ស្ថានីយ​រថភ្លើង​ភ្នំពេញ​នឹងត្រូវ​ជួសជុល​កែប្រែ​ទៅជា​អគារ​ពាណិជ្ជកម្ម​

616
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ស្ថានីយ​រថភ្លើង​ភ្នំពេញ នឹងត្រូវ​ជួសជុល​កែប្រែ​ទៅជា​អគារ​ពាណិជ្ជកម្ម Royal Train Square ដោយ​ការបណ្តាក់ទុន​របស់​អ្នកវិនិយោគ​មកពី​សហ​រដ្ឋ​អាមេរិក​។ អគារ​នេះ​នឹងមាន​ទំហំ​ចំនួន ៣០០០​ម៉ែត្រការ៉េ សម្រាប់​ការសាងសង់​ធ្វើជា​កន្លែង​ពាណិជ្ជកម្ម ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការសាងសង់​ហាង​ទំនើប​ផ្សេងៗ ហាង​កាហ្វេ​ភោជនីយដ្ឋាន​ធនាគារ ទូរ​ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​ជួល ធ្វើជា​ការិយាល័យ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិ​ណ៌​ផ្សេងៗ​។​

ស្ថានីយ​រថភ្លើង​ភ្នំពេញ នឹងត្រូវ​ជួសជុល​កែប្រែ​ទៅជា​អគារ​ពាណិជ្ជកម្ម​

​លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និង​ការអភិវឌ្ឍ​ហើយ និង​ក្លាយជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះ​ដែល​ត្រូវបាន​គាំទ្រ​ថវិកា ដោយ​ក្រុម​អ្នក​បណ្តាក់ទុន មកពី​អាមេរិក​និង​ដៃគូ​សហការ មកពី​អឺរ៉ុប​បាន​ឲ្យ​ដឹងថា «​ស្ថានីយ​រថភ្លើង​មួយ​នេះ​គឺជា​អគារ​បេតិកភណ្ឌ​ដែល​ត្រូវបាន គេ​ស្គាល់​យ៉ាងច្បាស់​មួយ​នៅ​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​មាន​មនុស្ស មិន​ច្រើន​ឡើយ​ដែល​ប្រើប្រាស​អគារ​នេះ​។ ជាមួយនឹង​គម្រោង អភិវឌ្ឍ​សាងសង់​អគារ Royal Train Square យើង​នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ នានា​នូវ​កន្លែង​ថ្មី​មួយ​ដើម្បី​ជួបជុំគ្នា​ញ៉ាំ​អាហារ ពេល​ល្ងាច និង​សម្រាកលំហែរ​ជាមួយ​ទិដ្ឋភាព​ជុំវិញខ្លួន​ដ៏​ស្រស់ស្អាត រួមជាមួយ​នឹង​ហាង​កាហ្វេ ភោជនីយដ្ឋាន​និង​ហាង​ជាច្រើន​ទៀត​»​។​

​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ត្រូវបាន​សាងសង់ឡើង ដោយ​អាជ្ញាធរ​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈដែល​ស្ថានីយ​មួយ​នេះ ទើបតែ បាន​បំពេញ​ការសាងសង់ ខ្សែ​ផ្លូវដែក​របស់ខ្លួន​ទៅកាន់​ខេត្តបាត់ដំបង កាល​ពេល​ថ្មីៗ​នេះ​។​

​បើ​យោងទៅតាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways ស្ថានីយ​រថភ្លើង​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ កាលពី​ឆ្នាំ​២០១២ ហើយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​ស្ថានីយ​រថភ្លើង​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន Royal Railways បានដាក់​ឲ្យ​ដំណើរ​ជាធម្មតា ឡើងវិញ​នូវ​សេវា​ធ្វើដំណើរ​ដោយ​រថភ្លើង ទៅកាន់​ខេត្តកំពត​ព្រះសីហនុ ពោធិ៍សាត់​និង​ប៉ោយប៉ែត​ក៏ដូចជា សេវា​ដឹង​ជញ្ជូន​ជា​ទៀង ទាត់​ទៅកាន់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​។​

​លោក Bolls បាន​ប្រាប់​បន្តថា «​វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង ហាង​ជុំវិញ​នោះ​ជាពិសេស តំបន់​កណ្តាល​រាង​ការ៉េ​ដ៏​ស្រស់ស្អាត​នៅ​ពីមុខ ស្ថានីយ៍​ហើយ​យើង​ជឿជាក់ថា​វា​នឹង​ក្លាយជា​កន្លែង​មួយ​ក្នុង ចំណោម​កន្លែង​ដ៏​ពេញ និយម​បំផុត​ក្នុង​ទីក្រុង​នេះ​ដើម្បី​ជួបជុំគ្នា និង​ទទួលទាន​អាហារ​ពេល ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់​ទិញ​ទំនិញ និង​ជា​កន្លែង​រៀបចំ ព្រឹត្តិការណ៍​ក៏ដូចជា​ពិ​ពណ៌​ផ្សេងៗ​ដ៏​ពិសេស​តែមួយ ដែល​ផ្ទុយគ្នា​ស្រឡះ​ទៅនឹង​រូបរាង​ដែល​យើង​ធ្លាប់​បានឃើញ​ពីមុន​»​។​

​គម្រោង​ជួសជុល​ឡើងវិញ មាន​ទឹកប្រាក់ ៥​លាន​ដុល្លារ​អាមេរិក​មួយ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​រយៈពេល ៣​ទៅ​៤​ខែ​ខាងមុខ​ទៀត​ស្របពេល ដែល​ក្រុមហ៊ុន​ជា​អាជីវករ ជួល​ជាច្រើន​នឹង​តម្រង់​ជួរ​គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ អាជីវកម្ម​នៅ​ហាង​ផ្សេងៗ​ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​។​

​លោក Bolls បាន​បញ្ជាក់ថា «​យើង​គិតទុក​ជាមុន​រួចជាស្រេច​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស​ដែល​បានមកពី​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ និង​ពិតជា​ចង់​ផ្សារភ្ជាប់​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយនឹង​ក្រុមហ៊ុន​ជួល​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើការ​ជាមួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូបរាង​លើ​គម្រោង​ដែល​កំពុង​បន្ត​មួយ​នេះ​»​។​
​គម្រោង​នេះ អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ស្របតាម​គម្រោង​រយៈពេល​វែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រែក្លាយ​រូបរាង​ស្ថានីយ៍​រថភ្លើង​របស់​កម្ពុជា​ទាំងស្រុង និង​ដើម្បី​ផ្តល់​សេវា​ផ្សេងៗ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ដោយ​ផ្លូវដែក​ក្លាយជា​ជម្រើស​ប្រកបដោយ​អត្ថប្រយោជន៍​មួយ​សម្រាប់​អ្នកដំណើរ​។​

​លោក Simon Griffiths នាយក​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួលខុសត្រូវ​លើ​ការធ្វើ​ទីផ្សារ​ក្នុង​គម្រោង​នេះ​ទៅកាន់​ក្រុមហ៊ុន​ជួល​សំខាន់ៗ បាន​បញ្ជាក់ថា​៖ «​ជា​លើក​ទី​១ ភ្ញៀវ​ដែល​ធ្វើដំណើរ​មកដល់​ទីក្រុង​នេះ ដោយ​រថភ្លើង ស្ថានីយ៍​នេះ មិន​ធ្លាប់​ផ្តល់​ការស្វាគមន៍​ជាពិសេស​ពីមុនមក​ឡើយ​។ ជាមួយនឹង​ការអភិវឌ្ឍ​ឡើងវិញ​នេះ យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូចជា មើលឃើញ​ពី​កម្រិត​ដែល​ការជួស​ជ្រុល​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ អាចធ្វើ​ឡើង ដោយ​ផ្អែកទៅលើ​សក្តានុពល​របស់​អគារ​ជា​បេតិកភណ្ឌ​ដ៏​ស្រស់ស្អាត​ជាច្រើន​របស់​យើង​»៕