ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ នៅ​ទទួលភ្ញៀវ​ពី​គ្រប់ទិសទី​មកលេង​កំសាន្ត​ហូរហែ

372
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្ពានឈើ​ថ្មើរជើង​ដែល​វែង​ជាងគេ​នៅ​កម្ពុជា ដែល​ប្រសិទ្ធ​នាម​ថា “​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​” ប្រវែង​៨០០​ម៉ែត្រ ទទឹង​២​ម៉ែត្រ ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មកទល់​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩ បាន​នៅ​ទទួលភ្ញៀវ​ជាតិ និង​បរទេស​ជាច្រើន​មកពី​គ្រប់ទិសទី​ទៅ​ទស្សនា​។

​ភ្ញៀវ​ជាតិ​មកពី​ក្នុង​ឃុំ​បន្ទាយឆ្មារ មកពី​ភូមិ​ឃុំ​នានា ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ក្រៅ​នានា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៦​ខែកញ្ញា​ថា ពួកគេ​ខ្លះ​បានមក​ទស្សនា​ស្ពានឈើ​នេះ ក៏​ដូច​បារាយណ៍ និង​ប្រាសាទ​មេបុណ្យ​៣-៤​លើក​ហើយ តែ​នៅ​មិន​អស់ចិត្ត​។ ហេតុនេះ បានជា​ឲ្យ​តែ​ទំនេរ​ពី​ធ្វើការ និង​ប្រកប​របរ​រកស៊ី ក៏​មកលេង​ស្ពាន​នេះ​ទៀត​។ មកលេង គឺ​បាន​ស្រស់ស្រាយ​ល្ហែល្ហើយ​ក្នុង​ចិត្ត និង​មាន​ក្តី​សុខ​ក្នុង​គ្រួសារ​។​

​ចំណែក​ភ្ញៀវ​ជាតិ​ដែល​ទើប​មក​ទស្សនា​ជា​លើក​ទី​១​វិញ បាន​និយាយ​ដែរ​ថា ស្ពានឈើ​ដ៏​វែង​ជាងគេ​នេះ បាន​ល្បីឈ្មោះ​តាម​គេ​ប្រាប់​តាម​សារព័ត៌មាន តាម​បណ្តាញ​សង្គម​។ ដូច្នេះ បើ​មិន​បានមក​ទស្សនា​ផ្ទាល់ ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់​។​

​លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ឲ្យ​ដឹងថា ជា​មធ្យម​ភ្ញៀវ​មក​ទស្សនា “​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​” មាន​ពី​១,០០០​ទៅ​៣,០០០​នាក់​ក្នុង​១​ថ្ងៃៗ​។ ហើយ​វា​កើនឡើង​ពី ៤,០០០​ទៅ​៥,០០០​នាក់​ក្នុង​១​ថ្ងៃៗ នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​តាំង​ពីមុន ពេល​កំពុង​និង​ក្រោយ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស​ស្ពាន​នេះ កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩៕