ស្ថានីយ៍​អវកាស​ចិន​ទម្ងន់​ជិត ៩ តោន​នឹង​ធ្លាក់ចំ​ផែនដី​នៅ​ដើមខែ​មេសា​

1140
ចែករម្លែក
  • 166
    Shares

​ក្រុម​អ្នកជំនាញ​បាន​និយាយថា ទីបំផុត​ពួកគេ​បានដឹងថា​ពេលណា​ដែល​ស្ថានីយ៍​អវកាស​ចិន​ទម្ងន់ ៨,៦ តោន​នឹង​ធ្លាក់​លើ​ផែនដី​។​

​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ស្ថានីយ៍​អវកាស Tiangong-1 នឹង​ធ្លាក់​ចុះមក​ភពផែនដី​វិញ​នៅ​ចន្លោះ​ថ្ងៃទី ៣០ មីនា និង​ថ្ងៃទី ៦ មេសា​។ ក្រុមហ៊ុន Aerospace Corporation ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​ផ្តល់ជូន​នូវ​ដំបូន្មាន​ដល់​រដ្ឋាភិបាល​នានា​និង​ក្រុមហ៊ុន​ឯកជន​អំពី​ការហោះហើរ​នៅ​ទី​អវកាស​នោះ បាន​ព្យាករណ៍​ថា យានអវកាស​នេះ​ទំនងជា​នឹង​ធ្លាក់​លើ​ផែនដី​នៅ​ថ្ងៃទី ៤ មេសា នៅ​កន្លែង​ណាមួយ​នៅក្នុង​តំបន់​ដែលមាន​រយៈទទឹង​ចន្លោះ ៤៣ ដឺ​ក្រេ នៅ​ខាងជើង និង ៤៣ ដឺ​ក្រេ នៅ​ខាងត្បូង​។​

​របាយការណ៍​ពី​រដ្ឋបាល​អវកាស​ជាតិចិន​ក្នុង​ឆ្នាំ ២០១៦ បាន​បង្ហាញថា ស្ថានីយ៍​អវកាស Tiangong-1 នឹងមិន​អាចអនុវត្ត​ការ​ចុះមក​ផែនដី​បាន​វិញ​ទេ​។​

​សំណាងល្អ ផ្កាយរណប​ភាគច្រើន​នឹង​ឆេះ​អំឡុងពេល​ធ្លាក់​ចុះមក​ផែនដី​វិញ ប៉ុន្តែ​បំណែក​ធំៗ​រហូតដល់ ១០០ គីឡូក្រាម​នៅតែ​អាច​ធ្លាក់​ចុះមក​បាចសាច​ក្នុង​ល្បឿន​លឿន​។ ស្ថានីយ៍​អវកាស​នេះ​តាម​ដឹង​គឺមាន​សមាសធាតុ​ឥន្ធនៈ​រ៉ុក្កែត​ពុល ដែលមាន​ឈ្មោះថា Hydrazine ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកមើល​ផ្កាយរណប​ធ្លាក់ចុះ​ពីលើ​មេឃ​។​

​ក្រុមហ៊ុន Aerospace Corporation បាន​រាយការណ៍​កាលពី​ដើមខែ​នេះ​ថា “​មានឱកាស​មួយ​ដែល​បំណែក​តូច​នៃ​កម្ទេចកម្ទី​យាន Tiangong-1 អាច​នឹង​ឆ្លង​ផុតពី​ការផ្ទុះ​ឆេះ និង​ធ្លាក់​មកដល់​ផែនដី​។ ប្រសិនបើ​រឿងនេះ​កើតឡើង នោះ​បំណែក​ដែល​នៅ​សេសសល់​អាច​នឹង​ធ្លាក់​នៅក្នុង​តំបន់​មួយ​ដែលមាន​ទំហំ​ប្រហែល​ពីរ​បី​រយ​គីឡូម៉ែត្រ និង​ស្ថិតនៅតាម​ចំណុច​មួយ​នៅលើ​ផែនដី ដែល​ស្ថានីយ៍​នេះ​ឆ្លងកាត់​”​។​

​ក្រុមហ៊ុន​នេះ​និយាយថា “​នៅពេល​ពិចារណា​អំពី​ទីតាំង​ដ៏​អាក្រក់​បំផុត​…​លទ្ធភាព​ដែល​មនុស្ស​ម្នាក់ (​ឧទាហរណ៍​រូបអ្នក​ផ្ទាល់​) នឹង​ត្រូវបាន​វាយប្រហារ​ដោយ​បំណែក​យាន Tiangong-1 គឺ​ប្រហែល ១ លាន​ដង ទាប​ជាង​ការ​ឈ្នះឆ្នោត​រង្វាន់​ឡូតូ Powerball ទៅទៀត​”៕ ដោយ៖ កញ្ញាដាលីស

ស្ថានីយ៍​អវកាស Tiangong-1 នឹង​ធ្លាក់​ចុះមក​ភពផែនដី​វិញ​នៅ​ចន្លោះ​ថ្ងៃទី ៣០ មីនា និង​ថ្ងៃទី ៦ មេសា