ស្ថាបនិក​Huawei​និយាយ​ថា​ចំណូល​នឹង​ធ្លាក់​៣០​ពាន់​លាន

920
ចែករម្លែក

ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​Huawei​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា បាន​ប្រដូច​ក្រុមហ៊ុន​របស់​លោក​ទៅ​នឹង​យន្តហោះ​ដែល​ខូចខាត​ធ្ងន់ធ្ងរ​មួ​យ​និង​បាន​និយាយថា ចំណូល​នឹង​​ទាប​ជាង​ការព្យាករណ៍​ទុក​ចំនួន​៣០​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។​

​ក្រុម​បច្ចេកវិទ្យា​យក្ស​មួយ​នេះ នឹង​កាត់បន្ថយ​សមត្ថភាព​ផលិត​របស់ខ្លួន តែ​ចំណាត់ការ​របស់​អាម៉េរិក​ដើម្បី​រឹតត្បិត​ការងារ​រកស៊ី​របស់​វា​«​នឹង​មិន​អាច​បញ្ឈប់​យើង​បានទេ​» នេះ​​បើ​តាម​ស្ថាបនិក​ក្រុមហ៊ុន​លោក​រេ​ន ចេង​ហ្វេ​(Ren Zhengfei)​បាន​ប្រាប់​គណៈនាយក​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បានដាក់​Huawei​ទៅក្នុង​បញ្ជីខ្មៅ​មួយ មានន័យថា បណ្តា​ក្រុមហ៊ុន​អាម៉េរិក​ដែល​ចង់​លក់​ផ្នែក​ផ្សំ​ទៅអោយ​Huawei ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជ​​កម្ម​អាម៉េរិក​។​បំរាម​របស់​អាម៉េរិក​ក៏​បណ្តាល​អោយ​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ផ្តាច់​ការរកស៊ី​ជាមួយ​Huawei​ដោយ​ខ្លាច​ជាប់​ទណ្ឌកម្ម​អាម៉េរិក​។​

​លោក​រេ​ន បាន​និយាយថា Huawei​មិន​ដែល​គិត​ថា​រដ្ឋាភិបាល​អាម៉េរិក​នឹង​តាំងចិត្ត​អី​ខ្លាំង​ដល់​ម្លឹង​ដើម្បី​ចាត់វិធានការ​ខ្លាំងក្លា​មួយចំនួនធំ​មក​លើ​ក្រុមហ៊ុន​។​«​ខ្ញុំ​គិតថា​ភាគី​​ទាំង​ពីរ​នឹង​រងគ្រោះ​ដូចគ្នា​។​គ្មាន​នរណា​ឈ្នះ​ទេ​»​។​

​សូមបញ្ជាក់​ថា មន្ត្រី​អាម៉េរិក​បាន​ចោទប្រកាន់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដូចជា​Huawei ថា​លួច​ការសម្ងាត់​ពាណិជ្ជកម្ម​របស់​អាម៉េរិ​ក និង​គំរាម​សន្តិសុខ​ទូរគមនាគមន៍​។​ចំ​​ណាត់​ការ​របស់​អាម៉េរិក​កើត​ឡើង​ចំពេល​Huawei និង​គូប្រជែង​ត្រៀម​ដាក់​ដំណើរការ​បណ្តាញ​ចល័ត​5G ជំនាន់​បន្ទាប់​។​

​ទោះជា​យ៉ាងណា​លោក​រេ​ន​បាន​ធានាថា មិនមាន​«​ទ្វារក្រោយ​»​នៅក្នុង​ឧបករណ៍​របស់​Huawei ដែល​អាច​អោយ​នរណា​ម្នាក់​លបលួច​ចូល​បាន ហើយ​ថា​Huawei មានបំណង​​ធ្វើ​កិច្ចព្រមព្រៀង​មួយ​អំពី​សន្តិសុខ​នៃ​ផលិតផល​របស់​ខ្លួន ជាមួយ​ប្រជាជាតិ​ណាមួយ​ក៏​បាន​អោយតែ​ចង់​៕​ដោយ​៖​វាសនា​

លោក​រេ​ន ចេង​ហ្វេ និយាយ​នៅ​តុមូល​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​Huawei​នៅ​ក្រុង​សិន​ចិន ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​