ស្នាដៃ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សៀមរាប​

657
ចែករម្លែក
  • 14
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សណ្ឋាគារ​Treeline​ដែល​ស្ថិតនៅ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​បានរៀបចំ​ពិធី​តាំងពិព័រណ៍​ជា​សាធារណៈ​មួយ​ដើម្បី​រំលឹក​ដល់​ស្ថាបត្យករ​ដែលមាន​ប្រជាប្រិយ​បំផុត​របស់​ប្រទេស​កម្ពុជា គឺ​លោក​វណ្ណ​ម៉ូលីវណ្ណ​ដែល​បានបង្ហាញ​ពី​ស្នាដៃ​និង​ទំនើបកម្ម​របស់គាត់​សម្រាប់​ស្ថាបត្យកម្ម​ដែល​គិតគូរ​ដល់​បរិស្ថាន​ជុំវិញ​។​ពិព័រណ៍​នេះ​មាន​ចំណងជើង​ថា​”​រៀន​ពី​អតីតកាល​៖​គម្រោង​វណ្ណ​ម៉ូលីវណ្ណ​”​ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “Learning From the Past: The Vann Molyvann Project” ។

​ពិព័រណ៍​នេះ​បាន​ត្រូវ​រៀបចំឡើង នៅក្នុង​វិចិត្រសាល Treeline ចាប់ពី​ថ្ងៃទី ៧ ខែ មេសា ដល់ ថ្ងៃទី ៣០ ខែ មិថុនា ២០១៩ ដោយ​ការតាំង​បង្ហាញ នូវ​អាគារ​ទាំង​៨ ដែល​តំណាង ឱ្យ​ភូមិសាស្ត្រ ស្ថាបត្យករ​ដ៏​ល្បីល្បាញ ដែល​ពួគគាត់​បាន​បង្កើត នៅក្នុង​អាជីព​របស់គាត់​កន្លង​ទៅ​។
​ប្រធានបទ​នៃ​ការតាំងពិព័រណ៍​នេះ​នឹង​ផ្តោតទៅលើ “​សមាសធាតុ​ពិសេស​នៃ​ស្ថាបត្យកម្ម​ខ្មែរ ប្រកបដោយ​រចនាប័ទ្ម​បែប​ខ្មែរ​” ។

​ទាំងនេះ​គឺជា​ពាក្យ​ដែល​លោក​ម៉ូលីវណ្ណ ធ្លាប់ប្រើ ដើម្បី​ពិពណ៌នា ពី​តម្រូវការ​នៃ​អគារ​បែប​ទំនើប និង​បច្ចេកទេស​នៃ​ការសាងសង់ ដូចជា ការប្រើប្រាស់​ទឹក ពន្លឺ​ធម្មជាតិ និង​ខ្យល់​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​រក្សា​នូវ​រចនាប័ទ្ម​ខ្មែរ រួមទាំង​វប្បធម៌​ខ្មែរ ដែល​ខុសពី​គេ​។

​លោក វណ្ណ ម៉ូលីវណ្ណ បានកើត និង ចំណាយ​កុមារភាព នៅ​ភាគ​និរតី​នៃ​ខេត្ត កំពត (​សព្វ​ថ្ងៃជា​ខេត្ត​ព្រះសីហនុ​) លោក​ត្រូវបាន​គេ​ដាក់​ងារ​ថា “​បុរស​ដែល​បាន​កសាង​កម្ពុជា​” ។ លោក​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​វិចិត្រសិល្បៈ​ដ៏ ល្បីល្បាញ (École Nationale Supérieure des Beaux Arts) ) នៅ​ទីក្រុង​ប៉ារីស ប្រ​ទេ​បារាំង​។ នាពេល​បញ្ចប់​ការសិក្សា លោក បាន​ក្លាយជា ស្ថាបត្យករ​ដែលមាន​ស្នាដៃ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​មិនយូរប៉ុន្មាន ក្រោយពី​លោក​វណ្ណ ម៉ូលីវណ្ណ បាន​ត្រឡប់​ចូល​ស្រុកកំណើត​វិញ ភ្លាមនោះ គាត់​ត្រូវបានតែងតាំង​មុខងារ​ជាច្រើន ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​សាស្ត្រាចារ្យ​មួយរូប​ផងដែរ​។​លោក​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​សម្ដេច នរោត្តម សីហនុ​។

​នៅ​ចន្លោះ​ឆ្នាំ ១៩៥៥ និង ១៩៧០ លោក​ម៉ូលីវណ្ណ ត្រូវបាន​ទ​ទូល​បន្ទុក​ការងារ ឲ្យ​បង្កើតជា​គម្រោង​សាធារណៈ​ធំ ៗ យ៉ាងច្រើន រួមមាន វិមានឯករាជ្យ វិមាន​ជាតិ រោង​មហោស្រព​ជាតិ ពុ​ហ​កីឡាដ្ឋាន​ជាតិ ព្រមទាំង​សំណង់​លំនៅដ្ឋាន​រដ្ឋ អគារ​ក្រសួង​រដ្ឋ និង អគារសិក្សា ជាដើម​។ លោក​ម៉ូលីវណ្ណ បាន​ធ្លាប់​និយាយថា “​ភាពទាន់សម័យ​មិនមែន​ត្រូវតែ​យក គំរូ​ឬ​គំនិត ពី​ប្រទេស​លោកខាងលិច​នោះឡើយ អគារ​ថ្មី​គួរតែ​នាំយក​តាម ប្រពៃណី និង​កេរតំណែល​ខ្មែរ មក​ដាក់បញ្ចូល​ឲ្យ​មាន​ភាព​រស់រាន​ឡើងវិញ​”​។​

​លោក​កាំ​ង ហុក ស្ថាបនិក​នៃ​សណ្ឋាគារ Treeline ចង់​ធ្វើ​ពិធី​រំលឹក​ដល់ លោក​ម៉ូលីវណ្ណ និង ជា​ឱកាស​ពិសេស មួយ ដែល​លោក បានផ្តល់​ដល់​ស្ថាបត្យករ​ខ្មែរ​នាពេល​អនាគត ដោយ​នាំមក​នូវ​យុគសម័យ​ថ្មី នៃ​ការ​រចនា​បែប​សហ​សម័យ​នៅក្នុង​ប្រទេស​។

​លោក​កាំ​ង ហុក បាន​និយាយថា “​ខ្ញុំ​ចង់​រំលឹក​ទៅដល់​ស្នាដៃ​របស់ លោក វណ្ណ ម៉ូលីវណ្ណ​ដែលជា​និមិត្តរូប​ដ៏​អស្ចារ្យ​បំផុត​របស់​ប្រទេស​កម្ពុជា​។​វា​ជា​កិត្តិយស និង​ការដឹងគុណ​ដ៏​ធំធេង​របស់​យើង​ដោយបាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀនសូត្រ​ពី​ការតាំងពិព័រណ៍​នេះ​។ នាពេល កន្លងមក សណ្ឋាគារ Treeline ជា​កន្លែង​ដ៏​ស្រស់ស្អាត​មួយ​ដែល​អ្នកគាំទ្រ សិល្បៈ និង រចនា អាច​រួមគ្នា​នៅក្រោម ដំបូល តែមួយ និង គាំទ្រ​ចំពោះ សិល្បករ និង​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ ដែលមាន​ទេពកោសល្យ​”​។

​លោក​កាំ​ង ហុក​បាន​បន្ថែមទៀតថា “​ខណៈដែល​ភ្ញៀវ​ធ្វើដំណើរ​តាម​គំរូ​ស្ថាបត្យកម្ម រូបគំនូរ រូបថត ផ្ទាំង​ព័​ត៍​មាន និង​ផែនទី វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារ​ម្ម​ណ៏​ប្រៀបបាន ពួកគេ​កំពុង​ស្ថិតនៅក្នុង សម័យ សង្គមរាស្ត្រនិយម ខណៈដែល​ស្មារតី​នៃ​ស្នាដៃ​របស់លោក វណ្ណ ម៉ូលីវណ្ណ ចាប់ផ្តើម​មាន ស​ភាពរស់រវើក​។ នេះ​ក៏​ជា​ពេលវេលា​ចុងក្រោយ សាធារណជន និង​អ្នកគាំទ្រ​របស់ លោក​ម៉ូលីវណ្ណ អាច​ឃើញ​គំរូ​ស្ថាបត្យកម្ម​របស់គាត់ ។

​មុនពេល​រូបគំនូរ​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​សារមន្ទីរ M+ នៅ​ក្រុង ហុងកុង​។ វា​ជា​កិត្តិយស យ៉ាង​ធំធេង​មួយ ដើម្បី​រៀបចំ​ការតាំងពិព័រណ៍ គួរឱ្យ​ចាប់ អារម្មណ៍​នេះ ហើយ​ខ្ញុំ ជឿជាក់ថា​វា​ជាការ​គោរព​ចំពោះ​ជីវិត និង ការងារ​របស់ អ្នកជំនាញ​ខ្មែរ យើង​នេះ​»​។​

​សូមជម្រាបថា​គម្រោង​វណ្ណ ម៉ូលីវណ្ណ សហការ​ដោយ​និស្សិត និង​ស្ថាបត្យករ​មកពី​ក្នុងស្រុក​និង ក្រៅ​ស្រុក ត្រូវបាន​ផ្ដួចផ្ដើម ឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​ស្ថាបត្យករ​កាណាដា លោក ប៊ី​ល ហ្គ្រូ​វ (Bill Greaves)​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ឯកសារ​ចងក្រង​បោះពុម្ព​និង​លើក​កំពស់​ការយល់ដឹង​អំពី អាគារ​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​សព្វថ្ងៃ​ត្រូវបាន​គំរាមកំហែង​ដោយ​ការ​បាក់បែក និង​ការអភិវឌ្ឍ​។

គម្រោង​វណ្ណ ម៉ូលីវណ្ណ​ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​នៅ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ភ្នំពេញ (២០១០) អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (២០១១), សាល​រូបភាព SA SABASSAC រាជធានី​ភ្នំពេញ (២០១៥) មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី​ក្វាង​ជូ​ប្រទេស​កូរ៉េ (២០១៦) តៃប៉ិ​ទី​ពីរ (២០១៦) និង​នៅ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ (២០១៨)៕S/

​ចំណងជើង​រូបថត​៖​ស្នាដៃ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​ស​ណ្ឋ​គារ Treeline ខេត្តសៀមរាប​