ស្ថាបនា​ខ្លោងទ្វារ​ថ្មី​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ដើម្បី​បង្កើន​សក្តានុពល និង​សោភ័ណភាព​សម្រាប់​វិស័យ​ទេសចរណ៍​

191
ចែករម្លែក

ដោយ​: បូកគោ​
​កំពត​:
រដ្ឋបាលខេត្ត​បន្ថែម​សមិទ្ធផល​ថ្មី​ដើម្បី​បង្កើន​សក្តានុពល និង​សោភ័ណភាព​ក្រុង​សម្រាប់​ទាក់​ទា​ញ្នែ​ក​វិស័យ​ទេសចរណ៍​តាមរយៈ​ការស្ថាបនា​ខ្លោងទ្វារ​ដ៏​ល្អ​ប្រណីត​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​។​

​ក្នុងឱកាស​នៃ​ពិធី​ក្រុង​ពាលី​សាងសង់​ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​ខេត្តកំពត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្តទុកដាក់​ជា​ប្រក្រតី​រាល់​គម្រោង នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​។ ដោយឡែក ការសាងសង់​ខ្លោងទ្វារ​ថ្មី​សម្រាប់​ពហុ​កីឡដ្ឋាន ក្រោម​គម្រោង​របស់​រដ្ឋ​បាល​ខេត្តកំពត​ជា​កិច្ច​បន្ថែម​សមិទ្ធផល និង​បង្កើន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​សោភ័ណភាព​ក្នុង​ក្រុង​ឱ្យ​កាន់តែ​សម្បូរបែប​។ សមិទ្ធិ​ដែល​នឹង​លេចចេញ​រូបរាង​ឡើង​នៅ​អំឡុង​ប្រមាណ​បី​ខែ​ខាងមុខនេះ​ក៏​ជា​ផ្នែក​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ក៏ដូចជា​ពិធី​ផ្សេងៗ​ទៀត ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ខណៈពេល កម្ពុ​ជាមាន​កិត្តិយស​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ពិធី​លំដាប់​កម្រិត​អន្តរជាតិ​នោះ​។

​លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ថា​ដើម្បីឱ្យ​សមិទ្ធផល​ប្រកបដោយ​រចនាបថ​ដ៏​ល្អ​ប្រណីត​ក្រោម​ស្នាដៃ​វិស្វករ​យ៉ាង​ស្ទាត់ជំនាញ​នេះ​កើត​ឆាប់រហ័ស និង​ប្រកបដោយ​គុណភាព​តាម​ការគ្រោងទុក សូម​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុង​ការជំរុញឱ្យ​ដំណើរការ​សាសង់​សម្រេចបាន​ជោគជ័យ​ដោយ​គ្មាន​ភាព​រាំងស្ទះ​។

​សូមបញ្ជាក់ថា ខ្លោងទ្វារ​ថ្មី​សម្រាប់​ពហុ​កីឡដ្ឋាន​នេះ ជា​គម្រោង​របស់​រដ្ឋបាល​ខេត្តកំពត​ដោយ​អនុវត្តន៍​តាម​រចនាបថ​ប្លង់​ចេញពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ដែលមាន​ច្រកចេញចូល​ភ្លោះ និង​មាន​ទំហំ​៤៨​ម៉ែត្រ កម្ពស់​១១​ម៉ែត្រ ទល់មុខ​រង្វង់​មូល​រូបសំណាក​ផ្លែ​ទុរេន​៕ ល​