ស្ថានីយ៍បូមទឹកទួលសំពៅបំពាក់​ម៉ាស៊ីនបូមទឹកបន្ថែម៤គ្រឿងថ្មី​អាចរំដោះទឹកចេញពីខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌកំបូល និង​ខណ្ឌសែនសុខ

171
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យមានការសាងសង់ដោយបំពាក់ម៉ាស៊ីនបូមទឹកបន្ថែមនៅស្ថានីយ៍បូមទឹកទួលសំពៅ ស្ថិតក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ ជាប់និងខណ្ឌសែន សុខ ដែលមានសមត្ថភាពបូមទឹកបានជិត២០ម៉ែត្រគុបក្នុង១វិនាទី។ស្ថានីយ៍នេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីភាគខាងលិចឈៀងខាងជើងរាជធានីភ្នំពេញ ពិសេសនៅតំបន់ព្រលានយន្តហោះភ្នំពេញនិងនៅតំបន់ជុំវិញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ គិតមកដល់ថ្ងៃនេះការសាងសង់ដោយបំពាក់ម៉ាស៊ីនបូមទឹកបន្ថែមនៅស្ថានីយ៍បូមទឹកទួលសំពៅ អនុវត្តន៍ការងារបានសម្រេចជាច្រើនភាគរយដែលមកដល់ពេលនេះការដ្ឋានជិតបានបញ្ចប់ហើយ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ចំពោះសមត្ថភាពនៃស្ថានីយបូមទឹកទួលសំពៅ សម្រាប់ម៉ូទ័រចាស់មានមុខកាត់៨តឹកចំនួន៣គ្រឿង ដែលបានសាងសង់ឡើងកន្លងមកគឺអាចបូមទឹកបាន៥ម៉ែត្រគុបក្នុងមួយវិនាទី តែសម្រាប់ម៉ូទ័រដែលបំពាក់បន្ថែមចំនួន៤គ្រឿងនេះ ម៉ូទ័រនីមួយៗមានមុខកាត់ទំហំ១ម៉ែត្រ អាចបូមទឹកបាន១២ម៉ែត្រគុបក្នុងមួយវិនាទីមានន័យថាក្រោយពីការស្ថាបនាស្ថានីយទាំងមូលត្រូវបានបញ្ចប់នោះ វានឹងមានសមត្ថភាពអាចបូមទឹកបានរហូតដល់១៧ម៉ែត្រគុបក្នុងមួយវិនាទី ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ ស្ថានីយបូមទឹកទួលសំពៅមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល មួយផ្នែកនៅខណ្ឌសែនសុខ និងមួយផ្នែកទៀតរំដោះទឹកចេញពីស្រុកអង្គស្នួល ពិសេសរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនិងតំបន់ជុំវិញ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញរបស់យើងមកដល់បច្ចុប្បន្ននេះមានស្ថានីយបូមទឹកទាំងថ្មី ទាំងចាស់ចំនួន១៤កន្លែង ដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដង ដែលធ្វើឲ្យរាជធានីភ្នំពេញមិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ។ ក្នុងចំណោមស្ថានីយបូមទឹក១៤កន្លែងនេះ មានស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង ដូចជាស្ថានីយបូមទឹកព្រះពន្លា នៅខណ្ឌច្បារអំពៅ ស្ថានីយបូមទឹកបុរី១០០ខ្នង នៅខណ្ឌសែនសុខ ស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យនិងស្ថានីយ៍បូមទឹកទួលសំពៅ ដែលកំពុងស្ថាបនាបន្ថែមនេះឯង៕B/