ស្នងការ​ខេត្ត​និង​អភិបាលក្រុង​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​និង​ច្រក​ដី​ទប់ស្កាត់​

257
ចែករម្លែក

ដោយ​: គ្រ​ញួ​ង / បាត់ដំបង​: ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អាជ្ញាធរ​ក្រុង បានធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី និង​ដាក់ចេញ​នូវ​ផែនការ​ក្នុង​កិច្ច​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ក្នុង​មូលដ្ឋាន​ដល់​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន យកទៅអនុវត្ត​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត និង​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ដឹកនាំ​កង កម្លាំង​នគរបាល​ចុះ​ពិនិត្យ​ទិដ្ឋភាព​នៃ​ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ ដែល​កំពុង​ហូរ​ជ្រៀបចូល​នៅតាម​ចំណុច​ខ្លះ​នៃ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ក្នុងនោះ​កងកម្លាំង​នគរបាល​បានរួម​សហ​ការណ៍​ជា​​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ក្នុង​មូលដ្ឋាន កើប​ជញ្ជូន​ដី​ច្រកចូល​ក្នុងកា​រ៉ុង និង​យកទៅដាក់​បំពេញ​នៅ​ចំណុច​មួយចំនួន​ដែល​កំពុងមាន​ទឹក​ជ្រាបចូល​នោះ ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​ទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​មក​។​

​លោក​ផេង សិទ្ធី​អភិបាលក្រុង​បានឱ្យដឹងថា រហូតមកដល់​ពេលនេះ ស្ថានភាព​កំពស់​ទឹក​ក្នុង​ដងស្ទឹង​សង្កែ​ហាក់​មាន​សភាព​ស្រក​ចុះ​ជាង​ពេលមុន​បន្តិច​។ ប៉ុន្តែ​ស្ថាន​ភាពលិច លង់​នៅ​ចំណុច​ភូមិ ឃុំ​និង​សង្កាត់​ខ្លះ ដែល​នៅ​ប្រប​ដងស្ទឹង​សង្កែ ហាក់​មិនទាន់បាន​ថមថយ​ទាំងស្រុង​នៅឡើយ​ទេ​។​

​លោកស្នងការ​ខេត្ត​បាន​អំពាវនាវ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្តសកម្មភាព​ចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​ទទួលរង​គ្រោះ​នេះ​ជា​បន្តទៀត រហូត​ទប់ស្កាត់​ស្ថានភាព​នេះ​បាន​វិលត្រឡប់​ទៅរក​ស្ថានភាព​ដូចដើម​វិញ​៕ ល​