ស្នាដៃគំនូររបស់លោកហុកនីលក់បាន៣០លានដុល្លារ

171
ចែករម្លែក

ផ្ទាំងគំនូរឈ្មោះ The Splash របស់លោកដេវីត ហុកនី (David Hockney) លក់បានជាង ២៣ លានផោន (៣០ លានដុល្លារ) នៅឯការដេញថ្លៃមួយ។

ស្នាដៃឆ្នាំ ១៩៦៦ របស់វិចិត្រករដើមកំណើតនៅក្រុងប្រេដហ្វតរបស់អង់គ្លេសរូបនេះ ពណ៌នាទឹកខ្ចាយក្នុងអាងទឹកមួយនៅថ្ងៃដ៏ខៀវស្រងាត់នៃរដ្ឋកាលីហ្វ័រញ៉ា។

គំនូរនេះត្រូវបានលក់ចុងក្រោយបំផុតនៅឯក្រុមហ៊ុន Sotheby’s ក្នុងឆ្នាំ ២០០៦ ក្នុងតម្លៃ ២,៩ លានផោន ហើយបានត្រឡប់មកក្រុមហ៊ុនលក់ដេញថ្លៃដដែលនេះវិញកាលពីល្ងាចថ្ងៃអង្គារទី១១កុម្ភៈក្នុងនាមជាស្នាដៃគំនូរលេចធ្លោបំផុតរបស់ខ្លួននៅក្នុងការលក់ដេញថ្លៃស្នាដៃសិល្បៈ។

គំនូរនេះត្រូវបានលក់ក្នុងតម្លៃ ២៣,១ លានផោន (៣០លានដុល្លារ) គឺច្រើនជាងតួលេខឆ្នាំ ២០០៦ ដល់ទៅ ៨ ដង និង ជាតម្លៃខ្ពស់បំផុតទី ៣ ដែលទទួលបានសម្រាប់ការលក់ដេញថ្លៃផ្ទាំងគំនូររបស់លោកហុកនីនៅក្រុមហ៊ុន Sotheby’s។

ផ្ទាំងគំនូរនេះគឺជាគំនូរទីពីរនៃផ្ទាំងគំនូរទឹកខ្ជាយរបស់លោកហុកនី ដែលក្នុងនោះគាត់បានផ្តល់នូវភាពទាក់ទាញពេញមួយជីវិតរបស់គាត់ជាមួយនឹងរូបរាងរបស់ទឹក។

លោកហុកនីឥឡូវនេះមានអាយុ ៨២ ឆ្នាំបាននិយាយអំពីស្នាដៃនៅឆ្នាំ ១៩៦៦ យ៉ាងដូច្នេះថា “ជាបឋម ខ្ញុំចូលចិត្តគំនិតនៃផ្ទាំងគំនូររបស់វិចិត្រករលីអូណាដូ ការសិក្សាទាំងអស់របស់គាត់លើទឹក និងអ្វីៗដែលគួច។ ហើយខ្ញុំចូលចិត្តគំនិតនៃការគូររូបនេះ ដែលប្រើពេលគូរ ២ វិនាទី។ ខ្ញុំត្រៀមខ្លួន២សប្តាហ៍ដើម្បីគូររូបនេះឡើង ដែលចំណាយពេល២វិនាទី។ គ្រប់គ្នាដឹងថាទឹកខ្ចាយមិនអាចរឹងឆ្តុបតាមពេលវេលានោះទេ ដូច្នេះនៅពេលអ្នកឃើញវាដូច្នេះក្នុងរូបគំនូរ វារឹតតែអស្ចារ្យជាងក្នុងរូបថតទៀត”៕ ដោយ៖ កញ្ញាដាលីស

ផ្ទាំងគំនូរឈ្មោះ The Splash របស់លោកដេវីត ហុកនីលក់បាន៣០លានដុល្លារ