ស្ថាបនិក Huawei និយាយថា អាមេរិក​មើលស្រាល​ក្រុមហ៊ុន​ចិន​នេះ​ពេក​ហើយ បន្ទាប់ពី​ផ្តល់​ការលើកលែង ៩០ ថ្ងៃ​

710
ចែករម្លែក

​ស្ថាបនិក​ក្រុមហ៊ុន Huawei Technologies Co លោក រិ​ន ចេង​ហ្វី (Ren Zhengfei) បាន​វាយប្រហារ​ដោយ​សម្តី​ធ្ងន់ៗ​ប្រឆាំងនឹង​ការប៉ុនប៉ង​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​រារាំង​មហិច្ឆតា​សកល​របស់​ក្រុមហ៊ុន ដោយ​និយាយថា សហរដ្ឋអាមេរិក “​មើលស្រាល​” ភាពខ្លាំង​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​នេះ​ពេក​ហើយ​។​

​លោ​ករិន​បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណា​ល់ ត្រាំ​បានចេញ​បទបញ្ជា​ប្រតិបត្តិ​ក្នុង​គោលបំណង​ធ្វើឱ្យ​រាំងស្ទះ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei នៅក្នុង​សហរដ្ឋអាមេរិក ដោយ​ព្យាយាម​បញ្ឈប់​ការប្រឹងប្រែង​រាប់​ខែ​របស់ Huawei ដើម្បី​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ខាង​បច្ចេកវិជ្ជា 5G ជំនាន់​ក្រោយ​។​

​យោងតាម​ទូរទស្សន៍ CCTV លោ​ករិន​បាន​និយាយថា “​ការអនុវត្ត​បច្ចុប្បន្ន​របស់​អ្នកនយោបាយ​អាមេរិក​គឺ​មើលស្រាល​ចំណុចខ្លាំង​របស់​យើង​ពេក​ហើយ​។ 5G របស់ Huawei នឹងមិន​រង​ផលប៉ះពាល់​ឡើយ​។ ទាក់ទង​ទៅនឹង​បច្ចេកវិជ្ជា 5G អ្នកផ្សេង​ទៀត​នឹង​មិនអាច​តាម​ទាន់​ក្រុមហ៊ុន Huawei ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​”​។​

​កាលពី​សប្ដាហ៍​មុន លោក​ត្រាំ​បានប្រកាស “​ភាពអាសន្ន​ជាតិ​” ដែល​ផ្តល់​អំណាច​ដល់​គាត់​ក្នុង​ការដាក់​ក្នុង​បញ្ជីខ្មៅ​រាល់​ក្រុមហ៊ុន ដែល​គាត់​ចាត់ទុកថា​ជា “​ហានិភ័យ​មិនអាច​ទទួលយកបាន​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​”​។​

​ស្របពេល​ជាមួយគ្នានេះដែរ​ក្រសួងពាណិជ្ជកម្ម​អាមេរិក​បានប្រកាស​ហាម​ឃាត់​លើ​ក្រុមហ៊ុន​អាមេរិក​នានា​កុំឱ្យ​លក់​ផលិតផល​ឬ​ផ្ទេរ​បច្ចេកវិជ្ជា​ឱ្យទៅ​ក្រុមហ៊ុន Huawei​។ ប៉ុន្តែ​ក្រសួង​កាលពី​ថ្ងៃ​ចន្ទ​បានចេញ​ផ្សាយ​ការលើកលែង​រយៈពេល ៩០ ថ្ងៃ​លើ​បម្រាម​នៃ​ការផ្ទេរ​បច្ចេកវិជ្ជា​។​

​ក្រសួង​បាន​និយាយថា ខ្លួន​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Huawei ទិញ​ទំនិញ​ផលិត​នៅ​អាមេរិក​ដើម្បី​ថែរក្សា​បណ្តាញ​ដែលមាន​ស្រាប់​និង​ផ្តល់នូវ​ការធ្វើ​បច្ចុប្បន្នភាព​សូ​ហ្វ​វែ​ដល់​ទូរស័ព្ទ​របស់ Huawei ។ ក្រុមហ៊ុន​នេះ​នៅតែ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទិញ​គ្រឿងបន្លាស់​និង​សមាសធាតុ​ផ្សេងទៀត​របស់​អាមេរិក​ដើម្បី​ផលិត​ផលិតផល​ថ្មីៗ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពិសេស​ពី​រដ្ឋាភិបាល​អាមេរិក ដែល​ទំនងជា​ត្រូវបដិសេធ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក​វី​ល​បួ រ៉ូ​សបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការផ្តល់​សិទ្ធិ​ថ្មី​នេះ​គឺមាន​បំណង​ទុកពេល​ឱ្យ​បណ្តាល​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ដែល​ពឹង​ផ្អែកលើ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ដើម្បី​រៀប​ចំការ​ណាត់ជួប​ជាមួយ​ក្រុមហ៊ុន​ផ្សេង​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋបាល​ត្រាំ​អនុគ្រោះ​ដល់​ការផ្ទេរ​បច្ចេកវិជ្ជា​ដល់​ក្រុមហ៊ុន Huawei ៩០ ថ្ងៃ
#