ស្នេហា​ត្រីកោណ​ជាដើម​ហេតុ​នៃ​ការបាញ់សម្លាប់​ប៉ូលិស​ដូចគ្នា​នៅ​ខេត្ត​រតនគីរី​

2751
ចែករម្លែក
​ខ្មាន់កាំភ្លើង​ឈ្មោះ នួន មករា ហៅ​ក្រឹម អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច

ដោយ​: មុនី​រ័ត្ន​-​សុវណ្ណ​/ភ្នំពេញៈ​ជម្លោះ​ស្នេហា​ត្រីកោណ​ដោយសារ​ស្រី​ម្នាក់​បានធ្វើ​ឲ្យ​បុរស​ជា​មន្ត្រីប៉ូលិស​ម្នាក់​ទប់​កំហឹង​មិនបាន​ក៏បាន​សម្រេចចិត្ត​បាញ់សម្លាប់​គូបដិបក្ខ​របស់ខ្លួន​ដែលជា​មន្ត្រីប៉ូលិស​ដូចគ្នា​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩​។ ជនរងគ្រោះ​ត្រូវបាន​បាញ់​មួយ​គ្រាប់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ រីឯ​ជនល្មើស​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បានគេច​ខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នាពេល​បន្ទាប់​។​


​ ​ជនរងគ្រោះ​ឈ្មោះ ផន ទុំ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។ ជនរងគ្រោះ​ជា​នាយរង​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​។​
​ ​ចំណែក​ជនសង្ស័យ​ឈ្មោះ នួន មករា ហៅ​ក្រឹម អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មាន​ទីលំនៅ ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

ជនរងគ្រោះពេលនៅរស់


​ ​យោងតាម​របាយការណ៍​របស់​ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​រឿង​គំនុំ​ផ្ទាល់ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​បំពេញបែបបទ​តាម​និតិ​វិធី​។​


​ប្រភព​ដដែល​បាន​បន្តថា មូល​ហេតុដែល​ឈានដល់​ការបាញ់សម្លាប់​នេះ ដោយសារ​ជនរងគ្រោះ​យកប្រពន្ធរ​បស់ជនស​ង្ស័​យ ហើយ​មានការ​គំរាមកំហែង​មកលើ​ជនសង្ស័យ​ថែម​ទៀតផង​។ ជនសង្ស័យ​និង​ប្រពន្ធ​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​នៅឡើយ​ទេ ហើយ​ជនរងគ្រោះ​បាន​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ជនសង្ស័យ​។​


ប្រភព​បន្តថា​មុន​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​ជាមួយ​មិត្តភក្តិ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ផ្លាកលេខ 2N-5011 បើកបរ​ដោយ​ជនសង្ស័យ ជិះ​មកដល់ ហើយ​ឈប់​មុខ​ហាង​កាហ្វេ​រួច​ចុះ​ពីលើ​រថយន្ត​ដើរ​សំដៅ​មករក​ជនរងគ្រោះ​។​ពេលមកដល់​កៀក​ជនរងគ្រោះ ជនដៃដល់​ក៏​ដក​កាំភ្លើង​ខ្លីម៉ាក កា​៥៩ បាញ់​ចំនួន​មួយ​គ្រាប់ ចំក្បាល​ជនរងគ្រោះ​តែម្តង (​ចាប់​ចង្កា​ងើយ​ឡើង​ហើយ​បាញ់​មួយ​គ្រាប់​ចំ​ក្រោម​ចង្កា​ខាងឆ្វេង​ធ្លាយ​ទៅ​សៀតផ្កា​ខាងស្ដាំ​)​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៍៏​រត់ឡើង​រថយន្ត​បើក​គេចខ្លួន​ចេញទៅ​បឹង​យក្ស​ឡោម​។ ប៉ុន្ដែ​ភ្លាមនោះ​កម្លាំង​ស្នងការ​នគរបាល​ខេត្ដ​បាន​ដេញតាម​និង​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​នោះ​ក្នុងពេល​គេ​កំពុង​អង្គុយ​ផឹកស្រា​បៀរ​ធ្វើ​ដូច​ពុំ​ដឹង​រឿង​អ្វី​ទាំងអស់​។​បន្ទាប់ពី​ចាប់ខ្លួន រួច​ក៏​បញ្ជូន​ទៅកាន់​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ដើម្បី​សាកសួរ​ដំណើររឿង​។​
​សំណុំ​រឿងនេះ​ក្រោយពី​សាកសួរ​រួច​នឹង​បញ្ជូន​ខ្លួន​និង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕សរន

ជនសង្ស័យ​ឈ្មោះ នួន មករា ហៅ​ក្រឹម