ស្ថានីយ​បូមទឹក​លូ​៥ នឹង​ស្ថាបនា​រួចរាល់​នៅ​៤​ខែ​ទៀត​ដើម្បី​បូមទឹក រំដោះ​ការលិចលង់​នៅក្នុង​ខណ្ឌ​៣

1260
ចែករម្លែក
  • 3
    Shares

ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ សំណង់​ស្ថានីយ​បូម​ទឹកលូ​៥ គឺជា​ស្ថានីយ​បូមទឹក​ថ្មី​មួយទៀត​ក្នុង​ចំ​ណោ​យ​ស្ថានីយ​ជាច្រើន​ទៀត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ស្ថាបនា​ឡើង ដើម្បី​បូមទឹក​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ហើយ​បើតាម​គម្រោង​ស្ថានីយ​បូមទឹក​លូ​៥​នេះ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​របស់ខ្លួន​នៅក្នុង​រយៈពេល​៤​ខែ​ទៀត​។​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ក្រោយ​កិច្ចប្រជុំ កាលពី​ល្ងាច​ថ្ងៃទី​២៤ មេសា គឺ​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រវាង​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ជំនាញ​ដើម្បី​ពិភាក្សា រក​ដំណោះស្រាយ​ស្តីពី​ស្ថានភាព​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​លោក ម៉េ​ត មាស​ភក្តី បាន​លើ​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ក្រុមការងារ​ស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥​នេះ ឱ្យបាន​លឿន​ទៅតាម​គម្រោង គឺ​៤​ខែ​ទៀត​ស្ថានីយ​បូមទឹក​លូ​៥​ត្រូវ​រួចរាល់ ដើម្បី​បូមទឹក​រំដោះ​ការលិចលង់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទ្រា សាលាបឋមសិក្សា​ស ឡា​។
​គួរ​រំលឹក​ដែរ​ថា​៖​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាល​ថ្ងៃទី​១៦ មីនាឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិ​បា​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុចប្រសព្វ​៣​ខណ្ឌ គឺ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ខណ្ឌដង្កោ​។​
​ស្ថានីយ​បូមទឹក​លូ​៥​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុងការ​បូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលានយន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ទំហំ​ផ្ទៃ​រងទឹក​ភ្លៀង​រហូតដល់​១០២៨​ហិកតា​។​
​គួរបញ្ជាក់​ទៀតថា​៖ ស្ថានីយ​បូមទឹក​លូ​៥ សាងសង់​ឡើងជា​អគារ​ថ្មី មាន​បណ្តោយ​១៨,៩​ម៉ែត្រ និង​ទទឹង​ប្រវែង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អាចមាន​សម​ត្ថិ​ភាព​បូម​ទឹកបាន​៥​ម៉ែត្រគុប ក្នុង​មួយ​វិនាទី​និង​ស្មើ​និង​២៨៨០០​ម៉ែត្រគុប ក្នុង​១​ម៉ោង​៕


#