ដោយ: មុនីរ័ត្ន / ភ្នំពេញ: ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ត្រូវបានបន្តរំខានដោយសេចក្តីថ្លែងការណ៍ព័ត៌មានមួយផ្សេងទៀតចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់លោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលនៅតែបន្តទាមទារដោយគ្មានមូលដ្ឋាន សម្រាប់បុគ្គលដែលកំពុងមានជម្លោះផ្លូវច្បាប់ បើទោះជាមានការវិវឌ្ឍជាវិជ្ជមានក្តី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យតុលាការបញ្ចប់ការស៊ើបអង្កេតអោយបានឆាប់ឬទម្លាក់បទចោទ មានន័យស្មើនឹងការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ មានចែងក្នុងមាត្រា៥១ មាត្រា១២៨ និងមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពបែបនេះ ពុំមានអំណោយផលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជាឡើយ។ ការកែសម្រួលលើលក្ខខណ្ឌមួយចំនួននៃការត្រួតពិនិត្យរបស់តុលាការចំពោះលោក កឹម សុខា គឺជាលទ្ធផលដែលកើតចេញពីការគោរពកាតព្វកិច្ចតុលាការនាពេលកន្លងមក និងឈរលើមូលដ្ឋានមនុស្សធម៌ពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់គាត់។ ទោះជាយ៉ាងណា លោក កឹម សុខា នឹងត្រូវទទួលបានការជំនុំជម្រះប្រកបដោយភាពយុត្តិធម៌ បន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់តាមនីតិវិធី។
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស នៅតែបន្តធ្វើអោយមានការភ័ន្តច្រឡំពីត្រូវមកខុស។ ការថ្លែងសារនយោបាយ និងការបញ្ចេញមតិទៅលើកិច្ចការងារសាធារណៈជាមួយពាក្យជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ការប្រកាន់ជាតិសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ពុំមានតម្លៃស្មើនឹងសេរីភាពបញ្ចេញមតិ និងយោបល់ឡើយ។ គ្រប់វិធានការច្បាប់ដែលអាជ្ញាធរកម្ពុជា បានអនុវត្តកន្លងមក គឺពុំមានពាក់ព័ន្ធនឹងហេតុផលនយោបាយទេ ។ វិធានការទាំងនោះស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩) និងក្រមព្រហ្មទណ្ឌកម្ពុជា (មាត្រា៤៥១ និងមាត្រា៤៥៣)។
នៅកម្ពុជា អ្នកបំពានច្បាប់នឹងត្រូវបានចោទប្រកាន់និងកាត់ទោសតាមនីតិវិធី ដោយឈរលើមូលដ្ឋាននៃបទល្មើសប្រកបដោយភស្តុតាងរឹងមាំ ពុំមែនដោយសារតែជនល្មើសស្ថិតក្នុងក្រុមណាមួយនោះឡើយ ។ បទល្មើស គឺជាបទល្មើស ហើយមិនអាចប្រើជាទឡឺករណ៍ សម្រាប់គោលបំណងផ្សេងណាមួយទៀតឡើយ។ ការអនុវត្តបែបនេះគឺដូចគ្នានៅក្នុងសង្គមប្រជាធិបតេយ្យដទៃទៀត ។
ស្ថានបេសកកម្មកម្ពុជាសូមក្រើនរំឭកអ្នករាយការណ៍ពិសេសថា អាណត្តិរបស់អ្នករាយការណ៍គឺជួយកម្ពុជានៅក្នុងការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រិត្យ មិនលម្អៀង សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនបំផ្លែងទៅជារឿងនយោបាយ។ អ្នករាយការណ៍ពិសេសពុំមែនជាចៅក្រម ដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ៕ ល