ស្មា​ត​ហ្វូ​ន Pixel 3 របស់ Google ខ្លាំង​មែន អាច​ឆ្លើយ​ទូរស័ព្ទ​ជំនួស​ម្ចាស់​បាន ជាពិសេស​លេខ​ទូរស័ព្ទ​ដ៏​រំខាន​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍

495

​ក្រុមហ៊ុន Google បាន​សន្យា​ដល់​អ្នកប្រើប្រាស់​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​បំផុត​របស់ខ្លួន​នឹង​ជួយ​ឆ្លើយតប​ជំនួស​សម្រាប់​ការ​តេ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​គួរឱ្យ​រំខាន​នៅ​ប្រទេស​អូស្ត្រាលី​។​

​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​យក្ស​សកលលោក​មួយ​នេះ​បានធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ដ៏​មាន​ទំនុកចិត្ត​បែបនេះ​នៅក្នុង​ទីក្រុង​ញូវយ៉ក​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការចេញលក់​ទូរស័ព្ទ Pixel 3 របស់ខ្លួន​កាលពី​នៅ​ថ្ងៃ​អង្គារ ទី​៩ តុលា​។​

​ទូរស័ព្ទ Pixel 3 មាន​លក្ខណៈពិសេស​ថ្មី​មួយ​ហៅថា Call Screen ដែល​អាច​ក្លាយជា​អ្នក​ផ្លាស់ប្តូរ​មុខមាត់​ដ៏​មាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន​។​

​វា​នឹង​ដំណើរការ​ដោយ​គ្រាន់តែ​ចុច​លើ icon សម្រាប់​កម្មវិធី Call Screen នៅពេល​លេខ​ចម្លែក​ឬ​មិនដែល​ស្គាល់ តេ​ចូលមក​។​

​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ប្រកាសថា អ្នកទទួល​ទូរស័ព្ទ កំពុង​ប្រើ​សេវា Google Screening ហើយ​វា​នឹង​ណែនាំ​ឱ្យ​អ្នក​ហៅ​ទូរស័ព្ទ​នោះ​ប្រាប់​ពី​ឈ្មោះ​របស់​ពួកគេ​ព្រមទាំង​មូលហេតុ​នៃ​ការ​តេ​របស់​ពួកគេ​។​

​បន្ទាប់មក ម្ចាស់​ស្មា​ត​ហ្វូ​ន​អាច​ជ្រើស​ដើម្បី​ឆ្លើយតប ឬ រាយការណ៍​វា​ជា​សារ​ឥត​បានការ (Spam)​។​

​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ហាដវែ​របស់​ក្រុមហ៊ុន Google លោក រីក អូ​ស្ទើ​ឡូ បាន​និយាយ​នៅឯ​ពិធី​ដាក់​បង្ហាញ​ទូរស័ព្ទ​ថ្មី​នៅ​ទីក្រុង​ញូវយ៉ក​ថា “​យើង​យកចិត្តទុកដាក់​ណាស់​ចំពោះ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​របស់​យើង​។ ជាមួយ​ទូរស័ព្ទ Pixel 3 យើង​បាន​បង្កើត​ទូរស័ព្ទ​ដំបូង​ដែល​អាចឆ្លើយតប​ការ​តេ​ទូរស័ព្ទ​បាន​”៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Pixel 3 មាន​លក្ខណៈពិសេស​ថ្មី​មួយ​ហៅថា Call Screen ដែល​ជួយ​ឆ្លើយ​ទូរស័ព្ទ​ជំនួស​ម្ចាស់