ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ចំនួន​បី​ផ្សព្វផ្សាយ​អំពី​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​

101
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ចំនួន​បី​បាន​ប្រារព្ធ​សន្និសីទ​រួមគ្នា​មួយ​ស្តីពី​កម្មសិទ្ធិបញ្ញា​ក្រោម​ប្រធានបទ​«​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​»​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​កិច្ចការពារ​កម្ម​សិទ្ធ​បញ្ញា​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទាក់ទាញ​ការវិនិយោគ​។​

សន្និសីទ​រួមគ្នា​ស្តីពី​កម្មសិទ្ធិបញ្ញា​នេះ​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប (EP0) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ មករា​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​រាជា​ធានី​ភ្នំពេញ​។​ប្រតិភូ​អន្តរជាតិ​មកពី​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​ប្រតិភូ​មកពី​អង្គភាព​កម្មសិទ្ធិបញ្ញា​ប្រទេស​ប្រ៊ុយណេ​ឡាវ​និង​មី​យ៉ាន់​ម៉ា​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​តំណាង​ក្រសួង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​បាន​ចូលរួម​ក្នុង​អង្គ​សន្និសីទ​រួម​នេះ​។​

លោក ង៉ែត វិបុល ទី​ប្រ​ក្សា​និង​ជា​អគ្គនាយករង​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍ថា​៖​គោលបំណង​នៃ​សន្និសីទ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ចែករំលែក​បទពិសោធ​ន៍​អំពី​ការទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ដល់​អង្គភាព​កម្ម​សិទ្ធិ​បញ្ញា​។​ជាពិសេស​ផ្តល់​ចំណេះដឹង និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា និង​ការបង្កើត​ថ្មី ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។​

​លោកស្រី Camen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖​កម្មសិទ្ធិបញ្ញា មាន​សារៈសំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​។​កម្ពុ​ជាមាន​ឥទ្ធិពល​ធំ​សម្រាប់​ភាព​ច្នៃប្រឌិត​ថ្មី​កំណើនសេដ្ឋកិច្ច​និង​ភាព​ប្រកួតប្រជែង​។​លោក​AntonioCampinos​ប្រធាន​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​(EP0)​បាន​មានប្រសាសន៍ថា​៖​ប្រកាសនីយបត្រ​តក្កក​ម្ម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​បច្ចេក​វិជ្ជា​និង​ការច្នៃប្រឌិត​ថ្មីៗ​ផងដែរ​ចំណែក​កម្មសិទ្ធិបញ្ញា​មាន​សារៈសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​។​

លោក​បាន​បន្តថា​៖​សន្និសីទ​នឹង​ផ្តល់ព័ត៌មាន​និង​ចំណេះដឹង​បន្ថែមទៀត​អំពី​ប្រកាសនីយបត្រ​តក្កកម្ម​កា​រ​ទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​និង​កិច្ចសហប្រតិបត្តិការ​ប្រកាស​នី​យ​ប​ត្រ​តក្កកម្ម​រវាង​ក្រសួង​ឧស្សាហកម្ម​&​សិប្បកម្ម​និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​។​

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​រួម​ស្តីពី​កម្មសិទ្ធិបញ្ញា​ស្តីពី​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍ថា​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សហការ​ជាមួយ​EPO និង EuroCham ។ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ចាប់តាំងពី​មាន​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា រវាង​ស្ថាប័ន​ទាំងពីរ ចាប់ពី​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដ៏​វាងវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន​គួបផ្សំ​ជាមួយនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥-២០២៥ សម្រេចបាន​ការអភិវឌ្ឍ​ឧស្សាហកម្ម​ប្រកបដោយ​ចិ​រ​ភាព​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​រីកចម្រើន​ថែមទៀត​។​

​ជាក់ស្ដែង​ក្នុង​ក្របខ័ណ្ឌ​កម្មសិទ្ធិបញ្ញា​ក្រសួង​បាន​បន្ត​ពង្រឹង​កិច្ចការ​ការពារ​សិទ្ធិ​កម្ម​ឧស្សាហកម្ម​ដែល​ក្នុងនោះ​មាន​ប្រកាសនីយបត្រ​តក្កកម្ម​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​បច្ចេក​វិជ្ជា​និង​ការច្នៃប្រឌិត​ថ្មីៗ​ផងដែរ​។​ដើម្បី​សម្រេច​ការងារ​នេះ​ក្រសួង​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​និង​បណ្តា​អង្គភាព​កម្មសិទ្ធិបញ្ញា​លើ​ពិភពលោក​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការងារ​ប្រកាសនីយបត្រ​តក្កកម្ម​ដំណើរការ​ល្អប្រសើរ​និង​ស៊ីសង្វាក់​គ្នា​ជាមួយ​អន្តរជាតិ​និង​ជំរុញ​ឲ្យ​មាន​ការសុំ​ចុះបញ្ជី​ការពារ​សិទ្ធិកម្មសិទ្ធិ​ឧស្សាហកម្ម​នៅ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​។​

​លោក​បាន​បញ្ជាក់ថា​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទទួល​ស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​។​ជា​លទ្ធផល​យើង​ទទួលបាន​២៣០​សំណើ​ដែល​សុំ​ទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​អឺរ៉ុប​នៅ​កម្ពុជា តាមរយៈ​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប នៅ​ទីក្រុង​ម៉ុ​យ​និ​ច​ប្រទេស​អាល្លឺម៉ង់​។​

​លើសពីនេះ​ទៀត​ស្ថាប័ន​យើង​ទាំងពីរ​ក៏មាន​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​លើ​ការបណ្តុះបណ្តាល​និង​សមត្ថភាព​មន្ត្រី​ជំនាញ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​ប្រព័ន្ធគ្រប់គ្រង​ប្រកាសនីយបត្រ​សក​កម្ម​និង​រៀបចំ​កម្មវិធីសិក្សា​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​ដ​ល់​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បន្ថែមថា​៖​ដើម្បី​ពង្រឹង​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​បន្ថែមទៀត ក្រសួង​បានធ្វើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្រ​ការ​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​មួយចំនួនរួមមាន៖អង្គភាពកម្មសិទ្ធិបញ្ញសិង្ហបុរី(IntellectualPropertyOfficeofSingapore=IPOS)​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​(JapanPatent Office = JPO) រដ្ឋបាលជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ចិន (China National Intellectual Property Administration =CNIPA) និង អង្គភាព​កម្មសិទ្ធិបញ្ញា​កូរ៉េ (Korea IntellectualProperty Office=KIPO)​។​ថ្មីៗ​នេះ​ក្រសួង​កំពុង​រៀបចំ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម និង​ម៉ាក សហរដ្ឋ​អា​មេ​រិច​(UnitedStatePatentTrademarkOffice=USPTO)​ផងដែរ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​គូសបញ្ជាក់​បន្ថែមថា​សន្និសីទ​នេះ​នឹង​រួមចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ជំរុញ​ការច្នៃប្រឌិត​និង​បង្កើត​ថ្មី​ផ្ទេរ​បច្ចេកវិទ្យា​ពង្រីក​សកម្មភាព​ស្រាវជ្រាវ​និង​អភិវឌ្ឍ​(Research&Development)​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​បង្កើន​ការទុកចិត្ត​ដល់​អ្នក​វិនិយោគិន​នាំយក​បច្ចេកវិជ្ជា​ថ្មីៗ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​កាន់តែ​ជឿនលឿន​ទៅមុខ​៕S/

​ចំណងជើង​៖​ស្តីពី​កម្មសិទ្ធិបញ្ញា​ក្រោម​ប្រធានបទ​«​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​»(​រូបៈ​សុផល​)​