ស្ពាន​កញ្ចក់​វែង​បំផុត​នៅលើ​ពិភពលោក​ត្រៀម​បើក​ឱ្យ​ដើរ​ឆ្លងកាត់​

600

​ស្ពាន​កញ្ចក់​វែង​បំផុត​លើ​ពិភពលោក​នឹង​បើក​ឱ្យ​សាធារណជន​ដើរ​ឆ្លងកាត់​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ នៅ​ទីក្រុង​ស៊ី​ចៀ​ជួង ខេត្ត​ហឺ​ប៉ី​

​ស្ពាន ដែលមាន​ប្រវែង ៤៨៨ ម៉ែត្រ​នេះ មាន​ទទឹង ២ ម៉ែត្រ និង​មាន​កម្ពស់ ២១៨ ម៉ែត្រ (​ប្រហែល​អគារ ៦៦ ជាន់​) នៅ​ពីលើ​ជ្រលង​ភ្នំ​រវាង​ច្រាំង​ថ្ម​ចោត​ពីរ​ផ្ទាំង​នៅ​តំបន់​ទេសភាព​ព្រៃភ្នំ​ហុង​យ៉ា​គូ ក្នុងភូមិ​សាស្ត្រ ពីង​សាន​។​

​ស្ពាន​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​កញ្ចក់​ថ្លា​ចំនួន ១.០៧៧ បន្ទះ ដែលមាន​កម្រាស់ ៤ សង់ទីម៉ែត្រ និង​ទម្ងន់​សរុប ៧០ តោន​។​

​ស្ពាន​លើ​អាកាស​នេះ​ត្រូវបាន​រចនា​ឡើង​ឱ្យ​យោល​យោគ​បន្តិចបន្តួច​នៅពេល​អ្នកទេសចរ​ដើរ​ចូលដល់​កណ្តាល​ស្ពាន ដោយ​បង្កើតបាន​នូវ​អារម្មណ៍​រំភើប​ញាប់​ញ័រ​សម្រាប់អ្នកទេសចរ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ទេសចរណ៍ Hebei Bailu Group ដែល​បាន​សាងសង់​ស្ពាន​នេះ​។

​ខណៈពេល​កំពុង​ដើរ​លើ​ស្ពាន អ្នកទេសចរ​អាច​រីក​រាយ​នឹង​ទេសភាព​នៅ​តំបន់ភ្នំ​ហុង​យ៉ា​គូ ដែលមាន​ទេសភាព​ភូមិសាស្ត្រ​ល្អ​ឯក​តែមួយគត់ ដូចជា ទេសភាព​ភ្នំ ទឹកធ្លាក់​ធម្មជាតិ ទីក្រុង​បុរាណ និង​វត្ត​អា​រ៉ា​ម​នានា​។​

​លោក លីវ ឈី​ឈិ ប្រធាន​ទទួលបន្ទុក​ផ្នែក​សាងសង់​ស្ពាន​នេះ​បាន​និយាយថា ស្ពាន​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទ្រ​មនុស្ស​ដល់​ទៅ ២.០០០ នាក់ បើទោះបីជា​វា​ត្រូវបាន​រំពឹងថា ផ្ទុក​មនុស្ស​បានតែ ៥០០ នាក់​ក្នុង​មួយ​ជើង​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ស្ពាន​កញ្ចក់​វែង​បំផុត​នេះ​នឹងត្រូវ​បើក​ឱ្យ​ដើរ​ឆ្លងកាត់​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ធ្នូ​នេះហើយ