ស្មា​ត​ផ្តល់​ថវិកា​៣៦​ម៉ឺន​ដុល្លារ​សម្រាប់​មូលនិធិ​ដល់​និស្សិត​លើ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​NIPTICT

299

(​ភ្នំពេញ​)៖ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (MPTC)​ក្នុងការ​អភិវឌ្ឍ​​ន៍​វិស័យ ICT និង​សេដ្ឋកិច្ច​ឌីជីថល​របស់​របស់​ជាតិ ក្រុមហ៊ុន​ស្មា​ត​បានផ្តល់​ថវិកា​ចំនួន​៣៦​ម៉ឺន​ដុល្លារ សម្រាប់​អាហារូបករណ៍​ចំនួន​៣០​កន្លែង ដែលជា​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​៣​ឆ្នាំ ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍​បច្ចេក​វិទ្យា​គម​​នាគ​មន៍ និង​ព័ត៌មាន (NIPTICT)​។​

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា និង​វិទ្យាស្ថាន​ជាតិ NIPTICT
​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា​និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​។​

​លោក រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានឃើញ​នូវ​សមិទ្ធផល​ថ្មី​នេះ​ដែល​កើតចេញពី​ភាគី​ទាំងពីរ​។ ក្រុមហ៊ុន​ស្មា​ត តែងតែ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ខ្លាំងខ្លា​មួយ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​តាមរយៈ​គំនិត​​ផ្តួចផ្តើម​ជាច្រើន​ក្នុង​វិស័យ ICT ។ តាមរយៈ​កិច្ចសហការ​ថ្មី​មួយ​នេះ យើង​នឹង​បន្ត​អភិវឌ្ឍ​យុវជន​ដែលមាន​ទេពកោសល្យ​និង​អ្នកជំនាញ​​បន្ថែមទៀត ស្របទៅតាម​ចក្ខុវិស័យ ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០”​។​

​អាហារូបករណ៍​ចំនួន ១០​កន្លែង ដែល​ត្រៀម​សម្រាប់​និស្សិត​ប្រឡង​យក​នេះ គឺ​ស្ថិត​ក្នុងចំណោម​អាហារូបករណ៍​ចំនួន​សរុប ២០​កន្លែង ក្រោម​កម្មវិធី​អាហារូបករណ៍ SmartEdu នា​ឆ្នាំនេះ ដែល​កម្មវិធី​នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។ ការផ្ដល់ជូន​អាហារូបករណ៍​ពិសេស​សម្រាប់​ជំនាញ ICT ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំនេះ ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងការ​ពង្រឹង​ជំនាញ ICT នៅ​កម្ពុជា​។​

​កម្មវិធី​អាហារូបករណ៍ SmartEdu បាន​ចាប់​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ដើម្បី​ជួយ​សម្រួល​ជាពិសេស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​។ ក្រៅពី​ការឧបត្ថម្ភ​លើ​ថ្លៃ​សិក្សា​ប្រចាំឆ្នាំ ក្រុមហ៊ុន​ស្មា​ត ថែមទាំង​ផ្តល់​ជា​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ សម្រាប់​រយៈពេល​ទាំង​មូលនៃ​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​របស់​ពួកគេ ដែល​សរុប​រួម គឺមាន​ទំហំ​ទឹកប្រាក់​រហូតដល់​១៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​និស្សិត​អាហារូបករណ៍​ម្នាក់​។ អ្នកដាក់ពាក្យសុំ​អាហារូបករណ៍ SmartEdu គឺ​ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ​ជា​និស្សិត​ដែល​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​យ៉ាងហោចណាស់​ទទួលបាន​និទ្ទេស B ពី​ការប្រលង​ទុតិយភូមិ​កាលពីពេល​ថ្មីៗ និង​មានការ​ព្រមព្រៀង​បន្ត​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ នៅតាម​សកល​វិទ្យាល័យ​រដ្ឋ​នានា រួមបញ្ចូល​ទាំង​វិទ្យាស្ថាន​ជាតិ NIPTICT ផង​៕​ដោយៈ មុនី​រ័ត្ន​