ស្ពាន​អាកាស​ទី​៥​ស្តុ​ប​ផ្សារ​ដី​ហុយ​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ​​នេះ​

1488
ចែករម្លែក

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ស្ពាន​អាកាស​ទី​៥​ស្តុ​ប​ផ្សារ​ដី​ហុយ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ​គិត​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​បានសម្រេច​បាន​៦២​ភាគរយ​ហើយគ្រោង​នឹង​បញ្ចប់​ការស្ថាបនា​នៅ​ខែធ្នូ ឆ្នាំ​នេះ។ស្ពាននេះ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ចុងខែ​សីហា​២០១៦​។

​ពេលនេះ​អ្នកជំនាញ​បាន​លើក​បំពាក់​ធ្នឹម​លើ​តួ​ស្ពាន​ផ្នែក​ខាង​​កើត​រួចជាស្រេច​។ចំណែក​ជើង​សរសរ​ស្ពាន​បាន​ក៏បាន​ស្ថាបនា​រួចហើយ​ដែរ​។​
​ ​
​មន្ត្រី​ជំនាញ​បានឱ្យដឹង​ទៀតថា ស្ពាន​អាកាស​ទី​៥​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​នេះ​មាន​បណ្តោយ​៩០៥​ម៉ែត្រ​និង​ទទឹង​១៦,៥​ម៉ែត្រ។ពេលនេះ​ក្រុមការងារ​កំពុងតែ​មមាញឹក ទៅតាម​ផ្នែក​នីមួយៗ​ដើម្បី​ជំរុញ ឱ្យបាន​ចប់​រួចរាល់​នៅ​ខែធ្នូ​ខាងមុខ​។​
​ ​
​គួរ​បញ្ជាក់ដែរថា​ បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​​មានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ និង​ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ​។​
​ ​
​តាម​ការគ្រោង​នៅពេល​ខាងមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សង់ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​និង​កំពុង​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស​ក្បាលថ្នល់​។​​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ក្បាលថ្នល់​សម្រេចបាន​ប្រមាណ​១០​ភាគរយ​៕MNដោយ៖រ៉ាម៉ន

ការងារ​នៅក្នុង​ការដ្ឋាន​ទាំងមូល​បានសម្រេច​បាន​៦២​ភាគរយ​