ពាធ​ទាប​មួយ​កើតឡើង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

​លក្ខណៈ​បែប​ខាងលើនេះ​នឹងធ្វើ​ឲ្យ​ស្ថាន​ផាព​អាកាសធាតុ​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាង​កើតមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ទំនាប​កណ្តាល​ភាគ​កណ្តាល​និង​ភាគ​ពាយព្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ​។​

​សម្រាប់​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ​។​ឯ​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។ ចាប់ពី​ពាក់កណ្តាល​ខែសីហា​នេះ​ទៅ​របាយ​ទឹកភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ល្អប្រសើរ​ឡើងវិញ​ហើយ​។​
​ ​
​ចំពោះ​ភ្លៀង​ធ្លាក់​នៅលើ​ទីក្រុង​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១១​ខែសីហា​មាន​កម្រិត​តែ​ប្រមាណ​ជា​៤០​មី​លី​ម៉ែត្រ​ទេ​តែដោយសារ​ភ្លៀង​ធ្លាក់​​គំហុក​ក្នុង​រយៈពេល​ខ្លី​បានធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​នៅក្នុង​ទីក្រុង​ទទួលរង​ការលិចលង់​មួយរយៈ​ពេល​ខ្លី តែ​បាន​ស្រក​ទៅវិញ​ឆាប់​រហ​ស័​​ដោយសារ​កម្លាំង​អាជ្ញាធរ​បាននាំគ្នា​ធ្វើ​ការកាយ​សំរាម​ចេញ​អស់ពី​តាម​បណ្តា​មាត់​លូ​៕​ដោយៈ​ប​.​ខុន​/sn