ស្ថានីយទូរទស្សន៍​មួយ​ផលិត​រឿង​ភាគ​ខ្មែរ​ថ្មី ម្តង​ពីរ​រឿង​ជាប់​គ្នា​

305
ចែករម្លែក

ភ្នំពេញៈ​ស្ថានីយទូរទស្សន៍​លេខ​៥ ​បានប្រកាស​នូវ​គម្រោង​ត្រៀម​ផលិត​រឿង​ភាគ​ខ្មែរ​ថ្មី សម្រាប់​ដើម​ឆ្នាំ​២០២០​នេះ​ដោយ​ផលិត​ពីរ​រឿង​ជាប់ៗ​គ្នា កាលពី​ថ្ងៃទី​១៧ ខែមករា​។

​ស្ថានីយទូរទស្សន៍​នេះ​បានធ្វើ​ពិធី​ក្រុង​ពាលី​ត្រៀម​ចេញ​ថត​រឿង​ភាគ​ខ្មែរ​ថ្មី​ចំនួន​ពីរ​រឿង​គឺ​រឿង​“​មរតក​កម្ម​”​និង “​ទាសករ​លុយ​”​។ តួឯក​ប្រុស​ស្រី​នៃ​ខ្សែភាពយន្ត​ភាគ​រឿង “​មរតក​កម្ម​” មាន​​លោក ណា​ខុន និង​កញ្ញា រចនា រ៉ា​វ៉ា​ឌី ។ ដោយឡែក​លោក ជា លាង​ឈែ កញ្ញា ណាក់ ស្រី​ណា និង​លោក បញ្ញា សិទ្ធិ គឺជា​តួឯក​ក្នុង​រឿង​”​លុយ​ទាសករ​”​។​

​លោក ស៊ុ​ផា​ឆៃ វីរៈ​ភុ​ជុង អគ្គនាយក​ស្ថានីយទូរទស្សន៍​លេខ​៥ បាន​ថ្លែង​ក្នុង​ពិធី​ឱ្យដឹងថា ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​កម្ពុជា និង​បន្ត​រក្សា​គោលការណ៍​រាជរដ្ឋាភិបាល ទុក​ម៉ោង “​មាស​” ចាក់​ភាពយន្ត​ខ្មែរ​នោះ ទូរទស្សន៍​លេខ​៥ បន្ត​គោលដៅ​គាំទ្រ​ភាពយន្ត​ទៅមុខ​ទៀត ​ដោយ​ដើមឆ្នាំ​២០២០​នេះ​បញ្ចេញ​ក្រុមការងារ​ថត ធ្វើ​រឿង​ភាគ​ចំនួន​ពីរ​រឿង​។ លោក​បន្ត​គាំទ្រ​ដល់​សិល្បករ​ខ្មែរ​យើង ក្នុង​ការងារ​នៃ​ភាពយន្ត​ខ្មែរ​ឱ្យមាន​ជា​និរន្ត​រភាព​ទៅមុខ ។ ដូច្នេះ​លោក​សូម​មហាជន​ដែល​គាំទ្រ​ស្ថានីយទូរទស្សន៍​លេខ​៥ បន្ត​គាំទ្រ​និង​តាមដាន ជាប់​រហូត ព្រោះ​ទូរទស្សន៍​នេះ បម្រើទស្សនីយភាព​ប្លែក​និង​ល្អ​ជូន​ប្រជាជន​ខ្មែរ​មិន​ខកបំណង​។

​លោក​អគ្គនាយក​ដែល​ដឹកនាំ​ស្ថានីយទូរទស្សន៍​នេះ ជាង​២០​មក​ឆ្នាំ​ហើយ​នោះ​ក៏​សំណូមពរដល់​សិល្បករ​ សិល្បការិនី ធ្វើយ៉ាងណា​ខំប្រឹង​សម្តែង​ឱ្យ​កម្រិត​នៃ​សាច់​រឿងនេះ​ឱ្យ​ល្អ​ ហើយលោក​ក៏​អគុណ​ដល់​តារា​ខ្មែរ​យើង​ដែល​បាន​សហការ​ជាមួយ​ទូរទស្សន៍​នេះ​តាំង​ដើម​រហូតដល់​ពេលនេះ​។

​មន្ត្រី​នៃ​ស្ថានីយ​ទូរ​ទស្ស​ន៏​ប៉ុស្តិ៍​លេខ​៥ បាន​ឲ្យ​ដឹងថា នេះ​ជា​ស្នាដៃ​ប្រមាណ​ជាង​២០​រឿង មកហើយ​។​ដើមឆ្នាំ​នេះ​យើង​ផលិត​ពីរ​រឿង​តែម្តង​ ពីព្រោះ​ក្រុមការងារ​ផលិត​និង​ឧបករណ៍មាន​គ្រប់គ្រាន់​។ តាម​ផែនការ​របស់​ទូរទស្សន៍​លេខ​៤ ក្នុង​មួយឆ្នាំ​ក្រុមការងារ​នឹងធ្វើ​ការផលិត​រឿង​ភាគ​ខ្មែរ​យ៉ាងតិច​ប្រាំមួយ​រឿង​៕ ដោយៈ បូ​រិ​ន​/Ha