ស្នងការ​រាជធានី សម្រេច​ផ្អាក​ការងារ អធិការរង​ខណ្ឌឫស្សីកែវ រឿង​គំរាម​សម្លាប់​ប៉ូលិស​ចរាចរណ៍​

321
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន​ /
ភ្នំពេញ​៖
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ បណ្តោះអាសន្ន របស់លោក ចាន់ ពៅ ជា​អធិការរង​នគរបាល ខណ្ឌឫស្សីកែវ ទទួល​ផ្នែក​សេនាធិការ ពាក់ព័ន្ធ​រឿង​គំរាម​សម្លាប់ នាយផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ហៅ​លោក ចាន់ ពៅ ជា​អធិការរង​ខណ្ឌឫស្សីកែវ ទទួល​ផ្នែក​សេនាធិការ មក​សាកសួរ អំពី​ករណី​គំរាម​សម្លាប់ នាយផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ ដើម្បី​ដាក់ពិន័យ​ខាង​កងកម្លាំង និង​ការផ្អាក​ការងារ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​

​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ បាន​ផ្ញើ​សារ​ជា​សម្លេង គំរាម​សម្លាប់​នាយផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ ដោយសារតែ​រឿង មិន​ព្រម​ដោះលែង បក្ខពួក​របស់ខ្លួន ដែល​ស្រវឹង ហើយ​ត្រូវ​ចាប់​ផ្លុំ​ជាតិ​អាល់កុល កាលពី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង​ជាតិ​ស្រវឹង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សីកែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ដែល​រង​ការ​គំរាម​សម្លាប់ ឈ្មោះ លី រ៉ូ​ហ្សា​ត ជា​នាយផ្នែក​ចរាចរណ៍​ខណ្ឌឫស្សីកែវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា នេះ​ថា ចំពោះ​ករណីនេះ លោក​បាន​ពិនិត្យមើល​ហើយ និង​បាន​ហៅ​លោក ចាន់ ពៅ ជា​អធិការរង​ខណ្ឌឫស្សីកែវ ដើម្បី​ដាក់ពិន័យ​ខាង​កងកម្លាំង និង​អាច​ផ្អាក​ការងារ មួយរយៈ​។ លោក​បាន​ហៅ​មក​ធ្វើ​ការងារ​នេះហើយ​។

​លោក ចាន់ ពៅ ជា​អធិការរង​ខណ្ឌឫស្សីកែវ បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ (​រូបថត​ខាងស្តាំ​ដៃ​)

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា ” ខ្ញុំ​ពិនិត្យមើល​ហើយ ខ្ញុំ​កំពុងតែ​ហៅ​មក ដើម្បី​ដាក់ពិន័យ​ខាង​កងកម្លាំង ហើយ​រកឃើញថា ពិតជា​មានការ​គំរាម​មែន យើង​ពិនិត្យមើល​តាម​នឹង​ទៅ អាច​ផ្អាក​ការងារ​មួយរយៈ​សិន ហើយ​កំពុងតែ​ហៅ​មក​ធ្វើការ ” ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ទាក់ទង​ទៅនឹង​ករណី​ជម្លោះ រវាង​លោក ចាន់ ពៅ អធិការរង និង​លោក លី រ៉ូ​ហ្សា​ត នាយផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ គឺ​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ ត្រូវបាន​ផ្អាក​ពី​ការងារ ជា​បណ្តោះអាសន្ន​។ ករណី​ទំនាស់​នេះ ត្រូវបានធ្វើ​ការសម្របសម្រួល រវាង​ភាគី​ទាំងពីរ រួចហើយ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយ​ទទួលបាន​បទបញ្ជា ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​កោះហៅ​ភាគី​ជម្លោះ ទាំងពីរ អោយចូល​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពន្យល់​បកស្រាយ លើ​ករណី​ដែល​បានកើត​ឡើង​នេះ​។​

​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ បាន​សារភាពថា លោក​ពិតជា​បាន​ផ្ញើ​សារ​ជា​សំឡេង ទៅ​គំរាម​លោកនាយ​ផ្នែក ពិតប្រាកដ​មែន ដោយសារ​មូលហេតុ ខឹង​ខ្លាំងពេក​។​

​ឆ្លងតាម​ចម្លើយសារភាព និង​ភស្តុតាង​ជាក់ស្តែង ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានសម្រេច​ដាក់វិន័យ ជា​លើកទីមួយ ដល់​លោក​អធិការរង ដែលមាន​កំហុស ដោយ​ការផ្អាក​ការងារ បណ្តោះអាសន្ន អោយមក​បង្ហាញខ្លួន​ជាប្រចាំ នៅ​ការិយាល័យ​បុគ្គលិក ជា​រៀងរាល់​ម៉ោង​ការងារ​។ ជា​ជំ​ហ៊ាន​បន្ទាប់ បើ​នៅតែ​ប្រព្រឹត្តិ​កំហុស​ទៀត ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

លោក លី រ៉ូ​ហ្សា​ត នាយផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ (​រូប​ខាងស្តាំ​ដៃ​)

​សូមជម្រាបថា កាលពី​យប់ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ បានដាក់​គោលដៅ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ជាតិ​ស្រវឹង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សីកែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ បន្ទាប់ពី​អនុវត្ដ​ន៍​បាន​ប្រហែលជា កន្លះ​ម៉ោង កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​ពិនិត្យឃើញ អ្នកមាន​ជាតិ​ស្រវឹង លើស​កម្រិត ចំនួន​៣​នាក់ ដែលជា​អ្នកបើក​ម៉ូតូ ក្នុងនោះ​មាន​ម្នាក់ មិនបាន​សហការ​ផ្លុំ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច ក៏បាន​បញ្ជូន ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​​ស្រាប់តែ​លោក ចាន់ ពៅ អធិការរង រូបនោះ បាន​ទូរស័ព្ទ​មក​លោកនាយ​ផ្នែក​ចរាច​រណ៍ ដោយ​បញ្ជា​អោយ​ដោះលែង មនុស្ស​ម្នាក់ ដែលមាន​ជាតិ​ស្រវឹង លើស​កំរិត ក៏ប៉ុន្ដែ​លោកនាយ​ផ្នែក បាន​ប្រាប់​ទៅវិញ​ថា គាត់​គ្មាន​សិទ្ធិ​ដោះលែង​ទេ​។ គាត់​គ្រាន់តែ​ជា​នាយផ្នែក ហើយក៏​អោយ​លោក​អធិការរង​រូបនោះ ទូរស័ព្ទ​ទៅ​លោក​អធិការរង ទទួល​ផ្នែក​ចរាចរណ៍ ដែល​កំពុង​ដឹក​នាំទៅ​។ លោក​អធិការរង​រូបនោះ ក៏បាន​បិទ​ទូរស័ព្ទ​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​បុរស​ម្នាក់ ដែលមាន​ជាតិ​ស្រវឹង​លើស​ម្នាក់​នោះ ត្រូវបាន​ដោះលែង​។​

​ក្រោយមក លោក​អធិការរង​រូបនោះ បាន​ផ្ញើ​សារ​សម្លេង​គំរាម​សម្លាប់​ជាច្រើន មក​លោកនាយ​ផ្នែក ធ្វើអោយ​លោកនាយ​ផ្នែក​មានការ​ភិតភ័យ​យ៉ាងខ្លាំង ព្រោះ​អី​ធ្លាប់​ដឹង​ហើយ​ថា កន្លងមក អធិការរង​រូបនេះ ធ្លាប់​បាញ់​គំរាម​មន្ត្រីប៉ូលិស រួចមកហើយ គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី លោក​អធិការរង​រូបនេះ​ឡើយ ធ្វើអោយ​លោក​អធិការរង​រូបនេះ ឡើងចាង គំរាម​សម្លាប់​គេឯង ជា​បន្តបន្ទាប់​។​

​លោកនាយ​ផ្នែក ដែលជា​ជនរងគ្រោះ សំណូមពរ​អោយ​ថ្នាក់ដឹកនាំ ជួយ​រក​យុត្តិធម៌ អោយ​រូបគាត់​ផង ព្រោះ​អធិការរង ទំនើង​រូបនេះ គំរាម​សម្លាប់​រូបគាត់ អោយ​ស្លាប់ចោល​ប្រពន្ធ ចោល​កូន​។​

​មជ្ឈដ្ឋាន​ទូទៅ កំពុង​រង់ចាំ​មើល ចំណាត់ការ​ថ្នាក់លើ រឿង​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ ទទួល​ផ្នែក​សេនាធិការ គំរាម​សម្លាប់​លោក រ៉ូ​ហ្សា​ត ជា​នាយផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ​៕v

#