ស្ពាន​ជ្រោយចង្វារ​ចាស់ នឹង​ជួសជុល​ឡើងវិញ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែសីហា​

542

(​ភ្នំពេញ​)៖​តាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​ស្ពាន​ជ្រោយចង្វា​ចាស់​នឹងត្រូវ​ជួសជុល​ឡើងវិញ​ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​២០១៧​នេះ​។​
​ ​
​ប្រភព​ដដែល​នេះ បានឱ្យដឹងថា​ខណៈពេល​នេះ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កំពុង​ដឹកនាំ​គណៈប្រតិភូ បំពេញភារកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ដើម្បី​ចរចា​លើ​គោល​ការ​ណ៏​ច្បាប់​និង​លក្ខណៈ​បច្ចេក​​ទេស​ក្នុង​ការជួសជុល​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ​នេះ​។​

​ការចរចារ​នេះ​ផ្តោត​សំខាន់​ទៅលើ​ការធានា​និង​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ពេលវេលា​សាងសង់​ជួសជុល​ឡើងវិញ​នឹង​ប្រព្រឹត្ត​ទៅតាម​កាលកំណត់​ក្នុង​រយៈពេល​២១​ខែ​ព្រមទាំង​ធានា​ឲ្យ​បាន​នូវ​គុណភាព​សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។​

​ក្រោយ​បញ្ចប់​ការចរចា នៅ​ចុងខែ​កក្កដា​ខាងមុខនេះ​ក្រសួង​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​ហើយ​នៅ​រយៈពេល​១​ខែក្រោយ​ពី​ចុះហត្ថលេខា ក្រុមហ៊ុន​សាងសង់​ត្រូវតែ​បើក​ការដ្ឋាន​សាងសង់​។ ដូចនេះ ស្ពាន​ជ្រោយចង្វារ​នេះ នឹង​ត្រូវបាន​ជួសជុល​ឡើងវិញ​ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ខែសីហា​។​

​សូមបញ្ជាក់ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ស្ពាន​ជ្រោយចង្វារ​ទី​១)​ត្រូវបាន​កសាងឡើង​ពី​ឆ្នាំ​១៩៦០ រហូតដល់​ឆ្នាំ​១៩៦៣​ក្រោម​ជំនួយ​​របស់​រដ្ឋាភិបាល​ជប៉ុន មាន​ប្រវែង​១.០៨០​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​។ ស្ពាន​នេះ​ត្រូវបាន​បំផ្លាញ​ក្នុង​ឆ្នាំ​១៩៧២ ពេល​កម្ពុជា​កើតសង្គ្រាម ហើយ​ត្រូវបាន​ជួសជុល ឡើងវិញ​នៅ​ឆ្នាំ​១៩៩៤​។​ដោយសារតែ​បច្ចុប្បន្ន​ស្ពាន​នេះ​មាន​សភាព​កាន់តែ​ឌ្រុ​ត​ទ្រោម​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជុស​ជុល​ឡើងវិញ​។

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា​ការជួសជុល​ស្ពាន​នេះ​នឹងត្រូវ​​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ហើយ​ចំណាយ​រយៈពេល​ជួសជុល​ជាង​២០​ខែ​៕ដោយ៖សុផល

 

ស្ពាន​ជ្រោយចង្វារ​ចាស់ នឹង​ជួសជុល​ឡើងវិញ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែសីហា​