ស្ថាប័ន ស៊ី​អេ​ហ្វ​អេ អាមេរិក ទទួលស្គាល់​កម្មវិធីសិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៃ​កម្ពុជា​

240
ចែករម្លែក

​ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ Raffles Hotel Le Royal វិទ្យាស្ថាន​ខេ​ម​អេ​ដ បានរៀបចំ​កម្មវិធី​សន្និសីទ ស្តីពី​ការទទួលស្គាល់ កម្មវិធីសិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ស្ថាប័ន ស៊ី​អេ​ហ្វ​អេ ( CFA ) ដែលមាន​ទីតាំង នៅក្នុង​សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយក នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ លោក Jong Weon Ha អគ្គនាយករង ផ្សា​រមូល​ប​ត្រ​កម្ពុជា អ្នកតំណាង​នៃ​ស្ថាប័ន CFA សាស្ត្រាចារ្យ និង​សិស្ស និស្សិត ប្រមាណ ១៧៥​នាក់​។​

លោក ស៊ូ សុជាតិ អគ្គនាយក នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

​ដោយ​មើលឃើញ​ពី​គុណភាព ផ្នែក​អប់រំ​របស់ វិទ្យាស្ថាន​ខេ​ម​អេ​ដ ស្ថាប័ន CFA បានផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ លើ​វិធី​សិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ជា​សមាជិក​ដំបូង​គេ របស់​ស្ថាប័ន CFA នៅ​កម្ពុជា​។ ស្ថាប័ន CFA គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ផ្តល់​ការទទួលស្គាល់ លើ​សញ្ញាបត្រ អ្នកជំនាញ ផែ្ន​ក​វិភាគ​ហិរញ្ញវត្ថុ ដែលមាន​ទីតាំង នៅក្នុង​សហរដ្ឋអាមេរិក និង​មានការ​ទទួលស្គាល់ នៅ​ជុំវិញ​ពិភពលោក​។ ដូច្នោះ​ហើយ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជាការ​ប្រកាស​ឲ្យ សាធារណជន បាន​ជ្រាប​ជា​ព័ត៌មាន និង​សំដែង​នូវ​ការកោតសរសើរ ដល់​វិទ្យាស្ថាន​ខេ​ម​អេ​ដ លើ​ការទទួលស្គាល់​នេះ​។​

​លើសពីនេះ លោក ខេ​ស៊ី បា​ណេ​ត បាន​បញ្ជាក់ថា វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺជា​វិទ្យាស្ថាន​តែមួយគត់ ដែល​ទទួលបាន​ចំណាត់ថ្នាក់ ផ្លា​ទី​នី​ម ពី​សមាគម​គណនេយ្យក​រ​ជំនាញ ACCA ដែលមាន​ទីតាំង នៅក្នុង​ចក្រភព​អង់គ្លេស លើ​ផ្នែក​គុណភាព នៃ​ការអប់រំ​ផ្នែក​គណនេយ្យករ​ជំនាញ ហើយ​ពេលនេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ ក៏មាន​ការទទួលស្គាល់ ជាថ្មី​មួយទៀត​ផងដែរ ពី​ស្ថាប័ន CFA ហើយ​នេះ គឺជា​មោទនភាព​មួយ សម្រាប់​និស្សិត អាណាព្យាបាល ក៏ដូចជា សាស្ត្រាចារ្យ និង​គណ​:​គ្រប់គ្រង​របស់ វិទ្យាស្ថាន​ខេ​ម​អេ​ដ ទាំងអស់​។

លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ

ជា​កិច្ចបញ្ចប់​កម្មវិធី អ្នកតំណាង បានប្រគល់​សញ្ញាបត្រ ដែលមាន​ការទទួលស្គាល់ និង​បញ្ជាក់​ពី​ការសហការ រវាង​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​ស្ថាប័ន CFA និង​មានការ​ថតរូប ទុកជា​អនុស្សាវរីយ៍​ផងដែរ​៕v