ស្ពាន​ឆ្លងកាត់​ស្រុក​កោះសូទិន​និង​ស្រុក​ត្បូងឃ្មុំ​បាក់ស្រុត​បណ្តាលមកពី​ទឹកទន្លេ​ស្រក​ចុះ​លឿន​ពេក​

213
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​កត្តា​ដែល​បណ្តាល​ឲ្យ​បាក់ស្រុត​ស្ពានបេតុង​អាយុ​ជាង​២០​ឆ្នាំ​សម្រាប់​ធ្វើដំណើរ​តាមផ្លូវ​បណ្តោយ​មាត់ទន្លេ​ឆ្លងកាត់​រវាង​ស្រុក​កោះសូទិន​និង​ស្រុក​/​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នោះ​គឺ​បណ្តាលមកពី​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំនេះ​ឡើង​ក៏​លឿន​ហើយ​ស្រក​ចុះទៅ​វិញ​ក៏​លឿន​។ ប៉ុន្តែ​ពុំមាន​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​លោក​ខឹម​ប៉ោ​ទាង​មេឃុំ​ពង្រ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​តុលា​ថា​ស្ពានបេតុង​បាន​បាក់ស្រុត គឺជា​ស្ពាន​ឆ្លងកាត់​ព្រែក​ឈ្មោះ «​អុង​កូ​» ដែលមាន​ទំហំ​ទទឹង ប្រាំ ម៉ែត្រ និង​បណ្តោយ​ប្រវែង ៣៣ ម៉ែត្រ​ស្ថិត​ក្នុងភូមិ​កំពង់​ឪច្រឹង​ឃុំ​ពង្រ​ស្រុក​កោះសូទិន​។​

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា​ការបាក់​ស្រុត​ស្ពាន​ដែល​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៩៣​គឺ​បណ្តាលមកពី​ចរន្តទឹក​ហូរ​ចេញពី​បឹង​ខ្លាំង​បង្ក​ឲ្យ​បាក់​ដី​ខាងក្រោម​ជើង​ស្ពាន ក៏​ស្រុត​គ្រឹះ​ចុះក្រោម​ជម្រៅ​ប្រហែល​ពីរ​ម៉ែត្រ​។ ​ប៉ុន្តែ​នៅ​ពុំទាន់​បាក់​តួ​ស្ពាន​ចេញពី​គ្នា​ទេ​ហើយ​ហេតុការណ៍​នេះ​មិនមាន​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ដែរ ដោយសារតែ​វេលា​ម៉ោង​ប្រហែល ៥​ព្រឹក​ថ្ងៃទី ១៥ តុលា​នោះ​គ្មាន​អ្នកដំណើរ​ឆ្លងកាត់​ទេ​។​

លោក​ប៉ោ​ទាង​បាន​បន្តថា​នៅ​ចំពោះមុខ​នេះ​យើង​បាន​សហការគ្នា​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ឆ្លង​ទូកដ​បណ្តោះអាសន្ន​សិន​គឺ​ខាង​អាជ្ញាធរ​បានសម្រេច​សាងសង់​ស្ពាន​ប្រដឹស​ឬ​ស្សី​ឆ្លង​ធ្វើដំណើរ​បានត្រឹមតែ​ម៉ូតូ រថយន្ត​មិនអាច​ឆ្លងកាត់​បានទេ​។​

លោក​យិន​វណ្ណ​:​អភិបាលស្រុក​កោះសូទិន​បាន​ឲ្យ​ដឹងថា​ការបាក់​ស្រុត​ស្ពាន​«​អុង​កូ​»​សម្រាប់​ឆ្លងកាត់​ផ្លូវ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​រវាង​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​និង​ស្រុក​/​ខេត្ត​ត្បូងឃ្មុំ​។​គឺ​បណ្តាលមកពី​កត្តា​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៩​នេះ​បាន​ហក់​ឡើង​ឆាប់រហ័ស​និង​ស្រុក​ចុះទៅ​វិញ​ក៏​ឆាប់រហ័ស​ធ្វើ​ឲ្យ​កម្ពស់​ទឹកទន្លេ​និង​ទឹក​បឹង​មាន​កម្រិត​កម្ពស់​ខុសគ្នា​ច្រើន​ម៉ែត្រ​គឺ​ចរន្តទឹក​ហូរ​បុក​ចុះ​ទន្លេ​វិញ​ខ្លាំង​ខុស​ប្រក្រតី​។

​លោក​អភិបាលស្រុក​បានលើកឡើង​ថា ប៉ុន្តែ​គ្រោះ​ធម្មតា​ដូចគ្នានេះ​បានកើត​ឡើង​តាម​បណ្តា​ព្រែក និង​ច្រាំងទន្លេ​ជាច្រើន​កន្លែង​ផ្សេងទៀត​ក្នុងស្រុក​កោះសូទិន​នេះ​។​ដោយឡែក​សម្រាប់​ស្ពាន​ព្រែក​អុង​កូ​នេះ​យើង​បានធ្វើ​របាយការណ៍​និង​សំណើសុំ​កសាង​ថ្មី​ទៅ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រួចរាល់​ហើយ​។​

លោក​បាន​បន្តថា​ទំនង​ស្ពាន​ព្រែក​អុង​កូ​អាច​លេច​រូបរាង​ឡើងវិញ​ស្របពេល​នឹង​រាជរដ្ឋាភិបាល​សម្រេច​សាងសង់​ផ្លូវ​បេតុង​ត​ភ្ជាប់​គ្នា​រវាង​ឃុំ​ពង្រ​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​និង​ឃុំ​ទន្លេ​បិទ​ស្រុក​/​ខេត្ត​ត្បូងឃ្មុំ​នៅ​ឆ្នាំក្រោយ​ខាងមុខនេះ​៕S/​