ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ​ មកដល់ពេល​នេះ​ក្រុមការងារ​បាននិងកំពុង​សម្រុក​ជីក​ផ្លូវ​ក្រោម​ដី​

295
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​:ភ្នំពេញ​៖ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ មកដល់ពេលនេះ ការស្ថាបនា​សម្រេចបាន​ប្រមាណ​ជា​៣០​ភាគរយ​ហើយ ដោយ​ក្រុមការងារ បាននិងកំពុង​ជីក​អាង​ក្រោម​ដី​ចំនួន​២ រួម​ជាមួយនិង​ការជីក​ធ្វើ​ផ្លូវ​ក្រោម​ដី​យ៉ាង​មមាញឹក​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​វ​ទី​២៧ ខែសីហា​នេះ​ថា ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ បើ​គិត​មកដល់​ថ្ងៃទី​២៧ សីហា ២០១៩​នេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន​ប្រមាណ​ជា​៣០​ភាគរយ​ហើយ ក្នុងនោះ​ក្រុមការងារ បាននិងកំពុង​ជីក​អាង​ក្រោម​ដី​ចំនួន​២​កន្លែង ដែល​អាង​ក្រោម​ដី​ទីមួយ​ត្រូវបាន​ជីក​រួចរាល់ និង​ក្រោម​ដី​មួយទៀត​បាន​នឹង​កំពុង​ការជីក ។ ក្នុងនោះដែរ ការ​សម្រុក​ទៅលើ​ការងារ​ជីក​ផ្លូវ​ក្រោម​ដី​ក៏​បាននិងកំពុង​មមាញឹក​បំផុត​ផងដែរ ដោយ​ក្រុមការងារ​បាន​អនុវត្ត​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ជំរុញ​ឲ្យ​រួចរាល់​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក​។​

គួរ​បញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គំរោង​របស់​ជ​រដ្ឋាភិបាល​កម្ពុជា​តាមរយះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា​(OCIC)​ដោយ​ចាប់ដំណើរការ​សាងសង់​ក្នុង​រយៈពេល​៣០​ខែ​និង​ចំណាយ​ថវិការ​សាងសង់​ចំនួន​២២​លាន​ដុល្លា​អាមេរិក​។ ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ការ​រ​សាងសង់​នេះ​គឺ​ត្រូវបាន​បែងចែក​ជា​៣​ផ្នែក​គឺ ស្ពាន​ទី​១ ជា​ស្ពាន​អាកាស​មេ​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ដែលមាន​ចរាចរ​ពីរ​គន្លង​ទៅនឹង​ពីរ​គន្លង​មក​ជម្រាល​ស្ពាន​៤,៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន​៥,៥​ម៉ែត្រ​។​
ស្ពាន​ទី​២ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ​និង​ផ្លូវ​លើដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។​

ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​

ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស​​ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។​

ស្ពាន​នឹងមាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផងដរ​៕Ha