ស្ពានបេតុង​ឆ្លងកាត់​ស្ទឹង​កែវ​ នឹងធ្វើ​ឲ្យការ​ចរាចរ​ទៅ​គោលដៅ​នានា​កាន់តែ​ប្រសើរឡើង​

366
ចែករម្លែក

ដោយ:បូកគោ/​កំ​ពត ៖ ស្ពានបេតុង​ប្រវែង​ជាង​១០០​ម៉ែត្រ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹងធ្វើ​ឱ្យ​ការ​ចរាចរ​ទំនិញ​សព្វសារពើ ក៏ដូចជា​ដំណើរ​ទៅកាន់​គោលដៅ​នានា​កាន់តែ​ល្អប្រសើរ​ឡើង​។ ស្ពាន​ដ៏​សំខាន់​នេះ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​ដែល​តាម​គម្រោង​នឹង​រួចរាល់​នា​ចុងខែ​តុលា ឆ្នាំ​២០១៩ ខណៈពេល​បច្ចុប្បន្នការសាង​សង់​សម្រេចបាន​ប្រមាណ​៧៥​ភាគរយ​នោះ​។​

​លោក​ ហ៊ សូ​រិ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ផ្តល់​អំណោយ​ជា​ស្ពានបេតុង​មួយ​ខ្សែ​ដល់​អ្នក​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បីឱ្យ​ការ​ចរាចរ​ទំនិញ​សព្វសារពើ ក៏ដូចជា​ដំណើរ​ទៅកាន់​គោលដៅ​នានា​កាន់តែ​ប្រសើរឡើង​។ ស្ពាន​នេះ​មាន​ប្រវែង​១០៥​ម៉ែត្រ ទទឹង​៨​ម៉ែត្រ កម្ពស់​១០​ម៉ែត្រ ទទួល​សាងសង់​ដោយ​កងវិស្វកម្ម​កងទ័ព​ជើងគោក​ដែល​មកដល់​ថ្ងៃទី​២០ ខែសីហា ស្ថាបនា​បាន​ប្រមាណ​៧៥​ភាគរយ ក្រោយ​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា តាម​គម្រោង​របស់​កង​វិ​ស្វរ​កម្ម​ដែល​ធ្វើ​កិច្ចការងារ​យ៉ាងសកម្ម និង​ប្រកបដោយ​ការយកចិត្តទុកដាក់​នោះ បាន​កំណត់ថា​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នឹង​សម្រេច​រួចរាល់ ហើយ​ឈានទៅ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ប៉ុន្តែ​ដោយសារ​កន្លងទៅ​មាន​បញ្ហា​គ្រោះធម្មជាតិ និង​អាកាសធាតុ​រំខាន​ពេលវេលា​នោះ ដំណើរការ​អាច​ពន្យា​ដល់​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​។ ស្ពាន​មួយ​ខ្សែ​នេះ​មាន​សារសំខាន់​សម្រាប់ ការធ្វើដំណើរ​ទៅ​សាលា​របស់​សិស្សានុសិស្ស ការ​ចរាចរ​ទំនិញ​ទៅ​ទីប្រជុំជន ពិសេស​ការដឹកជញ្ជូន​កសិផល​ចេញពី​តំបន់​តេ​ជោ​អភិវឌ្ឍន៍​ប៊ុន​រា​នី ហ៊ុនសែន​៣១៧​កោះស្លា​ដែលជា​អាទិភាព​ចម្បង​សម្រាប់​វិស័យសេដ្ឋកិច្ច​។​

សូមបញ្ជាក់ថា​ ដើមឡើយ​ការធ្វើដំណើរ​ឆ្លងកាត់​ស្ទឹង​កែវ​ត្រង់ចំណុច​ក្បែរ​ស្ពានបេតុង​កំពុង​សាងសង់​នេះ គឺ​ពឹង​ផ្អែកលើ​ស្ពានឈើ​ឯកជន​ដែល​តម្រូវឱ្យ​អ្នកដំណើរ​បង់លុយ​ដល់​ម្ចាស់​សេវាកម្ម​។ ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​ក្រុមគ្រួសារ​ដែលមាន​កូនចៅ​ត្រូវ​ទៅ​សាលារៀន រដ្ឋបាល​ខេត្តកំពត​ក៏​សម្រេច​បង់​ផ្តាច់​ឱ្យ​ម្ចាស់​ស្ពាន​ដើម្បី​បានការ​ឆ្លងកាត់​មិន​អស់​លុយ​។ ព្រោះតែ​គ្មាន​អ្នក​ថែទាំ ស្ថានភាព​ស្ពាន​បាន ចូលដល់​ដំណាក់កាល​ទ្រុឌទ្រោម និង​បាន​បាក់​ដាច់​ដោយសារ​ទឹកជំនន់​ហូរ​បន្ត​មកពី​ខេត្តកំពង់ស្ពឺ​បុក​ផ្តាច់​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។

ជាមួយ​ហេតុការណ៍​នោះ លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចុះ​ពិនិត្យ​ផ្ទាល់ រួច​ធ្វើ​គម្រោង​ដាក់ជូន​រាជរដ្ឋាភិបាល​ឈានទៅ​ស្ថាបនា​ប្រភេទ​ស្ពានបេតុង​ជំនួស​វិញ​។ ដោយ​មើលឃើញថា​គម្រោង​នេះ​នឹង​អូសបន្លាយ​ពេល​យូរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥.០០០​ដុល្លារ​តាមរយៈ​លោក​ជាវ តា​យ ដើម្បី​សង់​ស្ពានឈើ​ជាបន្ទាន់​លើ​ទីតាំង​ចាស់​មាន​បណ្តោយ​៨០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ និង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨៕​B/

#