ស្នូល​ទឹកកក​អាយុ​១៥​លាន​ឆ្នាំ​ខួង​បាន​នៅ​ទ្វីបអង់តាក់ទិក​មានតម្លៃ​ជាងមាស

455
ចែករម្លែក

​វាល​ទឹកកក ដែលមាន​អ្នកវិទ្យាសាស្ត្រ​ស្នាក់នៅ​រហូតដល់​៥​ពាន់​នាក់​នៅពេល​ខ្លះ​នោះ មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត -៩០​អង្សា​។ វា​ជា​ឋានសួគ៌​ដ៏​ស្រស់ត្រកាល ដែល​ផ្តល់នូវ​ឱកាស​ដ៏​ល្អឥតខ្ចោះ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ប្រវត្តិ​របស់​ផែនដី​។ ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ខួង​យ៉ាងជ្រៅ​ដើម្បី​ទទួលបាន​សំណាក​គំរូ​នៃ​ស្នូល​ទឹកកក ហើយ​វា​ជា​កត្តា​សំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​សំណាក​គំរូ​នៃ​ស្នូល​ទឹកកក​នេះ​ត្រូវ​បានបង្ហាញ​ក្នុងអំឡុង​ការដាក់​បញ្ចាំងភាពយន្ត​ឯកសារ​ស្តីពី “​អាថ៌កំបាំង​នៃ​ទ្វីបអង់តាក់ទិក​” របស់​វេ​ប​សាយ Nova អំពី​របៀប​ដែល​គម្រោង​ខួង​ទ្វីបអង់តាក់ទិក (ANDRILL) អាច​វិលត្រឡប់​ទៅរក​សម័យកាល ១៥ លាន​ឆ្នាំមុន ដោយ​ការជីក​ខួង​នៅ​ជម្រៅ ៤៤០ ម៉ែត្រ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Express របស់​អង់គ្លេស​សរសេរ​កាលពី​ថ្ងៃទី​១៩​កក្កដា​។​

​ខ្សែភាពយន្ត​ឯកសារ​ផលិត​ក្នុង​ឆ្នាំ ២០១៥ នេះ​បានបង្ហាញ “​ពួក​អ្នកវិទ្យាសាស្ត្រ​ខួង​យក​ស្នូល​ទឹកកក​ប្រវែង ៣,៦៥ ម៉ែត្រ ហើយ​រុំ​វា​ទុក​ក្នុង​គម្រប​ការពារ​មួយ មុនពេល​បុគ្គលិក​យក​វា​ទៅ​បន្ទប់ពិសោធន៍​ដើម្បី​ពិនិត្យមើល​។ នៅពេល​ពួកគេ​បំបែក​ស្នូល​ទឹកកក​នោះ គេ​ឃើញ​ដុំ​ទឹកកក​នៅ​ខាងក្នុង​នៅ​ល្អឥតខ្ចោះ​។ ភក់​និង​ថ្ម​នេះ (​ស្នូល​ទឹកកក​) គឺមាន​តម្លៃ​ជាងមាស​ទៅទៀត ពីព្រោះ​ស្នូល​នីមួយៗ​គឺជា​ម៉ាស៊ីន​នៃ​ពេលវេលា​។ បច្ចុប្បន្ននេះ យើង​កំពុង​ចុះ​ជីក​នៅ​ជម្រៅ ៤៤០ ម៉ែត្រ ដែល​ស្មើ​ទៅនឹង​ការចុះទៅ​មើល​ពេលវេលា ១៥ លាន​ឆ្នាំមុន នៅពេល​ទ្វីបអង់តាក់ទិក​នៅមាន​សីតុណ្ហភាព​ក្តៅ​នៅឡើយ​។ នៅពេល​ស្នូល​ទឹកកក​ត្រូវបាន​រកឃើញ ផ្នែក​នីមួយៗ​នៃ​ដុំ​ទឹកកក​ត្រូវបាន​កាត់​ស្មើៗ​គ្នា ឆ្លុះ​កាំរស្មីអ៊ិច និង ស្កែ​ន​នៅ​មន្ទីរពិសោធន៍​នៅ​ទីតាំង​ជីក​ខួង និង យក​ត្រឡប់​ទៅ​ស្ថានីយ​ស្រាវជ្រាវ​ម៉ាក​ឌូ​រ៉ូ​វិញ (McMurdo)”​។

​ស្ថានីយ​ស្រាវជ្រាវ​ម៉ាក​ឌូ​រ៉ូ​គឺជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទ្វីបអង់តាក់ទិក​ស្ថិតនៅ​សហរដ្ឋ​អាម៉េរិក​នៅ​ចុង​ភាគខាងត្បូង​នៃ​កោះ​រ៉ូ​ស កន្លែង​ដែល​កម្មវិធី​អង់តាក់ទិក​របស់​អាម៉េរិក សិក្សា​អំពី​សំណាក​គំរូ​របស់​ស្នូល​ទឹកកក​។​

​លោក ម៉ាត់ ឃើ​រិ​ន (Matt Curren) មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទ្វីបអង់តាក់ទិក បានបង្ហាញ​ពី​មូលហេតុ​ដែល​សំណាក​គំរូ​នេះ​មាន​សារៈសំខាន់​ចំពោះ​ក្រុម​ស្រាវជ្រាវ​។​

​លោក​និយាយថា “​ស្នូល​នេះ​បាន​យក​ចេញពី​ក្នុង​ដីកា​លពី​បី​ថ្ងៃមុន ពួកវា​ត្រូវបាន​បំបែក​កាលពី​ម្សិលមិញ (១៨​កក្កដា​) ពួកវា​ត្រូវបាន​ថត​កាលពី​ម្សិលមិញ​។ អ្នកស្រាវជ្រាវ​បានធ្វើ​ការងារ​ប្តូរ​វេន​គ្នា​ពេលយប់ គឺ​ធ្វើការ ១២ ម៉ោង​។ សម្លឹងមើល​ពណ៌ ទំហំ សមាមាត្រ និង ប្រភេទ​នៃ​រចនាសម្ព័ន្ធ​របស់​វា ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​មើលទៅ​ក្នុង​ស្នូល​ទឹកកក​យ៉ាង​ផ្ចិតផ្ចង់​។ ពួកគេ​កំពុង​ព្យាយាម​ស្វែងយល់​ពី​របៀប​ដែល​ស្នូល​ទាំងនេះ​ត្រូវបាន​រក្សាទុក​យ៉ាង​ល្អឥតខ្ចោះ​ដូច្នេះ​”៕ ដោយ៖ កញ្ញាដាលីស

ស្នូល​ទឹកកក​ខួង​បាន​ពី​ទ្វីបអង់តាក់ទិក​មានតម្លៃ​ជាងមាស​ទៅទៀត ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​ផែនដី និង​ជា​កត្តា​សំខាន់​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ