ស្នងការ​ខេត្ត​ថ្មី​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​តាម​អធិការដ្ឋាន​ចំនួន​៤

280

(​បាត់ដំបង​)៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទើប​ឡើង​ថ្មី​បាន​ដឹកនាំ​លោក​ស្នងការរង​ខេត្ត នាយ នាយរង​កា​តិ​យា​ល័យ និង​កងកម្លាំង​នគរបាល​ខេត្ត​មួយចំនួន​សុខទុក្ខ​កងកម្លាំង​នគរបាល​តាម​បណ្ដា​អធិការដ្ឋាន​ចំនួន​៤ មាន​អធិការនគរបាល​ស្រុក​រុក្ខ​គី​រី ស្រុក​មោងឫស្សី ស្រុក​គាស់ក្រឡ​និង​ស្រុក​បាណន់​និង​ផ្តល់​ថវិកា​មួយចំនួន​ផង​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​អធិការ​ស្រុក​ទាំង​៤ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត បាន​លើកឡើងថា ដើម្បី​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​ក្នុងការ​ទំនាក់ទំនង រវាង​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​នោះ លោក​សូម​ស្វាគមន៍​ទទួល និង​ពិភាក្សា​ជាមួយ​កងកម្លាំង​នគរបាល​ជាម​ន្ត្រី ឬ​តាមរយៈ​លេខ​ទូរ​សព្ទ​ដៃ​របស់លោក​។

​ការបើកចំហ​ទំនាក់ទំនង​រវាង​ថ្នាក់ និង​ថ្នាក់ក្រោម​បែបនេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សិ្ន​ទ្ធ​ស្នាល សាមគ្គីភាព កិច្ចសហការ​នឹង​ប្រតិបត្តិការ​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​។​

​ក្នុងជំនួប​នោះ លោកស្នងការ​ខេត្ត​បានធ្វើការ​ព្រមាន​ចំពោះ​ថ្នាក់ដឹកនាំ​អធិការ អធិការរង​ស្រុក​នីមួយៗ អំ​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង ហេតុអ្វី​បង្ក្រាប​មិន​អស់ ដូច្នេះ​អធិការដ្ឋាន​ស្រុក​ក្រុង​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និង​បង្ក្រាប​គ្រប់ពេលវេលា​នេះ ជា​ដំណាក់កាល​ចុងក្រោយ​មួយ​សំរាប់​ចូលរួម​ទាំងអស់គ្នា ធ្វើយ៉ាងណា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស គឺ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ភូមិ​/​ឃុំ សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា ក្នុងឋានៈ​លោក​ជា​ស្នងការ​ខេត្ត រួមជាមួយ​កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង​ទាំងអស់ ត្រូវតែ​គោរព​តាម​គោលការណ៍​ណែនាំ ចង្អុលបង្ហាញ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពិសេស​នោះ​គឺ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការពារ​គ្រប់ពេលវេលា ជាតិ​សាសនា ព្រះមហាក្សត្រ មិន​ថា ក្នុង​ដំណាក់​កា​រណា​ឡើយ​។​

ជាថ្មី​ម្ដងទៀត​លោក​បាន​កោតសរសើរ​ចំពោះ​អស់លោក​និង​លោកស្រី​ជា​កងកម្លាំង នគរបាល​ទូទាំង​ខេត្ត​ពិសេស មន្ត្រី​កម្លាំង​នគរបាល​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំរើសេវា​សាធារណៈ​បានល្អ​ប្រកបដោយ​តម្លាភាព​។​

​លោកស្នងការ​ខេត្ត​សំណូមពរ​ដល់​បណ្ដា​អធិការ​ស្រុក​ក្រុង​ទូទាំង​ខេត្ត​ត្រូវតែ​រក្សា​ការពារ​ស្ថេរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​គឺ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រកបដោយ​ការទទួល​
​ខុសត្រូវ​ខ្ពស់​និង​មាន​តម្លាភាព​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​និង​តម្រូវ​ការចង់បាន​ពី​ប្រជាពលរដ្ឋ​និង​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ​លោកស្នងការ​បាន​នាំយក​ថវិកា​ចំនួន​១​លាន​រៀល​ផ្ដល់ជូន​អធិការដ្ឋាន​នីមួយៗ​ផងដែរ​៕L ដោយៈ គ្រញូង​