ស្ពានឈើ​បណ្តែត​ដ៏​វែង​កាត់​បារាយណ៍​ចូល​ប្រាសាទ​មេបុណ្យ​កំពុងមាន​ប្រជាប្រិយ

290
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​សហគមន៍​ទេសចរណ៍​ថា​ស្ពានឈើ​បណ្តែត​ដ៏​វែង​កាត់​បារាយណ៍​ចូល​ប្រាសាទ​មេបុណ្យ ​មាន​ប្រជាប្រិយ​ជាង​ប្រាសាទ បន្ទាយឆ្មារ​។​នេះ​បើ​គិត​ក្នុង​រយ​:​ពេល​ដំបូងៗ​ដែល​ត្រៀម​សម្ពោធ​ស្ពាន​នេះ​នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខ ។​

លោក​ម៉ៅ​ស៊ី​ ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៦​ខែសីហា​ថា : ជាធម្មតា​មាន​ភ្ញៀវ​វ​ទេសចរ​ជាតិ​ចំនួន​១.០០០​ទៅ​១.៥០០​នាក់​ក្នុង​១​ខែ ទៅ​ប្រាសាទបន្ទាយឆ្មារ​និង​តំបន់​រណប​ជុំវិញ​។​តែបើ​ចំ​ថ្ងៃបុណ្យ​មាន​ដល់​រាប់ពាន់​ទៅ​ម៉ឺន​នាក់​ក្នុង​១​ខែៗ​។​ឯ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ពី​១០០​ទៅ​១៥០​នាក់​ក្នុង​១​ខែៗ ។​

​ប៉ុន្តែ​លោក​ប្រធាន​សហគមន៍​បាន​អះអាងថា​: ​គ្រាន់តែ​ក្នុងពេល​វេលា​ដំបូង​ដែល​ស្ពានឈើ​បណ្តែត​ចូល​បារាយណ៍​និង​ប្រាសាទ​មេបុណ្យ​ដែល​ទើប​កសាង​ថ្មី​ហើយ​ត្រៀម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​មាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ពី​២.០០០​ទៅ​៥.០០០​នាក់​ក្នុង​១​ថ្ងៃៗ ។​

​ប៉ុន្តែ​ភ្ញៀវទេសចរ​និង​អ្នកភូមិ មិន​យល់ស្រប​ទាំងស្រុង​លើ​ការលើកឡើង​នេះ​ទេ ដោយ​ពន្យល់ថា ភ្ញៀវ​ទៅលេង​ស្ពានឈើ​នេះ​ច្រើន​ព្រោះ​ផ្អើល​តាម​គ្នីគ្នា​មួយ​ឈុ​លៗ ​ដោយសារ​ស្ពាន​នេះ​ថ្មី​ វែង ​ហើយ​ឆ្ពោះទៅ​ប្រាសាទ​ដែល​គេ​ឭ​ឈ្មោះ​យូរហើយ​ តែ​ទើប​អាច​ទៅដល់​។​ហេតុនេះ​នៅ​ថ្ងៃ​បន្ទាប់​អាច​នឹង​មិនមាន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ទៀត​នោះទេ ។​

​សូម​បញ្ជាក់ដែរថា នៅក្នុង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ក៏មាន​ផ្ទះ​ស្នាក់​(HomeStay )​ជិត​១០​ផ្ទះ មាន​បម្រើសេវា​ដឹកជញ្ជូន​ដោយ​រទេះគោ គោយន្ត ម៉ូតូ សេវា​ម្ហូបអាហារ ។គួរ​រំលឹក​ដែរ​ថា​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​នេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ពី​កម្មវិធី​គ្រប់គ្រង​សេវាកម្ម​និង​បរិស្ថាន​សហគមន៍​ទេសចរណ៍​អាស៊ាន ៕S/Ha

រូបថត​:​ស្ពានឈើ​បណ្តែត​ដ៏​វែង​កាត់​បារាយណ៍​ចូល​ប្រាសាទ​មេបុណ្យ​មាន​ប្រជាប្រិយ​ជាង​ប្រាសាទបន្ទាយឆ្មារ ( រូប​: ភ្នំ​ស្វាយ )​