ស្ថាន​តំណាង​កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​៣០​នាក់​

507

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់ ក្នុងនោះ​ពលករ មាន​ចំនួន​៣​នាក់ និង​ពល​ការិនី​៧​នាក់ ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​២​នាក់​ទៀត​ជា​កុមារ​។ ពលរដ្ឋ​ទាំង​១២​នាក់​នោះ បាន​មកដល់​កម្ពុជា​វិញ ជា​បន្តបន្ទាប់ ចន្លោះ​ពីថ្ងៃ​ទី​៣១ ខែមីនា ដល់​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ​២០១៨ ។​

​លោក​បន្តថា ចំណែក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​១៤​នាក់ (​ក្នុងនោះ​កុមារ​មាន​ចំនួន​១១​នាក់​) មាន​អាយុ​ចន្លោះ​ពី​២​ឆ្នាំ​ដល់​៦៧​ឆ្នាំ មកពី​ខេត្តស្វាយរៀង ដែល​ចូលទៅ​ស្នាក់នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​វៀតណាម​។ អាជ្ញាធរ​វៀតណាម បានរៀបចំ​អោយ​ពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គម​ក្នុង​ទីក្រុង​ហូជីមិញ មុនពេល​បញ្ជូនមក​ស្ថាន​អគ្គ​កុងស៊ុល​។​

​ស្ថាន​អគ្គ​កុងស៊ុល បាន​ជូន​ពលរដ្ឋ​ទាំង​១៤​នាក់ មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ ២០១៨ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ដើម្បី​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូន​បន្តទៅ​ស្រុកកំណើត​។​
៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ រួម​នឹង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​បញ្ជូន​កុមារី​ចំនួន​៤​នាក់ មាន​អាយុ​ចន្លោះ​ពី​៣​ឆ្នាំ​ដល់​១៣​ឆ្នាំ ដែល​ទទួលរង​គ្រោះ​ដោយ​ការជួញដូរ​មនុស្ស ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២២ ខែ មីនា ឆ្នាំ​២០១៨​។​

​ផ្អែក​តាម​អនុស្សរណៈ​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ ប្រឆាំងនឹង​ការជួញដូរ​កុមារ​និង​ស្ត្រី ហើយ​និង​ការជួយ​ដល់​ជនរងគ្រោះ​ដោយ​ការជួញដូរ ក្រសួង​អភិវឌ្ឍន៍ សង្គម​និង​សន្តិសុខ​មនុស្ស​របស់​ថៃ បាន​ជួយ​កុមារ​ទាំង​៤​នាក់​នេះ ដែល​រងគ្រោះ​ដោយ​ការជួញដូរ និង​បាន​រក្សាទុក​នៅ​មជ្ឈមណ្ឌល​គាំពារ​សុខុមាលភាព​សម្រាប់​ជនរងគ្រោះ​ដោយ​ការជួញដូរ ហើយ​បាន​ជូន​ព័ត៌មាន ទៅ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​៕ ល​