ស្ថាបនាសួនច្បារថ្មី១កន្លែងនៅតាម​បណ្តោយផ្លូវភ្នំពេញ ហាណូយ ខណ្ឌ​​សែន សុខ នឹងលេចចេញជារូបរាង​ឡើង៦ខែទៀត

254
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់ស្រស់បំព្រងមួយកម្រិតថែមទៀត និងដើម្បីឱ្យប្រជាពលរដ្ឋបានដើរលំហែលកាយ ហាត់ប្រាណផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាសួនច្បារថ្មី១កន្លែងទៀត ដែលមានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ នៅតាមបណ្តោយមហាវិថីភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ក្នុងខណ្ឌសែន សុខ ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃ ១៧ កុម្ភៈ ២០២០នេះថា៖ រដ្ឋបាលរាជ ធានីភ្នំពេញ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាសួនច្បារថ្មី១កន្លែងទៀត នៅតាមបណ្តោយមហាវិថី ភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ដែលមានប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។

លោកថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០២០ ហើយជាគំរោងសួនច្បារនេះគ្រោះនឹងស្ថាបនា ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែទៀត។

លោកប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បានបញ្ជាក់ឱ្យដឹងទៀតថា៖សួនច្បារថ្មីនេះ នឹងរៀបចំឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារ ។ លោកក៏បានបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធនឹងការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។

លោកសំ សាមុត បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោក ឃួង ស្រេង អភិបាលភ្នំពេញ បានណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕/b