ស្នាដៃ​ឆ្នើម​ប្រចាំ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ នឹង​ទទួលបាន​ទឹកប្រាក់៣០​លាន​រៀល​

316

​ពិធី​បើក​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ បាន​ប្រព្រឹត្តិ​នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​អ​ធិ​តី​ភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រធាន​គណៈ​កម្ម​ធិ​ការរៀបចំ​មហោស្រព​ភាពយន្ត​ជាតិ​លើ​ទី​៥​នេះ រួមជាមួយ​ផលិតករ​ភាពយន្ត អ្នកដឹកនាំ​រឿង​ជាច្រើនរូប តួ​សម្តែង និង​ក្រុមការងារ​ផលិតភាព​យន្ត​របស់​ក​ម្ពុ​ជា​ជាច្រើនរូប​ចូលរួម​អបអរ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​បើក​មហោស្រព​នេះ ឯក​ឧត​ម្ត សោម សុគន្ធ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា មហោស្រព​ភាពយន្ត​ជាតិ ជា​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​ប្រចាំឆ្នាំ​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​ដំណើរការ​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​។ ឯកឧត្តម​ថា មហោស្រព​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​ប្រកួតប្រជែង​យក​ពានរង្វាន់​នោះទេ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សា​ស្វែងយល់ វាស់​ស្ទង់​សមត្ថភាព និង​ចែករំលែក​បទពិសោធ រួមទាំង​ចំណេះដឹង​ផងដែរ​។​

​ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​

​តាមរយៈ​លោក ប៉ុក បូរ​ក្ស ប្រធានស្តីទី​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត ប្រកាស​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​នេះ​ឱ្យដឹងថា ភាពយន្ត​ឆ្នើម​ប្រចាំ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​នេះ នឹង​ទទួលបាន​ពានមាស​មួយ អមដោយ​ទឹកប្រាក់ ៣០​លាន​រៀល (៧ ៥០០​ដុល្លា​)​។ រីឯ​បុគ្គល​ដែលជា​អ្នកឯកទេស​ឆ្នើម​លើ​ស្នាដៃ​ផលិតភាព​យន្ត នឹង​ទទួលបាន​ពានរង្វាន់​១ អមដោយ​ទឹកប្រាក់ ៤​លាន​រៀល (១ ០០០​ដុល្លារ​)​។​

​មហោស្រព​ភាពយន្ត​ជាតិ​លើ​ទី​៥​ឆ្នាំនេះ ទទួលបាន​ភាពយន្ត​ស្នើសុំ​ចូលរួម​ប្រកួត​ពី​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​ចំនួន​៩​ផលិតកម្ម សរុប​ខ្សែភាពយន្ត​ចំនួន ១៤​ចំណងជើង​។ ដំណាក់កាល​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​មាន​ភាពយន្ត​ចំនួន​៨ ត្រូវបាន​ជាប់​ជម្រើស​ប្រកួតប្រជែង និង​កំពុង​ចាក់​បញ្ចាំង​នៅតាម​បណ្តា​រោងភាពយន្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​ថ្ងៃទី​៩ ធ្នូ ហើយ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧​នេះ ភាពយន្ត​ណា​ដែល​នឹង​ជាប់​ជា​ភាពយន្ត​ឆ្នើម​ប្រចាំ​មហោស្រព​ជាតិ​នឹងត្រូវ​បានប្រកាស​ក្នុង​កម្មវិធី​បិទ​មហោស្រព​។​

​ទស្សនា​ទិដ្ឋភាព​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៥៖

​អត្ថបទ​៖ Sunny/sn