ស្ពាន​ប្រដឹស​កោះ​ប៉ែន​បញ្ចប់​ការជួសជុល​និង​បើក​ឲ្យ​ភ្ញៀវ​ឆ្លងកាត់​ហើយ​

379
ចែករម្លែក
  • 133
    Shares

ដោយ​: គង់​ហេង / កំពង់ចាម​: ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​បានបញ្ចប់​ដំណើរ​ការជួស​ជុស លើ​ប្រវែង​បណ្តោយ​ស្ពាន​ដែល​រង​ការបំផ្លាញ​អស់​ប្រមាណ​ជិត​៤០០ ម៉ែត្រ ពី​បុក​ដាច់​របស់​ចរន្តទឹក​ជំនន់​ទន្លេមេគង្គ​ខុសរដូវ​កាលនោះ​។ ក្រោយពី​បាន​ប្រើប្រាស់​រយ​:​ពេល​ចំនួន ប្រាំ ថ្ងៃ និង​ចំណាយ​ដើម​ឬ​ស្សី​អស់​ជិត ២.០០០ ដើម គឺ​បើក​ដំណើរការ​ទទួលភ្ញៀវ​ដូច​ធម្មតា​ចាប់ពី​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៩​តទៅ​ហើយ​។

​លោក ប៊ុន ដា​រ៉ា ម្ចាស់​ស្ពាន​ឬ​ស្សី​ល្បីឈ្មោះ​បានបញ្ជាក់​ឲ្យ​ដឹងថា ខាង​លោក​បាន​ដំណើរការ​ជួសជុល​ស្ពាន​រួចរាល់​នូវមុន​ផែនការ​ចំនួន ប្រាំ ថ្ងៃ​។ ដោយសារ​ទឹកទន្លេ​ចាប់​ស្រក​ពីថ្ងៃ​ទី ២៤ មករា ហើយ​ការជួសជុល គឺ​យើង​ប្រើប្រាស់​កម្មករ​សរុប​ប្រហែល ៣០ នាក់ នៅក្នុង​សហគមន៍​កោះ​ប៉ែន និង​ប្រមូល​ទិញ​ឬ​ស្សី​សម្រាប់​ជួសជុល​ក្នុង​សហគមន៍​នេះ​តែម្តង​។ ដោយ​មិនចាំបាច់​ចំណាយពេល​ឡើង ទៅ​ទិញ​ដើម​ឬ​ស្សី​នៅ​ខេត្តក្រចេះ​ដូច​សព្វដង​ឡើយ​។​

​លោក​ម្ចាស់​ស្ពាន​បាន​ឲ្យ​ដឹងថា ដោយ​ការជំរុញ​របស់​អាជ្ញាធ​រ​ខេត្តកំពង់ចាម​ធ្វើ​បែបណា​អាច​ទទួលភ្ញៀវ​បាន​ឡើងវិញ​នៅ​រង្វង់​បុណ្យចូលឆ្នាំ​ចិន វៀតណាម គឺ​ខាង​លោក​បាន​សម្រុក​ជួសជុល លើ​កន្លែង​បុក​ដាច់​ខូចខាត​ពី​កម្លាំង​ចរន្តទឹក​ទន្លេ​នេះ ប៉ែង​ខាង​ក្រុង​កំពង់ចាម​ចំនួន​ជាង ១០០ ម៉ែត្រ​រួចហើយ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ២៩ មករា​នេះ​កំពុង​ជួសជុល​បង្ហើយ ប៉ែក​ខាង​កោះ​ប៉ែន​ដែល​រង​ការខូចខាត​សរុប​ប្រវែង​ជិត ៣០០ ម៉ែត្រ គឺ​នៅ​រសៀល​ថ្ងៃនេះ​ភ្ញៀវ​អាច​អញ្ជើញ​ធ្វើដំណើរ កម្សាន្ត​ឆ្លងកាត់​ទៅកាន់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ដូច​ប្រក្រតី កាលពី​ប៉ុន្មាន​សប្តាហ៍​ដើមខែ​មករា​នេះ​បាន​ហើយ​។​

​លោក ដា​រ៉ា បាន​បន្តថា ចំណែក​ការងារ​ដែល​នៅ​សេសសល់​ដូចជា បង្កាន់ដៃស្ពាន និង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​សម្រាប់​ពេលយប់​តាម​បណ្តោយ​ស្ពាន​នោះ គឺ​ខាង​ក្រុមការងារ​យើង​ធ្វើជា​បណ្តើរៗ ហើយ​ភ្ញៀវ​ក៏​អាច​អញ្ជើញ​ឆ្លងកាត់​បាន​ធម្មតា មិន​ប៉ះពាល់​ទេ​។ ប៉ុន្តែ​អ្វីដែល​បារម្ភ គឺ​របប​ទឹកទន្លេ​មេគង្គ​អាច​ហក់​ជន់​ឡើង​មិន​ទៀងទាត់ ពី​ការ​បើកទឹក​ទំនប់​វា​រី​យ៍​អគ្គិសនី​ពី​សំណាក់​ប្រទេសជិតខាង​ប៉ែក​ខាងលើ នៃ​ទន្លេមេគង្គ និង​ទន្លេសេសាន ដោយ​មិនបាន​ជូនដំណឹង​ជាមុន​នោះ​។​

​គួររំលឹកថា ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ដែលមាន​ទំហំ​ទទឹង ២​ម៉ែត្រ និង​បណ្តោយ​ប្រវែង ៨០០​ម៉ែត្រ​សាងសង់​ចេញពី​កំពង់​ដើម​ពោធិ មុខ​វត្ត​ដីដុះ ក្រុង​កំពង់ចាម ទៅកាន់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​ចំ ណាយ​ថវិកា​អស់​ជិត បី​ម៉ឺន ដុល្លារ​អាមេរិក​នោះ គឺ​ទើបតែ​បើក​ឲ្យ​ដំណើរការ​ទទួលភ្ញៀវ​ឆ្លងកាត់​បាន​ប្រហែល​បី​សប្តាហ៍ គឺ​ត្រូវ​ចរន្ត​ទឹកជំនន់​ខុសរដូវ​របស់​ទន្លេមេគង្គ​ជន់​លិច និង​ហូរ​បុក​បំផ្លាញ​អស់​រាប់រយ​ម៉ែត្រ​។ ដោយ​បង្ខំ​ឲ្យ​ម្ចាស់​ស្ពាន​បាន​បិទ​ការឆ្លងកាត់​របស់​ភ្ញៀវ​មួយរយ​: ដើម្បី​ដំណើរការ​ជួសជុល រហូត​បាន​បើកទទួល​ភ្ញៀវ​ឲ្យ​ឆ្លងកាត់​ដូច​ធម្មតា​នៅ​ថ្ងៃទី ២៩ មករា​នេះ​៕ ល​