ស្ថាប័ន​អប់រំ​៣៦​មកពី​ប្រទេស​អូស្ត្រាលី​មក​តាំងពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​អូស្ត្រាលី​

1210
ចែករម្លែក

​ដោយ : សុផល​ / ​ភ្នំពេញ ៖ ស្ថាប័ន​អប់រំ​ចំនួន​៣៦​មកពី​ប្រទេស​អូស្ត្រាលី​ នឹង​មក​តាំងពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​អូស្ត្រាលី​នៅ​កម្ពុ​ជានា​រាជធានី​ភ្នំពេញ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​នេះ​ជា​លើក​ទី​២​ហើយ​ក្នុងឆ្នាំនេះ​ដែល​ស្ថាប័ន​អាយ​ឌី​ភី​អេ​ដ្យូ​ខេ​សិន​(IDP Education)​ដែលជា​អ្នកឯកទេស​ផ្នែក​ប​ញ្ចូ​ន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​បាន​ប្រមូលផ្តុំ​នូវ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​ម្តងទៀត​នៅ​ថ្ងៃទី ១២​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ ​ពិព័រណ៍​អប់រំ​នេះ ចាប់ផ្តើម​ពី​ម៉ោង ១​សៀ​ល ដល់​៧​ល្ងាច​ក្នុង​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ ពី​ការសិក្សា​នៅ​អូស្ត្រាលី​។ កម្មវិធី​ត្រូវបាន​បើក​ស្វា​រគម​ដល់​សាធារណជន ដោយ​សេរី​។​

​កញ្ញា ឆាង ពីសី សិស្ស​មកពី​វិទ្យាល័យ​ទួល​ទំពូង​ដែល​បានមក​ចូលរួម​កម្មវិធី ពិព័រណ៍​ការសិក្សា​នៅ​អូស្ត្រាលី កាលពី​ខែមីនា​បាន​និយាយថា “​នាង​ខ្ញុំ​ពិតជា​ចង់ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ពីព្រោះ​វា​ជា​ក្តី​ស្រមៃ​របស់​នាង​ខ្ញុំ​តាំងពី​កុមារភាព​មក​។ ចូលរួម​កម្មវិធី​ពិ​ពរណ៍​ការសិក្សា​នៅ​អូស្ត្រាលី​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន IDP Education ពិតជា​ធ្វើឱ្យ​ខ្ញុំ​យល់ដឹង​ច្រើន​ទាក់ទង​ទៅនឹង​បទបញ្ជា​របស់​សាលា និង​ពត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត​ទាក់ទង ទៅនឹង​ការសិក្សា​នៅ​បរទេស​»​។​”

និស្សិត​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ University of Technology Sydney បាន​យល់ឃើញថា “​សញ្ញាប័ត្រ និង​លទ្ធផល​នៃ​ការសិក្សា​នៅ​ប្រទេស​អួ​ស្ត្រា​លី​នឹង​ត្រូវបានគេទទួលស្គាល់​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​ឱកាស​ក្នុងការ​ស្វែងរក​ការងារ​នាពេល​អនាគត​នឹងមាន​ភាពងាយស្រួល​”​។​

ប្រទេស​អូស្ត្រាលី​គឺជា​ទិសដៅ​ដ៏​ពេញនិយម​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ​ក្នុង​ការបន្ត​សិក្សា​ដែល​ប្រទេស​នេះ​ត្រូវបានគេទទួលស្គាល់​ជា​សាធារណៈ​អំពី​ប្រព័ន្ធ​អប់រំ​លំដាប់​ពិភពលោក កម្រិតជីវភាព​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព និង​គុណសម្បត្តិ​ជាច្រើន​ដទៃទៀត​។​

​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៦ ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់បណ្ឌិត​មាន​វត្តមាន​ក្នុងការ​ផ្តល់យោបល់​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅឯ​ពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​អូស្ត្រាលី​។​ លើសពីនេះទៅទៀត​កម្មវិធី​នេះ​នឹងមាន​ការចូលរួម​ពី​វាគ្មិន ក៏ដូចជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ដើម្បី​ផ្តល់នូវ​គន្លឹះ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដល់​អ្នក​ចូល​រូ​ម​ផងដែរ​។ ពិ​ព័​ណ៍​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត​និង​អាណាព្យាបាល​ធ្វើការ​ជួប​ផ្ទាល់​ជាមួយ​សាលា​សាកលវិទ្យាល័យ និង ស្ថាប័ន​អប់រំ​ល្បីៗ​មកពី​ទូទាំង​អូស្ត្រាលី ដែល​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ការរស់នៅ និង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​។​

​បន្ថែមទៀត​នោះ​ក៏មាន​វត្តមាន​របស់​ម​ន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹងចូលរួម​ពិ​ព័​ណ៍​ការសិក្សា​នេះ​ផងដែរ​។ មន្ត្រី​អន្តោប្រវេសន៍​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ ថា​៖ “​ប្រទេស​អូស្ត្រាលី​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​ប្រទេសមួយ​ដែលមាន​ភាពសម្បូរ​បែប​និង​ការស្វាគមន៍​ហើយក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​ផ្តល់​ការអប់រំ​ថ្នាក់​ពិភពលោក​”​។​

​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល​(ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ ​មន្ត្រី​មណ្ឌល​ប្រលង​IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន​ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ​ប្រលង​និង​ការ​ត្រៀមប្រលង​IELTS​។​

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង​ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូ​ស្រា្ត​លី តាំងពី​ឆ្នាំ ១៩៩៤​។ IDP ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ​កាណាដា នូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ​។​ការប្រឹក្សា​នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​

IDP Education ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​៕

ការតាំងពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​អូស្ត្រាលី​កាលពី​ខែ​មិនា​ឆ្នាំ​២០១៨(​រូប : សុផល​)