ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់​ពី​ករណី​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ក្រុង​សៀមរាប បណ្តាល​ឲ្យ​ពី​ករណី​រន្ទះបាញ់​

1542
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧.៣០​នាទី​ល្ងាច មាន​ករណី​អគ្គិភ័យ​ឆេះ ផ្ទះ​វីឡា​ឈើ ដែលមាន​ទំហំ ៩​ម x ១០​ម ស្ថិតនៅ​តារាង​វាយកូនគោល (​អង្គរ​ហ្គោល រី​សត​) ដែល​ស្ថិតនៅក្នុង​ក្រុមទី​៤ ភូមិ​រកា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណី​ភ្លើង​ឆេះ​នេះ បណ្តាល​ឲ្យ​ពី​រន្ទះបាញ់​បាញ់​ចំ​ផ្ទះ​តែម្តង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងករណី​អគ្គិភ័យ​នេះ ដែលមាន​ការចូលរួម​ជួយសង្គ្រោះ និង​ពន្លត់​ពី​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត និង​រថយន្ត​អង្គភាព​បេ​តិក​ភ័​ណ្ឌ​ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ផ្ទះ​ដែល​ត្រូវ​រន្ទះបាញ់​បាញ់​ឆេះ​នេះ គឺជា​របស់​ថៅកែ​តារាង​វាយ​កូន​ហ្គោល អង្គរ​ហ្គោល​រី​សត ឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ស្ថិតនៅ​ភូមិ​រកា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​សរុប ចំនួន​១២​គ្រឿង ដែលជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន ០៥​គ្រឿង ប្រើ​ទឹក​អស់ ៣៥​ឡាន របស់​កងរាជអាវុធហត្ថ ០៦​គ្រឿង ប្រើ​ទឹក​អស់ ០៥​ឡាន និង​របស់​នគរបាល​បេ​តិក​ភ​ណ្ឌ័ ០១​គ្រឿង ប្រើ​ទឹក​អស់ ១០​ឡាន​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការ​ពន្លត់​នេះ​រលត់ទៅវិញ​ទាំងស្រុង នៅ​ម៉ោង ១៩.១៣​នាទី​យប់​។ ចំណែកឯ​សំភារៈ​នៅក្នុង​ផ្ទះ គឺ​ការខូចខាត​ទាំងស្រុង តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជីវិត​ឡើយ​៕ ល​