ស្នងការដ្ឋានខេត្តមណ្ឌលគិរីថ្លែងប្រតិកម្មនិងឆ្លើយបំភ្លឺ ករណីហ្វេសបុកមួយចោទប្រកាន់

470
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ នៅបន្ទាប់ពីមានការចុះផ្សាយពីគណនីហ្វេបុកមួយ បង្ហោះចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ នៅព្រឹកថ្ងៃទី២៤កក្កដានេះ លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការបំភ្លឺជូនសាធារណៈជន ដែលមានខ្លឹមសារជាអាថ៌ថា ៖

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖ ចំពោះការចុះផ្សាយក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះ ជា យោធិន ដែលបានធ្វើការចែកផ្សព្វផ្សាយបន្ត (Share) ចេញពី Khmer Share News ដែលបានសរសេរថាៈ «រលាយហើយយ តាមពិតស្នងការរងខេត្តមណ្ឌលគិរីសោះ គឺជាអ្នកកាងឈើ ដឹកយកទៅលក់នៅវៀតណាម» ។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមបំភ្លឺបញ្ជាក់ថាៈ រូបភាព និងការចុះ ផ្សាយ នេះ គឺជា រូបភាពចាស់ដែលចុះផ្សាយតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩មកម្លេះ នេះគឺជាការចុះផ្សាយព័ត៌មានមិនពិត ចុះបំភ្លៃគ្មានមូលដ្ឋានពិតប្រាកដច្បាស់លាស់ និងមានចេតនាបង្កាច់បង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូរបស់កងកម្លាំង ស្ថាប័នមានសមត្ថកិច្ច។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីយើងខ្ញុំ មិនអាចទទួលយកបានទេ និងសូមបដិសេធទាំងស្រុង ។ រយៈពេលកន្លងមក ស្នងការដ្ឋាននគរបាលខេត្តយើងខ្ញុំ បានធ្វើផែនការបែងចែកកម្លាំង និងត្រៀមអន្តរាគមន៍ ចុះតាមគោលដៅ ដើម្បីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗជាប្រចាំ នៅទូទាំងខេត្ត និងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការចង្អុលដឹកនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើអោយបទល្មើសនៅទូទាំងខេត្តមានការថយចុះ។

ចំពោះការចុះផ្សាយខាងលើនេះ គឺជាការចែកផ្សព្វផ្សាយបន្ត(Share)គ្នានូវរូបភាពនិងការចុះផ្សាយតាំងពីដេីមខែកុម្ភៈឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែលនាំអោយ ម្ចាស់គណនីហ្វេសប៊ុកដែលមាន ឈ្មោះ ជា យោធិន និងសាធារណជនមានការភាន់ច្រឡំ ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមលើកទឹកចិត្តមហាជន ក្នុងករណីដែលមន្ត្រី នគរបាលបំពេញភារកិច្ចមានការខ្វះចន្លោះ ឬមានការគំរាមកំហែងដល់ប្រជាពលរដ្ឋ ឬសមត្ថកិច្ចផ្សេងៗ សូមរាយការណ៍ ឬ ដាក់ពាក្យបណ្តឹងមក ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដេីម្បីចាត់ការអប់រំណែនាំ ឬ ដាក់វិន័យរដ្ឋបាលតាម ទោសកំហុស និងអាចឈានដល់ការអនុវត្តច្បាប់ ។ ក្នុងនាមមន្ត្រីអនុវត្តច្បាប់នឹងខិតខំបម្រើប្រជាពលរដ្ឋអោយអស់ពី លទ្ធភាព បញ្ញាស្មារតី និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ។

អាស្រ័យដូចបានបំភ្លឺនិងបញ្ជាក់ជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕/