ស្ថាប័ន​អប់រំ​នូ​វែ​ល​ហ្សេ​ឡង់​ចំនួន​១៤ តាំងពិព័រណ៍​ការសិក្សា​នៅ​កម្ពុជា​

1148
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញ​៖ ស្ថាប័ន​អប់រំ​នូ​វែ​ល​ហ្សេ​ឡង់​ចំនួន​១៤ បានមក​តាំងពិព័រណ៍​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​ផ្ទាល់​ពិភាក្សា​ពី​ជម្រើស​សិក្សា​ជាមួយ​សិស្ស​និស្សិត​កម្ពុជា និង​ឪពុកម្តាយ​របស់​ពួកគេ​។ មាន​សិស្ស​និស្សិត​និង​មាតាបិតា​សរុប​ជិត​៤០០​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

​ពិព័រណ៍​ការសិក្សា​នេះ នៅតែ​បន្ត​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​និង​ឪពុកម្តាយ​របស់​ពួកគេ​ដើម្បី​ជួប​ផ្ទាល់​ជាមួយ សាលារៀន សាកលវិទ្យាល័យ និង​អ្នកផ្តល់​ការអប់រំ នៅ​ទូទាំងប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។ ស្ថាប័ន​ដែល​ចូលរួម​បានផ្តល់​ជម្រើស​សិក្សា​ពី​វិទ្យាល័យ ថ្នាក់​ប​ចេ្ច​ក​ទេស និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។

​ការចូល​រួមជាមួយ​ស្ថាប័ន​ណូ​វែ​ល​ហ្សេ​ឡង់​ក្នុងការ​តាំងពិព័រណ៍​នេះ មាន​អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) ដើម្បី​ពិភាក្សា​អំពី​ឱកាស​សិក្សា​ភាសា​អង់គ្លេស​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​។​អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​អន្តរជាតិ IELTS កម្ពុជា​ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​អំពី​ការចុះឈ្មោះ​និង​ការធ្វើ​តេស្ត​ផងដែរ​។​

​លោក ម៉ៅ​ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា “​នេះ​គឺជា​ឱកាស​តែមួយគត់​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែលមាន​គម្រោង​សិក្សា​នៅ​បរទេស​” ។​

​លោក​បាន​បន្ថែម​ផងដែរ​ថា «​ដោយយោង​តាម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ការទទួលបាន​ការអប់រំ​អន្តរជាតិ​អាចជា​ទ្រព្យសម្បត្តិ​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។ ដូចនេះ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើស​រើសយក​ការសិក្សា​នៅក្រៅ​ប្រទេស ក្នុង​ផែនការ​អប់រំ របស់​ពួកគេ​ដោយ​ជឿជាក់ថា នេះ​នឹង​ធានា​លើ​ការប្រកួតប្រជែង​សម្រាប់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​”​។ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កំពុង​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើសរើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​»​។​

​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស លោក ឈាង វ៉ាន់​តាក់ បាន​មានប្រសាសន៍ថា​៖ “​យើង​ផ្តល់​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្តល់​សេវាកម្ម​ដ៏​ល្អ​បំផុត​សម្រាប់ សិស្ស​និស្សិត និង អាណាព្យាបាល​នេះ​គឺជា ឱកាស​ដ៏​កម្រ​សម្រាប់​សិស្សានុសិស្ស និង​អាណាព្យាបាល មកជួប​អ្នកតំណាង​សាលា​មកពី​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ដោយ​ឥតគិតថ្លៃ​”​។​

​លោកស្រី Nguyen Thi Lam Giang អ្នកតំណាង​មកពី​សាកលវិទ្យាល័យ Waikato ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​លើកឡើងថា​៖ “​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ពួកយើង​មក​ចូលរួម​កម្មវិធី​នេះ​។ ពួកយើង​ធ្លាប់​មក​ចូលរួម​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​មកហើយ ហើយ​ថ្ងៃនេះ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ផ្តល់​ពត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​របស់​សាកលវិទ្យាល័យ​របស់​ពួកយើង​ដូចជា ផ្នែក​គ្រប់គ្រង ផ្នែក​ជំនួញ ផ្នែក​វិស្វកម្ម ផ្នែក​អប់រំ​ផ្នែក​បដិសណ្ឋារកិច្ច​និង​ទេសចរណ៍​។​ពួកយើង​ក៏​ផ្តល់​ដំបូន្មាន​ទៅលើ​មូល​ហេតុដែល​សិស្ស និស្សិត​កម្ពុជា គួរតែ​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ និង អត្ថប្រយោជន៍​ដែល​សិស្ស និស្សិត​ទទួលបាន​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ទីនោះ​”​។

​កញ្ញា រស់ ស្រី​ម៉ុំ និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​សម្តែង​ចំណាប់អារម្មណ៍​ថា “​ខ្ញុំ​ចង់​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ពីព្រោះ​ប្រទេស​នេះ គឺជា​ប្រទេសមួយ​ដ៏​ស្រស់ស្អាត​ក្នុងចំណោម​ប្រទេស​ដទៃទៀត នៅលើ​ពិភពលោក ហើយ​វិស័យ​អប់រំ​នៅ​ទីនោះ មា​§​ន​គុណភាព​និង​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​”៕L