ស្ពាន​ជ្រោយចង្វា​! សូម​ការបើកបរ​ដោយ​គោរព​ច្បាប់

1629
ចែករម្លែក

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វា​ទី​១ បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​៣​ខែមេសា ឆ្នាំ​២០១៩ ក្រោយ​ការជួសជុល​អស់​ពេល​ជិត​ពីរ​ឆ្នាំ​។ ស្ពាន ជ្រោយចង្វា​ទី​១ ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវ​ឯកទិស ចេញពី​រាជធានី​ភ្នំពេញ​។ រីឯ​ស្ពាន ជ្រោយចង្វារ​ទី​២ ដែលជា​ជំនួយ​របស់​ចិន នៅ​ស្រប​ជាប់​គ្នា​នោះ ត្រូវបាន​ប្រើប្រាស់ សម្រាប់​ចរាចរ ចូលមកក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
ក្រោយ​ការជួសជុល និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​៣ ខែមេសា គឺ​ជប៉ុន បាន កែសម្រួល​គន្លង​ផ្លូវ រវាង​ម៉ូតូ និង​ឡាន នៅលើ​ស្ពាន​ជ្រោយចង្វា​ដោយ​ចាក់​ខ្ពស់​ទាប ជាងគេ​បន្តិច ដែល​នាំ​ឲ្យ​ម៉ូតូ​មួយចំនួន ត្រូវ​ដួល ដោយសារតែ​បើកបរ​ខុស​គន្លង​ហើយ ចង់​ឡើងមក​គន្លង​ម៉ូតូ​វិញ​។

​ដោយ​មើលឃើញថា ការប្រើប្រាស់​គន្លង​ផ្លូវ មិនបាន​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ពិសេស អ្នកបើកបរ​ម៉ូតូ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​នេះ ហើយ​ប្តូរ​ពី​គន្លង​រថយន្ត ទៅ​គន្លង​ម៉ូតូ ដែល​គន្លង​ទាំងពីរ​មាន​កម្រាល​ខណ្ឌ​ខ្ពស់​ទាប​គ្នា បានធ្វើ​ឲ្យ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ធ្វើ​ឲ្យ​ម៉ូតូ​ជាច្រើន បាន​គ្រោះថ្នាក់ ដួល​ជា​បន្តបន្ទាប់ ទើប​អ្នកជំនាញការ​ជប៉ុន​រៀបចំ ដាក់​បង្គោល​ជ័រ​តូចៗ​ជាច្រើន នៅ​ដើមផ្លូវ ផ្នែក​ខាង​រង្វង់​មូល​គួច​កាណុង​លើ​ចំណុច បែងចែក​គន្លង​ផ្លូវ​រវាង​ម៉ូតូ និង​ឡាន​។​

​ក៏ប៉ុន្តែ​បង្គោល​ជ័រ​ទាំងនោះ ត្រូវបាន​ម៉ូតូ បុក​បាក់​ជា​បន្តបន្ទាប់​។ រហូតដល់​ចុងក្រោយ អ្នកជំនាញ បានសម្រេច​ដាក់​ថ្ម​ទាបៗ តម្រៀប​ជា​ជួរ ពុះ​ចែក​គន្លង​ផ្លូវ ដោយមាន​បង្គោល​ជ័រ​ធំ​មួយ ដាក់​សម្គាល់​។ យ៉ាងណាក៏ដោយ បង្គោល​ជ័រ​នោះ នៅតែ​ត្រូវ​ម៉ូតូ​បុក បាក់​ម្តង​ជា​ពីរដង​ទៀត​។

​គន្លង​ចែក​ទ្រូងផ្លូវ រវាង​ម៉ូតូ និង​ឡាន នៅលើ​ស្ពាន​ជ្រោយចង្វា​ទី​១ ឬ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ជ្រោយចង្វា ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រី​ជំនាញ​ខ្មែរ និង​ជប៉ុន​កែ សម្រួល​ជាថ្មីទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែឧសភា ។ គ្រាន់តែ​ដាក់​ភ្លាម នៅ​ថ្ងៃទី​៩ បន្ត​ដល់​ថ្ងៃទី​១០ និង​នៅ​ថ្ងៃទី​១១ ខែឧសភា​គឺ​បង្គោល​ជ័រ​នោះ ក៏ត្រូវ​បុក​បាក់​។ ដាក់​ព្រឹក បុក​បាក់​នៅពេល​ល្ងាច​។ ដាក់​ល្ងាច បុក​បាក់​ល្ងាច​ឬក៏​យ៉ាងយូរ​នៅ​ព្រឹក ថ្ងៃ​បន្ទាប់​។​

​ឥរិយាបថ​អ្នកបើកបរ​មួយចំនួន ពិសេស​អ្នកបើកបរ​ម៉ូតូ ដែល​មិន​គោរព​តាម​គន្លង​ផ្លូវ ដែលមាន​ស្លាក​សញ្ញា​ច្បាស់លាស់​ដូច្នេះ ត្រូវបាន​គេ​ថត​បង្ហោះ និង​សម្តែង​ការ​ហួស ចិត្តជា​ច្រើន នៅតាម​ហ្វេ​ស​ប៊ុ​ក រហូតដល់​មាន​អ្នក​ធ្វើជា​រូបថត Troll ថា “​ជម្រើស ចុងក្រោយ អស់​បញ្ហា​ជាមួយ​ខ្មែរ គឺមាន​តែ​ឲ្យ​ស៊ីម៉ាក់ ដាក់​គ្រាប់មីន នៅ​ចំណុច​ចែក គន្លង​ផ្លូវ ហើយ​ដាក់​សញ្ញា​ប្រយ័ត្ន​គ្រាប់មីន នៅ​ដើមទី​”​។ នៅពេលនោះ​តើ​មាន​អ្នក បើកបរ​ណា ហ៊ាន​បុក​បំបាក់​សញ្ញា​សម្គាល់​បែង​ចែក​គន្លង​ផ្លូវ​ទៀត​ទេ​?​។​
​ ​
​ក៏ប៉ុន្តែ យ៉ាងណា​ក៏ដោយចុះ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ជាពិសេស​អ្នក បើកបរ​ម៉ូតូ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា​ដែលជា​ជំនួយ​របស់​ជប៉ុន មានតែ​ប្រជាពលរដ្ឋ ពិសេស​អ្នកបើកបរ​ម៉ូតូ ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​សូម​ប្រើប្រាស់​ឥរិយាបថ​ល្អ ថ្លៃថ្នូរ ដោយ​ត្រូវគោរព​ស្លាក​សញ្ញា បើកបរ​តាម​គន្លង​ផ្លូវ​ត្រឹមត្រូវ ព្រោះថា គន្លង​ផ្លូវ ថ្មើរជើង ម៉ូតូ និង​ឡាន សុទ្ធ​តែមាន​គំនូស និង​ស្លាក​សញ្ញា រូប​ម៉ូតូ ថ្មើរជើង ទាំង​នៅលើ​ស្លាក បង្គោល​បញ្ឈរ​នៅ​ខាងស្តាំ​ដើម ពេល​ឡើង​ស្ពាន​ផង និង​មាន​គំនូស​រូប​នៅលើ​គន្លង ផ្លូវ​ផងដែរ​។​
​ ​
​មាន​ឥរិយាបថ​មិនល្អ​មួយ ដែល​អ្នកបើកបរ​មួយចំនួន ពិសេស​អ្នកបើកបរ​ម៉ូតូ​ត្រូវ​កែប្រែ​។ នោះ​គឺ តាម​គ្នា​។ នៅ​ភ្លើងស្តុប អ្នកបើកបរ​មិន​ថា ឡាន ឬ​ម៉ូតូ រ៉ឺម៉ក​ម៉ូតូ​និង​ម៉ូតូ កង់​បី ឬ​អ្នកជិះ​កង់​ទេ គឺ​មើល​ឆ្វេង មើល​ស្តាំ ខាងមុខ​មិនមាន​ប៉ូលិស​ទោះបីជា​ភ្លើង​ក្រហម ក៏​នៅតែ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវបំបែក​ភ្លើងស្តុប​ដោយ​មិន​បង្អង់​ឈប់​តាម​ភ្លើង​សញ្ញា ចរាចរណ៍​ឡើយ​។ ឃើញ​មួយ​ទៅ អ្នក​ខាងក្រោយ ក៏​ទៅតាម​។​
​ ​
​ជួនកាល មានពេលខ្លះ អ្នកបើកបរ​ខាងមុខ ឈប់​ស្តុ​ប ដោយ​គោរព​ភ្លើង​សញ្ញា ដែល ហាម​ឆ្លងកាត់ ដោយសារ​ភ្លើង​ក្រហម គឺ​ត្រូវ​អ្នកជិះ​ខាងក្រោយ ស៊ី​ប្លេ​ស្រែក​ដេញ​ឲ្យ ទៅ​។ ផ្លូវ​ស្ងាត់​តើ ឈប់​ធ្វើ​អី​។ គឺ​អ្នកបើកបរ​ល្មើសច្បាប់​ទាំងនោះ​មាន​ហេតុផល សព្វបែបយ៉ាង​។

​ប៉ុន្តែ​ចូរ​គិតថា ឈប់​ភ្លើងស្តុប​តែមួយ​នាទី ឬក៏​ជាង មួយ​នាទី​សោះ​ហេតុអ្វី​ក៏​អ្នកបើកបរ មួយចំនួន ឈប់​មិនបាន​? ចុះបើ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍ នៅពេល​ភ្លើង​ក្រហម នៅតែ​បន្តដំណើរ​ឆ្លងកាត់​ទៅមុខ ចុះបើ​ត្រូវ​ប៉ូលិស​ពួនស្ទាក់​ចាប់ ផាកពិន័យ គឺ​អស់ ទាំង​លុយ​ហើយ ខាត​ទាំង​ពេលវេលា មិនមែន​ត្រឹមតែ មួយ​នាទី ឬក៏​ជាង​មួយ​នាទី ឯណា​។ ម្យ៉ាងទៀត ចុះបើ​ភ្លើង​ក្រហម ដែល​ត្រូវ​ឈប់ តែ​អ្នកបើក​បរទាំង​ម៉ូតូ ទាំង​ឡាន នៅតែ​ជម្នះ​មួល ជាន់​ហ្គែ បង្កើនល្បឿន ឆ្លងផ្លូវ​បំបែក​នោះ ចុះបើ​មាន​គ្រោះថ្នាក់​ចរាចរ ជ្រុល​បុក​អ្នកដំណើរ​ផ្សេងទៀត ដែល​គេ​ដល់​វេន​ភ្លើង​សញ្ញា​ចរាចរណ៍ ភ្លើង​បៃតង អនុញ្ញាត​ឲ្យ​ឆ្លងកាត់ តើ​នៅពេលនោះ មានរឿង​អ្វីខ្លះ​កើតឡើង​?​។ ពេលនោះ ច្បាស់ ណាស់​ថា មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់ ដល់​ខ្លួនឯង​ទេ តែ​ក៏បង្ក​គ្រោះ​ថ្នាក់លើ​អ្នកដទៃ ថែមទៀត​។​បើ​ត្រឹមតែ​ខូចខាត​ឡាន​ម៉ូតូ​គេ មិន​ថ្វី​ទេ គឺអាច​ចេញ​លុយ​សង​ថ្លៃ​ជួស ជុល​បាន ចុះបើ​ធ្ងន់ធ្ងរ រហូត​បង្ក​ឲ្យ​អ្នកដទៃ របួស បាក់​ដៃជើង ហើយ​បើ​ធ្ងន់​រហូតដល់ ស្លាប់​នោះ តើ​អ្នករំលោភ​ស្លាក​សញ្ញា ភ្លើង​សញ្ញា ចរាចរណ៍ នៅ​ចំណុច​ភ្លើងស្តុប​នោះ ត្រូវ​ទទួលខុសត្រូវ​ធ្ងន់ធ្ងរ​កម្រិតណា​ទៅ​?

​យើង​ងាក​មក​មើល​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វា ក៏​ដូចគ្នា​ដែរ​។ ពោលគឺ​តាម​គ្នា ជិះ​តាម​គ្នា​។ ឃើញ​ម៉ូតូ​មួយ​ជិះ​ខុសផ្លូវ​ហើយ​។ អ្នក​ក្រោយ ក៏​ពឺត​តាម​។ ដូច្នេះ សូមអ្នក បើកបរ​ម៉ូតូ​ម្នាក់ៗ គោរព​ច្បាប់ ស្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​បើកបរ លើ​គន្លង​ផ្លូវ ដែល​គេ​គូសវាស​ឲ្យ​។ បើ​អ្នក​មុខ បើក​ត្រូវ​ផ្លូវ​ហើយ អ្នក​ក្រោយ​ក៏​មក​តាម ដែរ​។ ម្នាក់​ពីរ​នាក់ ដែល​បើកបរ​ខុស​គន្លង នៅពេល​ឃើញ​គេ​ភាគច្រើន ត្រូវ​ក៏​នឹង​ងាក មករក​ផ្លូវត្រូវ​ជាមិនខាន​។​
​ ​
ម្យ៉ាងទៀត អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ក៏​គួរតែមាន​ភ្នែក​វៃ មើល​នៅ​ខាងស្តាំ​ដៃ នៅ​ផ្លូវបំបែក និង​ពិសេស​នៅ​គល់ស្ពាន ដែលមាន​ស្លាក​សញ្ញា ស្លាក​សម្គាល់ និង​ស្លាក កំណត់​ពី​ល្បឿន ពី​សញ្ញា​ចរាចរណ៍ និង​សញ្ញា​បង្ហាញ​ទិស ជាដើម​។​

​ក្រឹត្យក្រម ក្បួនខ្នាត​នៃ​ការបើកបរ​នេះ សម្រាប់​អ្នកបើកបរ​ដែល​បាន​ចូល​សាលារៀន បើកបរ​ត្រឹមត្រូវ​តាមច្បាប់ និង​មាន​ប័ណ្ណបើកបរ គឺ​បាន​យល់ដឹង​យ៉ាងច្បាស់​ពី​គន្លង​ផ្លូវ និង​គំនូស​សញ្ញា​ចរាចរណ៍ ព្រមទាំង​ស្លាក​សញ្ញា​ចរាចរណ៍​ទាំងនោះ​។ ក៏ប៉ុន្តែ​សម្រាប់ អ្នកបើកបរ​យានយន្ត ដែល​មិនបាន​ឆ្លងកាត់​សាលារៀន​បើកបរ និង​បើកបរ​ដោយ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ គឺ​មិនដឹង​ទេ ហើយ​បូក​រួមទាំង​ការមិន​យកចិត្តទុកដាក់​លើ គំនូស​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍ ដែល​មន្ត្រី​ជំនាញ​បាន​លើក​បញ្ឈរ​តាមផ្លូវ ទាំងនោះ​ថែមទៀត​។​

​ប៉ូលិស​ចរាចរណ៍ និង​កងកម្លាំង​សន្តិសុខ​ខណ្ឌ​-​សាលា​រាជធានី​ភ្នំពេញ ក៏​គួរតែ​ចេញ អន្តរាគមន៍ ដោយ​ដាក់​វេន​គ្នា ឈរជើង​នៅ​គល់ស្ពាន​ជ្រោយចង្វារ ដើម្បី​ណែនាំ ចង្អុល​បង្ហាញផ្លូវ ឲ្យ​អ្នកបើកបរ​យានយន្ត​ចរាចរណ៍ តាម​គន្លង​ផ្លូវ​ត្រឹមត្រូវ គឺ​អ្នក​ថ្មើរជើង ម៉ូតូ និង​រថយន្ត​។​

​សូមមេត្តា​ចូលរួម​ទាំងអស់គ្នា ទាំង​អ្នកបើកបរ​យាន្ត​ជំនិះ​គ្រប់​ប្រភេទ ទាំង​មន្ត្រី​ជំនាញ និង​ទាំង​ប៉ូលិស​ចរាចរណ៍ ទាំង​កម្លាំង​ស​ន្តុ​សុខ ទើប​យើង​អាច​ផ្លាស់ប្តូរ​ទម្លាប់​ខុសឆ្គង មក​ត្រូវ ពិសេស​លើ​ស្ពាន​ជ្រោយចង្វារ ដែលជា​សមិទ្ធផល​ថ្មី​របស់​ជប៉ុន ហើយ​យូរ​ទៅ ខ្មែរ​យើង ពិសេស​អ្នកបើកបរ​មួយចំនួន នឹង​យល់ដឹង​និង​បើកបរ​តាម​គន្លង​ផ្លូវ​ជាក់​ជា មិន​ខាន​៕ ដោយៈ ម៉េង​ឆៃ​

#