ស្ទឹង​មង្គល​បូរី ចាប់ផ្តើម​រីង​ខះ បណ្តើរៗ​ហើយ មន្ត្រី​ថា មកពី​ការបូមទឹក​ធ្វើស្រែ​ប្រាំង លើក​ទី​២ ហួស​កម្រិត​

322
ចែករម្លែក

​ដោយ : ប​.​ជ័យ​
​បន្ទាយមានជ័យ : ស្ទឹង​មង្គល​បូរី ដែលជា​ស្ទឺ​ង​ធំ​បង្អស់​ទី​១ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​រីង​ខះ បណ្តើរៗ​ហើយ ។ មន្ត្រី បាន​អះអាងថា នោះ​មកពី​ការបូមទឹក ធ្វើស្រែ​ប្រាំង​លើក​ទី​២ ហួស​កម្រិត ។​

​ប្រជាពលរដ្ឋ រស់​នៅតាម​ដងស្ទឹង និង​ទទួលផល​ពី​ការប្រើប្រាស់​ទឺ​ក នៃ​ស្ទឹង​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា​ថាៈ ពួកគេ​បាន​នឹង​កំពុង​ព្រួយបារម្ភ យ៉ាង​ជ្រាលជ្រៅ លើ​ការខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ ព្រោះ​ក្នុង​ផ្នែក​មួយចំនួន ក្នុង​ដងស្ទឹង​នេះ ដូចជា ចាប់ពី​ម្តុំ​ផ្សារ មង្គល​បូរី ដល់​ភូមិ​កសាង​ថ្មី ឃុំ​ឫស្សី​ក្រោក ឃុំ​គយ​ម៉ែង បាន​កំពុងតែ​រីង​ខះទឹក បណ្តើរៗ​ហើយ ។​

ស្ទឹង​មង្គល​បូរី​ ចាប់ផ្តើម​រីង​ខះ​បណ្តើរៗ​ហើយ

​ពលរដ្ឋ ភ្នាក់ងារ​ភួ​មិ និង​មន្ត្រី​អាជ្ញាធរ​ឃុំ បាន​និយាយថាៈ មូលហេតុ​នោះ មកពី​បងប្អូន​ប្រជាកសិករ បាននាំគ្នា​សម្រុក​ធ្វើស្រែ​ប្រាំង ច្រើន​ហួស​កម្រិត ហើយ​ស្ថានភាព​អាកាសធាតុ ក៏​ក្តៅ​ហួតហែង​ខ្លាំង​ផង និង​បរិមាណ​របាយ​ទឺ​ក​ភ្លៀង ក៏ដូចជា​ធារទឹក​ក្នុង​ពោះ​ស្ទឹង មាន​ចំនួន​តិច​ស្រាប់​ផង ។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា​ថាៈ ទឹក​ក្នុង​ដងស្ទឹង​មង្គល​បូរី ឆ្លងកាត់​ភូមិសាស្ត្រ ស្រុក​មង្គល​បូរី បាន​ស្រក​ចុះ​យ៉ាងគំហុក តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ ។ នោះ​មកពី​ទឹកភ្លៀង ចុងដៃ​តិច ហើយ​ទឹក​ហូរ​ពី​ខ្សែទឹក​ខាងលើ​មក ក៏​តិច និង​បញ្ហា​ធំ​បំផុត​នោះ គឺ​កសិករ បាន​សម្រុក​ធ្វើស្រែ​ប្រាំង ចុងរដូវ​វស្សា (​ឬ​ស្រូវប្រាំង​លើក​ទី​២) មាន​ចំនួន​ច្រើន​ហួស​កម្រិត ។ ពោលគឺ​ក្នុងស្រុក​មង្គល​បូរី ផែនការ​ណែនាំ​ឱ្យធ្វើ​ស្រូវប្រាំង ដើមរដូវ​វស្សា ឆ្នាំ​២០១៨-១៩ នេះ មានតែ ៦.៥០០ – ៧.៥០០ ហិកតា ប៉ុន្តែ​ជាក់ស្តែង កសិករ​ធ្វើ​ដល់​ទៅ ៤៧.០០០ ហិកតា​ឯណោះ ។ ហើយ​ស្រូវប្រាំង​ចុងរដូវ​វស្សា ធ្វើបាន​ជាង ៣០.០០០ ហិកតា ។ ដូច្នេះ ការបូមទឹក​ស្រោចស្រព ក៏ត្រូវ​ការ​ច្រើន​ហួសប្រមាណ​។​

ស្ទឹង​មង្គល​បូរី​ ចាប់ផ្តើម​រីង​ខះ​បណ្តើរៗ​ហើយ

​ទោះបីជា​យ៉ាងណាក៏ដោយ លោក រ័ត្ន ដា​ស៊ី​ណង់ អះអាង​ពី​ការចៀសវាង ការបន្ទោស​កសិករ ពី​ករណីនេះ ព្រោះ​យល់ថា បងប្អូន​ពលរដ្ឋ បាន​ខិតខំ បង្កបង្កើនផល ចំពេល​បរិយាកាស​ស្រូវ ឆ្នាំនេះ ឡើងថ្លៃ ។​ ​ម្យ៉ាងទៀត វា​ដូចជា​សំណាង​ដែរ ដោយសារតែ​ស្រូវប្រាំង ចុងរដូវ​វស្សា​ទាំងនោះ បាន​ទុំ និង​ប្រមូល​ផល ប្រមាណ​ជាង ៨០ ភាគរយ​ទៅហើយ​ដែរ ។ ហើយ​ស្រូវ​នៅសល់ ដែល​ប្រឈម​ការខ្វះ​ទឹក​ស្រោចស្រព មាន​មួយចំនួន​តូច នៅ​ឃុំ​បត់​ត្រង់​, ឃុំ​ឫស្សី​ក្រោក , ឃុំ​គយ​ម៉ែង ដូច្នេះ​សុំ​ឲ្យ​បងប្អូន​ប្រជាកសិករ ក្នុងស្រុក​នេះ ជួយ​ថែ​រក្សាទុក​ទឹក សន្សំសំចៃ​ប្រើប្រាស់​ទឹក ព្រោះ​តាម​ការ​ព្យាករ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដូវប្រាំង​ឆ្នាំនេះ ប្រឈម​នឹង​ការខ្វះ​ទឹក ដូច​ឆ្នាំ​២០១៦​ទៀត ។ ឯ​លទ្ធភាព​នាំ​ទឹក ពី​អាង​កំពីងពួយ ខេត្តបាត់ដំបង មក​បំពេញ​ក្នុង​ស្ទឹង​មង្គល​បូរី ដូច​មុន ក៏​មិន​ងាយស្រួល​ដែរ​។​

​សូម​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ ស្ដីពី​ការចាត់វិធានការ ការថែរក្សា​ទឹក នៅ​ដើមឆ្នាំ​២០១៩ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា អាច​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក ដោយ​ឆ្នាំនេះ រដូវប្រាំង ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា អាច​ហក់​ឡើង​ពី ៤០-៤២ អង្សា​សេ​។​ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ហាម​មិន​ឲ្យ​មានការ​ធ្វើស្រែ​ប្រាំង ជា​លើក​ទី​២​នោះទេ ដើម្បី​រក្សា​ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ស្រោចស្រព ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ក្រៅពី​ដំណាំ​ស្រូវ ៕v

ស្ទឹង​មង្គល​បូរី​ ចាប់ផ្តើម​រីង​ខះ​បណ្តើរៗ​ហើយ