ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ សាងសង់​បាន​៥២​ភាគរយ​ហើយ

580
ចែករម្លែក
  • 15
    Shares

ដោយ:សុផល​/ភ្នំពេញ ៖ ស្ពាន​មិត្តភាព​ក​ម្ព​ជា​-​ចិន ស្ទឹងត្រង់​ក្រូចឆ្មារ ដែល​បាន​បើក​ការសង​សង់​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​នោះ ឥឡូវ​សាងសង់​បាន​៥២​ភាគរយ​ហើយ​។​នេះ​បើ​យោងតាម​ក្រសួង​សា​ធាណ​ការ​និង​ដឹកជញ្ជូន​។​
​ ​

ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១ ម​និង ទទឹង​១៣,៥០​ម ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក គ្រោង ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួមជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ដោះស្រាយ ផលប៉ះពាល់ និង​បោសសំអាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ ដែលមាន​ទីតាំង​ឋិត​នៅត្រង់ចំណុច​ភូមិ​បឹង​ដែង ឃុំ ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​គម្រោង​ស្ពាន​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេក​ទេស ក្វាង​ចូ​វ​វ៉ាន​អាន​។ តាម​គ្រោងការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន​៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច អាច ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​បាន​តាមរ​យៈ​ការ​ជិះ​ទូកដ ឬ​សាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល ពួកគាត់​តែងតែ​ជួប​នូវ​ការលំបាក គ្រោះថ្នាក់ និង​មិនសូវមាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន ធ្លាប់​បាន​​​មានប្រសាសន៍ថា​ ​ស្ពាន​នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ មួយ​យ៉ាងសំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស​។​

​គួររម្លឹកថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន ឆ្លងកាត់ ទន្លេមេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​៕B/