ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​

906
ចែករម្លែក
ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​៕​អាជ្ញាធរ​អប្សរា​

ដោយ​គូលែន​/​សៀមរាបៈ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅក្នុង​ប្រាសាទបេង​មាលា​ដែ​ល​មាន​ប្រវែង​២១៥​ម៉ែត្រ (​រាប់ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពានឈើ​ចាស់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សុមេធ បានបញ្ចប់​គម្រោង​ជា​ស្ថាពរ​ហើយ កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ​។

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឲ្យដឹងថា ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជាខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុងការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​។

​លោក​បាន​បន្តថា ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មាលា គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅដោយ​ក្បូរ​ក្បាច់រចនា​សម្បូរបែប​រួមផ្សំ​នឹង​ភាពសុខដុមរមនា រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។​
កត្តា​ទាំងនេះហើយ​ដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ក្នុង​រដូវ​ភ្ញៀវ​តិច​ពី​១៥០០០​នាក់​ទៅ​៣០០០០​នាក់ និង​រដូវ​ភ្ញៀវ​ច្រើន​ពី​៣០០០០​នាក់​ដល់​ជាង​៤០០០០​នាក់​។

​ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប​២៩៥​ម៉ែត្រ ធ្លាប់ធ្វើ​ការជួសជុល​បី​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០០៥ ២០០៨ និង​២០១៥​។ ថ្មីៗ​នេះ ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដោយ​កត្តា​អាយុកាល គុណភាព​ឈើ អាកាសធាតុ ធ្វើឱ្យ​ស្ពាន​ពុកផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ ពិសេស​ស្ពាន​មាន​ទំហំ​តូច ចង្អៀត​មិន​សម​នឹង​កំណើន​ទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សុមេធ បានសម្រេច​ធ្វើការ​រុះរើ​និង​សាងសង់​ថ្មី​ប្រវែង​២១៥​ម៉ែត្រ​លើ​ប្រវែង​សរុប និង​គ្រោង​ចំណាយពេល​បី​ខែ​ក្នុងការ​សាងសង់​តែដោយសារ​ការផ្គត់ផ្គង់​ឈើ​មានការ​យឺតយ៉ាវ ទើប​ពន្យា​ពេល​រហូតដល់​ដល់​០៧​ខែ (​តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើប​បញ្ចប់​។​

ស្ពាន​នេះ​ចំណាយ​ឈើ​អស់​៨៣​ម៉ែត្រគុប ដែល​ធ្វើ​ពី​ឈើ​គគីរ ផ្ចឹក និង​រាំង មានការ​រចនា​ស្អាត រឹងមាំ​អាច​ធន់​បាន​រហូតដល់​ជាង​១០​ឆ្នាំ ថែមទាំង​បាន​ពង្រីក​ទំហំ​ពី​៨០​សង់ទីម៉ែត្រ​ទៅ​១.៥០​ម៉ែត្រ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅវិញទៅមក​។

​លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឱ្យដឹងថា ចំពោះ​បច្ចេកទេស​នៃ​ការធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ ក្រុមការងារ​បាន​គណ​នា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់​និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ ពង្រឹង​រចនា​សម្ព័ន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។

​លោក​បាន​បន្តថា ដើម្បី​ការពារ​សំណង់​ស្ពាន​ឱ្យនៅ​បានយូរ ក្រុមការងារ​ក៏បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់​ឈើ​ផងដែរ​។ ក្រៅពី​សោភ័ណភាព​ប្រាសាទ និង​សុវត្ថិភាព​នៃ​ភ្ញៀវទេសចរ អ្នកជំនាញ​ក៏បាន​គិតគូរ​ខ្ពស់​ដល់​ការអភិរក្ស​ប្រាសាទ​ផងដែរ គឺ​ធ្វើ​ទៅតាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​សិក្សា​រួចមកហើយ​។ បើ​កន្លែង​ណា​ប៉ះ​ថ្ម គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយ​មានការ​សម្រង់​ប្លង់​មុន​នឺង​ប្តូរ​ទីតាំង តែបើ​មិនអាច​កំ​រិល​ថ្ម​ចេញ​បាន គឺ​ប្រើ​សំបក​កង់ឡាន កង់​ម៉ូតូ​ទ្រាប់​កុំឱ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់ ហើយ​ជំនួស​ឱ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន អ្នកជំនាញ​បាន​ប្រើ​ជើងតាង​បេតុង​ដើម្បី​បណ្តុះ​សរសរ​និង​ទ្រ​លំនឹង​ស្ពាន​។ កិច្ចការ​ទាំងនេះ គឺ​រក្សាបាន​ទាំង​សោភ័ណភាព គុណភាព​សំណង់ និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន​ប្រកបដោយ​ចីរភាព​៕/Ha

ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​៕​អាជ្ញាធរ​អប្សរា​