ស្ពាន​អាកាស​ក្បាលថ្នល់​សាងសង់​បត់​ឆ្វេង​១​ខ្សែ​ទៀត​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ធ្នូ​

335
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ទៀត នៅជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ សម្រាប់​រំដោះ​ចរាចរណ៍​នៅលើ​ស្ពាន​ក្បាល​អាកាស​ក្បាលថ្នល់ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស និង​ផ្លូវ​ព្រះ​នរោត្តម​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា ២០១៩​នេះ​ថា ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះមុនីវង្ស​ទៅ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧ ម៉ែត្រ​ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់​និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ​។ ស្ពាន​នេះ​មាន​ទទឹង ៧,៥​ម៉ែត្រ​ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​៖ គម្រោង​សាងសង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ខណៈដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិនទាន់បាន​ល្អប្រសើរ​នូវឡើយ​នោះ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦ កន្លែង​ហើយ គឺ ស្ពាន​អាកាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​នេះ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុ​ប ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ​នៅ​រង្វង់​មូល​ចោមចៅ ដែល​ស្ពាន​អាកាស​ស្ពាន​អាកាស​ចោមចៅ បាននិងកំពុង​បើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង​៕ ល​