ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​បើក​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១០​ឧសភា​នេះ​

1356
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​និង​ជា​អំណោយ​របស់​ប្រទេស​ចិន​នឹងត្រូវ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​១០​ឧសភា​នេះ​គឺ​ក្រោយពី​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានធ្វើ​ពិធី​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ម្តង​កាលពីមុន​ចូលឆ្នាំថ្មី ហើយ​បាន​បិទ​ទៅវិញ​កាលពី​បំណាច់​ខាង​មេសា ២០១៨​នេះ​។​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៩​ឧសភា​នេះ​ថា​៖ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា​នេះ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ មួយ​ចំហៀង​ខាងជើង ទិសដៅ ភ្នំពេញ ចេញទៅ​ក្រៅ​ក្រុង​បាន​បើក​ឱ្យ​គណៈប្រតិភូ​ឆ្លងកាត់ ហើយក៏​បានឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តែម្តង​។ ចំណែកឯ​មួយ​ចំហៀង​ទៀត​ទិសដៅ​ចូល​ក្រុង​វិញ​នៅ​បិទ​នៅឡើយ​ដើម្បី​បង្ហើយ​ការងារ​ដែល​នៅ​សេសសល់​មួយចំនួន​។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១០​ឧសភា​នេះ​នឹង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឡើងវិញ​ទាំង​ទ្វេរ​ទិស​តែម្តង​។​
​លោក​ប្រធាន​បានបញ្ជាក់​ទៀតថា​៖​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​បានដាក់​ឱ្យធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​ក្រោយ​ចូលឆ្នាំថ្មី​គឺ​នៅ​ថ្ងៃទី​១៨ ខែមេសា ស្ពាន​នេះ​បិទ​ធ្វើចរាចរ​មួយ​ចំហៀង និង​បើក​ធ្វើចរាចរ​មួយ​ហៀ​ង លុះ​មកដល់​បំណាច់​ខែមេសា​២០១៨ បាន​បិទ​ធ្វើចរាចរ​ទាំងស្រុង​ដើម្បី​ទុក​ឱកាស​ឱ្យ​ក្រុមការងារ​បាន​បង្ហើយកា​រងារ​ដែល​នៅ​សេសសល់ មុននឹង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ខាងមុខនេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា​៖ ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ​និង ទទឹង​ប្រវែង​១៦.៥​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ​(១០១៩) ដែលជា​គម្រោង ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបាន​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន សៀង​ហៃ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ និង​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​នេះឯង ៕