ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ និង​ដាក់​ប្រព័ន្ធ​លូ​មួយ​ខ្សែ ជូន​ពលរដ្ឋ​ក្នុង​សង្កាត់​ក្រាំង​ពង្រ

991
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​លោក​អភិបាលរង មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ៣៩៥​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ ១​ខ្សែ ប្រវែង ៤០០​ម៉ែត្រ មុខកាត់ ០,៦​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទឹកថ្លា និង​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ។​
​ក្នុង​ពិធី​នោះ​លោក​អភិបាលខណ្ឌ​ដង្កោ​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក បញ្ហា និង​តម្រូវការ​នានារ​បស់បង​ប្អូន​នៅ​មូលដ្ឋាន​។ លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយ​ថ្ង្ងៃ​ក្រោម ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហាលំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម​ដំបូល​សន្តិភាព​។​
​ជាមួយគ្នា​នោះ​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បានឱ្យដឹងថា​៖​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ​ថ្មី ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ ឆ្នាំ​២០១៨ ដែល​ផ្លូវ​បេតុង​មាន​ប្រវែង ៣៩៥​ម៉ែត្រ​និង ទទឹង​ប្រវែង​៤​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទឹកថ្លា និង ប្រព័ន្ធ​លូ ១​ខ្សែ ប្រវែង ៤០០​ម៉ែត្រ មុខកាត់ ០,៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សំព័រ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​បញ្ជៀ​ស​ការលិចលង់ និង​មាន​សោ​ភណ្ឌ​ភាព​ក្នុង​ការរស់នៅ​ផងដែរ​។​
​ក្នុងឱកាស​នោះដែរ​លោក នុត ពុធ​ដា​រ៉ា បានលើកឡើង​ទៀតថា​៖​បច្ចុប្បន្ន​យើង​ឃើញថា នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​ទាំងមូល ភាគច្រើន គឹជា​ផ្លូវ​បេតុង ដែល​អាជ្ញាធរ​ខិតខំ​ស្ថាបនា សម្រាប់​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​អភិបាល​ក៍បាន​សំណូមពរ ប្រជាពលរដ្ឋ ទាំងអស់ សូម​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា នាពេល​ខាងមុខនេះ​៕