ស្ពាន​បា​ឡេ​ថ្មី​នៅ​ឃ្លាំង​សាំង​ឫស្សីកែវ ទើប​សម្ពោធ​ពី​ល្ងាច យប់​ឡើង​មាន​អ្នក​ប៉ុនប៉ង​បំផ្លាញ​, សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៤​នាក់​

1557
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​មានបំណង​បំផ្លាញ​ស្ពាន​បា​ឡេ ដែល​ស្ថិតនៅ​ចំណុចឃ្លាំង​សាំង​ឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​សាកសួរ​។ ករណីនេះ កើតឡើង​កាលពី​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

ពាក់ព័ន្ធករណីខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មីកម្ពុជាមុននេះបន្តិចថា “​ការពិត​មិនមែន​ចោរលួច​កាត់​ស្ពាន​បា​ឡេ​ទេ ក្រុម​នេះ​បានមក​មុជទឹក​ចូល​ទៅយក​កំណាត់​កម្ទេច​ដែក ដែល​សេសសល់​ធ្លាក់​ក្នុង​ទឹក ហើយ​បាន​ឆ្លៀត​លួច​កាត់​ដែក​ប៉ា​រ៉ា​ស់កា​រពារ​ជើង​ស្ពាន​ទេ យ៉ាងណា​បន្ថែមទៀត សមត្ថកិច្ច​បាន​នឹង​កំពុងធ្វើការ​ងារ​នេះហើយ​”​។​

​លោក​បាន​សង្កត់ធ្ងន់ថា “​ចំពោះ​ស្ថា​ភាព​ស្ពាន និង​គុណភាព​ស្ពាន​នៅ​ល្អ​ដដែល​ទេ មិន​ប៉ះពាល់​អ្វី​ឡើយ ការ​ចរាចរណ៍​បានជា​ធម្មតា​ទេ​”​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ទី​១. ឈ្មោះ ម៉ោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅលើ​ទូក​មាន​ស្រុកកំណើត​នៅ​ជ្រោយចង្វា​។ ទី​២. ឈ្មោះ មោះ ម៉ាត់​គ្រី​យា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ ស្នាក់នៅ​ជ្រោយចង្វា មាន​ស្រុកកំណើត​នៅ​ស្រុក​កំពុងត្របែក​ខេត្ត​ព្រែ​វែង​។ ទី​៣. ឈ្មោះ ទី​ស្មាន់​កោះ​ទៀត អាយុ​១៧​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយ​សង្វា មាន​ស្រុកកំណើត​ស្រុក​ស្អាង​ខេត្តកណ្តាល​។ ចំណែកឯ​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។​

សូមជម្រាបថា ​ស្ពាន​បា​ឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប នៅ​ឃ្លាំង​សាំង​ឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​រសៀល​ថ្ងៃទី​៨ ខែឧសភា​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ស្ពាន​បា​ឡេ​នេះ មាន​ទទឹង ១២​ម៉ែត្រ បណ្ដោយ ៥០០​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​ចំនួន ៩​លាន​ដុល្លារ និង​ប្រើពេល​សាងសង់ ៦​ខែ​។ ស្ពានដែក​បា​ឡេ​នេះ ភ្ជាប់​ពី​ចំណុចឃ្លាំង​សាំង​ឬ​ស្សី​កែវ នៅ​សួនច្បារ​ប្រជាធិបតេយ្យ នៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​ជ្រោយចង្វា នៅ​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​។​

​ស្ពានដែក​បា​ឡេ​នេះ ហាម​មិន​ឲ្យ​ឡានធំ ដែលមាន​ទម្ងន់​លើសពី ៥​តោន និង​មាន​កម្ពស់​លើស ២,៨​ម៉ែត្រ បើក​ឆ្លងកាត់​ឡើយ ចំណែក​អ្នក​ថ្មើរជើង ក៏​មិន​អនុញ្ញាតឱ្យ​ដើរ​ឆ្លងកាត់​ស្ពាន​នោះដែរ​៕